ជាតិ
សង្គមជាតិ
CMAC រកឃើញ និងកម្ទេចចោលគ្រាប់មីនបានជាង ៤០០០គ្រាប់ ក្នុងត្រីមាសទី១ មន្ត្រីជំនាញរបស់CMAC កំពុងដោះមីន។ រូបថត៖ CMAC
× មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បោសសម្អាតផ្ទៃដីមីនបានជាង៥១គីឡូម៉ែត្រការ៉េ ក្នុងត្រីមាសទី១។ បើតាមរបាយការណ៍របស់CMAC នៅក្នុងផ្ទៃដីទាំងនេះ កម្លាំងជំនាញCMAC រុករកឃើញ និងកម្ចេចគ្រាប់មីនគ្រប់ប្រភេទបានចំនួន ៤ ០៩២គ្រាប់។
CMAC បានបញ្ជាក់នាថ្ងៃទី៣ឧសភាថា ក្នុងចំណោមគ្រាប់មីនខាងលើដែលកម្លាំងជំនាញរកឃើញចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ គឺមានមីនប្រឆាំងមនុស្ស ៤ ០៥៨គ្រាប់, មីនប្រឆាំងរថក្រោះមាន ៣០គ្រាប់ និងមីនកែច្នៃចំនួន ៤គ្រាប់។ ក្រៅពីនេះ CMAC ក៏រកឃើញ និងកម្ទេចចោលយុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាម (ERW) ចំនួន ៣០ ១៣១គ្រាប់ រួមទាំងគ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌផ្សេងៗទៀត។
រយៈពេលជាមួយគ្នានេះ CMACក៏បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីហានិភ័យនៃគ្រាប់មីនក្នុងខេត្តគោលដៅបានជាង៦០ម៉ឺននាក់ ផងដែរ។
កម្ពុជាបានប្រកាសជាបន្តបន្ទាប់ចំពោះរាជធានី-ខេត្តដែលអស់មីនបានចំនួន១៥ហើយ។ ក្នុងនោះមាន រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ កណ្តាល ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង តាកែវ កំពត មណ្ឌលគិរី កំពង់ស្ពឺ និងខេត្តក្រចេះ។ ក្រៅពីនេះ ក្រុមការងារជំនាញរបស់អង្គភាពCMAC កំពុងបោសសម្អាតគ្រាប់មីន នៅក្នុងខេត្តសៀមរាប រតនគិរី បាត់ដំបង កោះកុង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និងខេត្តព្រះវិហារ ឱ្យអស់នៅត្រឹមឆ្នាំ២០២៥។
បើតាមលោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កម្ពុជានៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១ ៨៥៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ១,១ លាននាក់ កំពុងបន្តរស់នៅក្នុងតំបន់ដែលសង្ស័យមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ។ ក្នុងពិធីប្រកាសខេត្តក្រចេះជាខេត្តអស់មីនទី១៥ កាលថ្ងៃទី ២៦មីនា ឆ្នាំ២០២៤ លោក លី ធុជបានអះអាងដូច្នេះ៖ « ក្នុងនាមជាអាជ្ញាធរមីន ដែលសេនាធិការឱ្យរាជរដ្ឋាភិបាល នឹងបន្តគ្រប់គ្រង ដឹកនាំ និងខិតខំសហការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីជំរុញអនុវត្តការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ឱ្យអស់ពីទឹកដីកម្ពុជានាពេលអនាគត»។
ទន្ទឹមនឹងការជំរុញការងារបោសសម្អាតមីនហើយនោះ អាជ្ញាធរមីនក៏នឹងជំរុញការងារអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតាមសហគមន៍របស់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ ផងដែរ។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីន រយៈពេលជាង ៣០ឆ្នាំមកនេះ ពោលចាប់ពីឆ្នាំ ១៩៩២ រហូតដល់២០២៣ កម្ពុជាបានរំដោះផ្ទៃដីដែលគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបាន ៣ ០២៤ គីឡូម៉ែត្រការ៉េ។ ក្នុងនោះបានរកឃើញគ្រាប់ជាង ៤ លានគ្រាប់ និងមានប្រជាពលរដ្ឋប្រមាណ ១១ លាននាក់ បានទទួលផលពីការងារបោសសម្អាតមីន៕
© រក្សាសិទ្ធិដោយ thmeythmey.com