សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង ចង់បង្កើតក្រសួងមួយដោះស្រាយអត្រាកំណើតទាប
09, May 2024 , 7:59 pm        
រូបភាព
លោក yoon suk yeol ប្រធានាធិបតីកូរ៉េខាងត្បូង ។ រូបភាព ៖ Xinhua
លោក yoon suk yeol ប្រធានាធិបតីកូរ៉េខាងត្បូង ។ រូបភាព ៖ Xinhua
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល (Yoon Suk-yeol) បានប្រកាសផែនការបង្កើតក្រសួងថ្មីមួយ ដែលមានភារកិច្ចដោះស្រាយបញ្ហាអត្រាកំណើតទាបនៅក្នុងប្រទេស។

 
អត្រាកំណើតរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពីឆ្នាំមុន បើទោះបីជាប្រទេសនេះបានចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីព្យាយាមលើកទឹកចិត្តស្ត្រីឱ្យមានកូនកាន់តែច្រើន និងរក្សាស្ថិរភាពចំនួនប្រជាជនក៏ដោយ។
 
ដើម្បីដោះស្រាយបញ្ហាសំខាន់ រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងបង្កើតក្រសួងមួយតែម្ដង។ ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ប្រកាសផែនការក្នុងសុន្ទរកថាមួយដើម្បីរំឭកការកាន់អំណាច២ឆ្នាំ។
 
«ខ្ញុំស្នើឱ្យរដ្ឋសភាសម្របសម្រួលក្នុងការកែសម្រួលភ្នាក់ងាររដ្ឋាភិបាល ដើម្បីបង្កើតក្រសួងឆ្លើយតបអត្រាកំណើតទាប»។ ប្រធានាធិបតីកូរ៉េខាងត្បូងនិយាយនៅក្នុងសុន្ទរកថាថ្នាក់ជាតិនៅថ្ងៃទី៩ ខែឧសភា។ 
 
ប្រធានាធិបតីរូបនេះបន្តថា អត្រាកំណើតទាបរបស់កូរ៉េខាងត្បូងអាចចាត់ទុកថាជារឿងអាសន្នមួយសម្រាប់ជាតិ ហើយរដ្ឋាភិបាលនឹងប្រមូលធនធានទាំងអស់ដើម្បីដោះស្រាយបញ្ហានេះ។  នេះបើតាមសារព័ត៌មាន The Korea Herald ។ 
 
តាមសំណើរបស់លោក Yoon ថ្នាក់ដឹកនាំក្រសួងថ្មីនេះនឹងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាសង្គម និងអភិវឌ្ឍន៍គោលនយោបាយក្នុងវិស័យអប់រំ ការងារ និងសុខុមាលភាព។ គោលនយោបាយទាំងនេះនឹងត្រូវបានបញ្ចូលក្នុងរបៀបវារៈជាតិ។
 
កូរ៉េខាងត្បូង ជាប្រទេសដែលមានអាយុសង្ឃឹមរស់ជាមធ្យមខ្ពស់បំផុតនៅលើពិភពលោក ហើយក៏មានអត្រាកំណើតទាបបំផុតក្នុងពិភពលោកដែរ។ នេះបង្ហាញថា ប្រទេសនេះកំពុងប្រឈមមុខនឹងបញ្ហាប្រជាសាស្រ្ត។
 
អត្រាមានកូនសរុបរបស់កូរ៉េខាងត្បូង (ចំនួនកូនជាមធ្យមសម្រាប់ស្ត្រីម្នាក់) ក្នុងឆ្នាំ២០២៣ បានថយចុះមកត្រឹម ០,៧២ ធ្លាក់ចុះជិត ៨ភាគរយបើធៀបនឹងឆ្នាំ ២០២២។ នេះបើតាមទិន្នន័យពីការិយាល័យស្ថិតិកូរ៉េកាលពីខែកុម្ភៈ។
 
អត្រា ០,៧២នេះ គឺទាបជាងកម្រិតដែលបានលើកទឹកចិត្តនូវអត្រា ២,១ ជាចំនួនត្រូវការដើម្បីរក្សាចំនួនប្រជាជនបច្ចុប្បន្ន ៥១លាននាក់។ ក្នុងចំណោមក្រុមប្រទេសសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) កូរ៉េខាងត្បូង មានអត្រាកំណើតទាបបំផុត និងមានអាយុជាមធ្យមខ្ពស់បំផុតចំពោះការសម្រាលកូនសម្រាប់ស្ត្រីគឺ ៣៣,៦ ៕ 

Tag:
 កូរ៉េខាងត្បូង
  អត្រាកំណើត
© រក្សាសិទ្ធិដោយ thmeythmey.com