កីឡាជាតិ
ជាតិ
គ្រូភ្នំពេញក្រោន ភ្ញាក់ផ្អើល នឹងលទ្ធផលឈ្នះបឹងកេត ៥-០
09, May 2024 , 3:04 pm        
រូបភាព
ការប្រកួតរវាង ភ្នំពេញក្រោន និងបឹងកេត នៅពហុកីឡដ្ឋានជាតិអូឡាំពិក រូបពី Cambodian Premier League
ការប្រកួតរវាង ភ្នំពេញក្រោន និងបឹងកេត នៅពហុកីឡដ្ឋានជាតិអូឡាំពិក រូបពី Cambodian Premier League
បឹងកេត ចាញ់ភ្នំពេញក្រោន យ៉ាងដំណំ ក្នុងប្រកួតពានរង្វាន់ Cambodian Premier League សប្ដាហ៍ទី២៩ ក្នុងលទ្ធផល ៥-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈ វិសាខា ចាញ់ ព្រះខ័នរាជស្វាយរៀង ៥-១ នៅកីឡដ្ឋានខេត្តស្វាយរៀង នៅថ្ងៃទី៨ ខែឧសភា។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ចាត់ទុកលទ្ធផល នេះលើសពីការរំពឹងទុក ព្រោះរូបលោក គ្រាន់តែផ្ដោតលើការលេងឲ្យបានល្អរបស់កីឡាករប៉ុណ្ណោះ។



៥គ្រាប់របស់ភ្នំពេញក្រោន រកបានដោយកីឡាករ Shimizu Shintaro ១គ្រាប់ នៅនាទី៦, លឹម ពិសុទ្ធ ២គ្រាប់ នៅនាទី៤៣ និងនាទី៨៨, ឡុង ភារ៉ាត់ ១គ្រាប់ នាទី៨២ និង កីឡាករ ប្រាក់ ធី វ៉ា ១គ្រាប់ នៅនាទី៩០។
 
លោក Oleg Starynskyi មិននឹកស្មានថា កូនក្រុមរបស់ខ្លួន អាចរកបានគ្រាប់បាល់ច្រើនពីការប្រកួតនេះ ព្រោះរូបលោក គ្រាន់តែរំពឹងថា ការប្រកួតនាចុងរដូវកាលនេះ គឺគ្រាន់តែផ្ដល់ឱកាសឲ្យកីឡាករមួយចំនួន បានបង្ហាញសមត្ថភាព ហើយកីឡាករក្នុងក្រុម ព្យាយាមធ្វើឲ្យបានល្អ ប៉ុណ្ណោះ។
 
លោក Oleg Starynskyi បាននិយាយដូច្នេះថា៖«ខ្ញុំ មិនគិតថាបានលទ្ធផលច្រើនទេ។ ខ្ញុំ គ្រាន់តែប្រាប់កីឡាករទាំងអស់ឲ្យខំប្រឹងលេងនៅតង់ទី១ ហើយតង់ទី២ ទម្លាក់បន្ដិច ហើយខ្ញុំគ្រាន់តែចង់ឃើញពីគុណភាព នៃការលេងរបស់ក្រុមទាំងមូល ជុំវិញនៃការប្រកួតនេះ។»។ 
 
ក្នុងពេលទន្ទឹមគ្នានោះដែរ ព្រះខ័នរាជស្វាយរៀង បានឈ្នះ វិសាខា លទ្ធផល៥-១ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ៥គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Marcus Haber ១គ្រាប់ នៅនាទី១៩, មិន រតនៈ ១គ្រាប់ នៅនាទី២៦, កីឡាករ Bounphachan ១គ្រាប់ នៅនាទី៤១, ណារ៉ុង កក្កដា ១គ្រាប់ នៅនាទី៨១ និង ចេឡរ ឌឿន នីកូឡាស ១គ្រាប់ នៅនាទី៨៤។

ដោយលែក ១គ្រាប់វាយបករបស់វិសាខា រកបានដោយកីឡាករ Blasco Victor នៅនាទី៥៤៕

Tag:
 Cambodian Premier League
  Oleg Starynskyi
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com