ជាតិ
ភ្នំពេញ នឹងមានផ្លូវថ្មើរជើងទំហំ៥៧ហិកតា មុនដាច់ឆ្នាំ២០២៤នេះ រូបពីហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ
× រដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំផ្លូវថ្មើរជើង លើផ្ទៃដី៥៧ហិកតា ក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ នៅដើមខែឧសភានេះ។ ផ្លូវថ្មើរជើង នឹងត្រូវបែងចែកជា៣តំបន់ផ្សេងៗគ្នា ដោយមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជា pub street ដើម្បីបម្រើដល់ការកម្សាន្ត និងដើរទិញទំនិញនៅពេលយប់របស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗ តាម បណ្តាញតេឡេក្រាម នៅរសៀលថ្ងៃទី២៧ មេសានេះថា តាមគម្រោងផ្លូវថ្មើរជើងនេះ ត្រូវ រៀបចំឱ្យបានរួចរាល់ នៅដំណាច់ឆ្នាំ២០២៤នេះ ពោលគឺមុនចូលឆ្នាំសកល។
នៅក្នុងសារដែល លោក ម៉េត មាសភក្ដី ឆ្លើយតបមកកាន់សារព័ត៌មានថ្មីៗ ក៏មានសម្រង់ សម្តី របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញដែរ។ ក្នុងសារនោះ លោក សាំ ពិសិដ្ឋ បានបញ្ជាក់លម្អិតថា ផ្លូវថ្មើរជើងតំបន់ទី១ ជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ ដែលមានទីតាំងនៅមុខប្រៃសណីយ៍ មានព្រំប្រទល់ខាងជើង ផ្លូវ លេខ៩៤, ខាងត្បូង ផ្លូវលេខ១០៦, ខាងលិច ផ្លូវលេខ១៣ និងខាងកើត តីរវិថីព្រះស៊ីសុវត្ថិ ។
រូបទី១) រូបពីហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ
ផ្លូវថ្មើរជើងតំបន់ទី២ គឺជាតំបន់ Pub Street ដែលមានព្រំប្រទល់ខាងជើង ផ្លូវលេខ ១០៦, ខាងត្បូង ផ្លូវលេខ ១៨៤, ខាងលិច ផ្លូវលេខ១៣ និងខាងកើត តីរវិថីព្រះស៊ីសុវត្ថិ។ ចំណែកតំបន់ទី៣ ជាតំបន់ លំហែកាយ ដែលមានព្រំប្រទល់ខាងជើង ផ្លូវលេខ ១៨៤, ខាងត្បូង មហាវិថីព្រះសីហនុ, ខាងលិច ផ្លូវលេខ០៧ និងខាងកើត តីរវិថីព្រះស៊ីសុវត្ថិ។
រូបទី២. រូបពីហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ
លោក សាំ ពិសិដ្ឋ បន្ថែមដូច្នេះ៖ «តំបន់ទាំង៣នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឡើងឱ្យមានសោភ័នភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បារ និងជាកន្លែង pub street»។
បើតាមប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោយរៀបចំរួច តំបន់ ទាំង៣នេះ នឹងត្រូវដាក់ឱ្យបើកដំណើរការ ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់៕
Tag:
សង្គម
ផ្លូវ
ភ្នំពេញ
ផ្លូវថ្មើរជើង
សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com