Kane ធ្វើបានល្អបង្ហាញខ្លួនក្នុងនាមជាខ្សែប្រយុទ្ធ និងបានឈ្នះពានរង្វាន់ជាលក្ខណៈឯកត្តជន ដូចជាស្បែកជើងមាស ៣លើក ប្រចាំ Premier League។ ពេលដែលស្ថិតនៅ Spurs ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស ធ្លាប់បានជួយក្រុមធ្វើបានល្អដូចគ្នាដែរ កាលរដូវកាល ២០១៦-១៧ Spurs ឈរតំណែងលេង ២ នៅ Premier League ហើយរដូវកាល ២០១៨-១៩ Spurs ទទួលបានជើងឯករង UEFA Champions League ក្រោមការដឹកនាំរបស់លោក Mauricio Pochettino។
កាលពីឆ្នាំ ២០១៥ ទៀតសោត Spurs ឡើងវគ្គផ្តាច់ព្រ័ត្រ EFL Cup ប៉ុន្តែបានរងបរាជ័យក្រោមថ្វីជើង Chelsea លទ្ធផល ២-០ ហើយឆ្នាំ ២០២១ ពួកគេបានចាញ់ជាថ្មីក្រោមថ្វីជើង Manchester City លទ្ធផល ១-០។ កាលពីឆ្នាំ ២០២០ Kane បានជួយនាំអង់គ្លេសឡើងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ UEFA Euro 2020 ប៉ុន្តែអង់គ្លេស បានចាញ់ការប្រកួតក្រោមថ្វីជើងអ៊ីតាលី ក្នុងវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ក្រោយការប្រកួតស្មើលទ្ធផល ១-១។
ជួបរឿងរ៉ាវនៃការខកចិត្តជាច្រើនបែបនេះ បានជំរុញឱ្យ Kane សម្រេចចិត្តផ្លាស់ទៅកាន់ក្រុម Bayern Munich នោដើមរដូវកាល ២០២៣-២៤ ក្នុងតម្លៃខ្លួន ១០០លានអឺរ៉ូ (១០៧លានដុល្លារ)។ Kane ក៏ធ្លាប់បាននិយាយថាការផ្លាស់ទៅកាន់ក្រុមយក្សអាល្លឺម៉ង់ គឺដើម្បីកែប្រែវាសនា មិនឈ្នះពាននៅក្លិបចាស់ ដោយប្រែសំណាងខ្លួន ឈ្នះពានរង្វាន់ជាមួយ Bayern Munich។
មុន Kane មកដល់ Bayern ឈ្នះពានលីគ ១១លើកជាប់គ្នា ហើយពានរង្វាន់ DFB Pokal (German Cup) ៥លើក ចំណោមការប្រកួត ១១ឆ្នាំចុងក្រោយមកនេះ។ Bayern ក៏ឈ្នះពានរង្វាន់ UEFA Champions League ២លើកក្នុងរយៈពេល ១១ឆ្នាំចុងក្រោយ ក៏ដូចជាពានរង្វាន់ Club World Cup ថែមទៀត និងពាន UEFA Super Cup ២លើកដូចគ្នា។
មើលឃើញពីឥទ្ធិពលក្រុម Bayern Munich ដែលជាក្រុមមិនចេះរីងស្ងួត ចំពោះការឈ្នះពាន នៅពេលឈ្មោះ Kane ត្រូវបានប្រកាសជាកីឡាករក្រុមយក្សអាល្លឺម៉ង់ រូបគេផ្ទាល់ត្រូវបានអ្នកគាំទ្រគ្រប់គ្នារំពឹងថា កីឡាករអង់គ្លេសតែងជួបរឿងខកចិត្ត និងអាចកែប្រែវាសនាខ្លួន នារដូវកាលនេះ។ Kane រកបាន ៣៦គ្រាប់ ជាមួយនឹងបញ្ជូនបាល់ ៨គ្រាប់ ដល់មិត្តរួមក្រុម ចំពោះការបង្ហាញខ្លួនប្រកួត ៣២លើក នៅ Bundesliga។
Kane ឈ្នះស្បែកជើងមាសក្នុងរដូវកាលដំបូងរបស់គេជាមួយ Bayern Munich ប៉ុន្តែសោកស្តាយ ពានរង្វាន់ចំនួន ៤ នារដូវកាលនេះ របូតទាំងអស់។ Bayern របូតពានលីគកំពូល ដោយឈរនៅចំណាត់ថ្នាក់លេខ ២ ក្រោមក្រុមជើងឯក មានទម្រង់លេងត្រដែតខ្លាំង Bayer Leverkusen មានគម្លាតពិន្ទុដល់ទៅចំនួន ១៥ពិន្ទុ។
យ៉ាងណាក៏ដោយ ការបន្ទោសទៅលើ Kane តែមួយរូបក៏ជារឿងដែលមិនសមហេតុផល ដ្បិតក្រុម Bayern Munich ទៀតសោត ហាក់បីបាត់បង់ទម្រង់លេងរបស់ខ្លួន ចាប់តាំងពីពេលដែលលោក Thomas Tuchel បានចូលមកដឹកនាំនៅក្នុងរដូវកាលដំបូង។ នៅរដូវកាលក្រោយ លោក Thomas Tuchel ធ្លាប់បានប្រកាសកាលពីខែ កុម្ភៈ ថាលោកនឹងចាកចេញ ជាការបង្ហាញទំនួសខុសត្រូវ ចំពោះការធ្វើឱ្យក្លិបធ្លាក់ចុះទម្រង់លេង។
ការមិនឈ្នះពានអ្វីទាំងអស់ក្នុងរដូវកាល ២០២៣-២៤ ក្រុម Bayern Munich នឹងត្រូវកែតម្រូវប្រព័ន្ធគ្រប់គ្រងរបស់ក្លិបរូបទាំងគ្រូបង្វឹកបន្ថែមទៀត ដើម្បីកែប្រែស្ថានការអាក្រក់របស់ក្លិប ឱ្យវិលត្រឡប់មកល្អប្រសើរឡើងវិញ។ តើនៅរដូវកាលក្រោយ Kane នឹងអាចកែប្រែវាសនាខ្លួនបានទេ ក្នុងការឈ្នះពានរង្វាន់លើកដំបូងក្នុងអាជីព ដោយពឹងលើឱកាសនៅក្លិប Bayern Munich?