ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងយុត្តិធម៌៖ ការចាប់ខ្លួនប្រធានបក្សកម្លាំងជាតិ ដោយសារទម្លាក់កំហុសលើរដ្ឋាភិបាល
10, May 2024 , 2:24 pm        
រូបភាព
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា ការចាប់ខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ពាក់ព័ន្ធនឹងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺដោយសារបុគ្គលនេះ បានទម្លាក់កំហុសលើរដ្ឋាភិបាល លើករណីចែកប័ណ្ណក្រីក្រដល់ពលរដ្ឋ។

 
ក្នុងសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា លោក ចន្ធី បានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាល ថា ចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ ដោយមានការលម្អៀង និងរើសអើង។ អ្នកនាំពាក្យ ចាត់ទុកពាក្យសម្តីប្រធានបក្សកម្លាំងជាតិថា បានមួលបង្កាច់អំពីការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ 
 
«ការចាប់ខ្លួននេះត្រូវបានធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាការអនុវត្តច្បាប់ ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌជាធរមាន»។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ពន្យល់បែបនេះ ហើយអះអាងថា ការចាប់ខ្លួនឈ្មោះ ស៊ុន ចន្ធី គឺជាការអនុវត្តច្បាប់សុទ្ធសាធ ដោយផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ។ 
 
ការចាប់ខ្លួនដោយស្របតាមនីតិវិធីច្បាប់ ចំពោះបុគ្គលណាម្នាក់ ដែលប្រព្រឹត្តបទល្មើស គឺជារឿងធម្មតានៅក្នុងសង្គមនីតិរដ្ឋ ហើយការអនុវត្តច្បាប់នេះ ត្រូវធ្វើទៅលើបុគ្គលគ្រប់រូបដោយ ស្មើភាពគ្នា។ លើសពីនេះ មិនមានបុគ្គលណាម្នាក់ អាចជ្រកក្រោមស្លាកសិទ្ធិមនុស្ស, អង្គការសង្គមស៊ីវិល ឬគណបក្ស នយោបាយណាមួយ ដើម្បីរួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះបទល្មើសព្រហ្មទណ្ឌ ដែលខ្លួនបានប្រព្រឹត្តនោះទេ។ នេះជាការបកស្រាយរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ។ 
 
អ្នកនាំពាក្យ បន្តថា បុគ្គលគ្រប់រូបមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ ក្នុងការការពារខ្លួន តាមផ្លូវតុលាការ ដោយរួមទាំងសិទ្ធិក្នុងការពឹងពាក់មេធាវី។ 
 
ជុំវិញករណីនេះ គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៩ ឧសភា ដោយបង្ហាញការសោកស្ដាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឃាត់ខ្លួនលោក ស៊ុន ចន្ធី នេះ។ «គណបក្សកម្លាំងជាតិ ចាត់ទុកការចាប់ខ្លួនលោក ស៊ុន ចន្ធី គឺជាការគំរាមកំហែង បំភិតបំភ័យ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមកលើគណបក្សកម្លាំងជាតិ និងការជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។
 
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានពិនិត្យឃើញថា ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ដែលបានប្រើពាក្យថា «ថ្កោលទោស» ចំពោះការអនុវត្តច្បាប់ដោយស្ថាប័នមានសមត្ថកិច្ចបែបនេះ គឺមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ។ 
 
យ៉ាងណាក៏ដោយ ចំពោះការចាប់ខ្លួនប្រធាន បក្សកម្លាំងជាតិ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ យល់ថាការចាប់ខ្លួននេះ ជារឿងនយោបាយ ព្រោះការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាន់តែជិតមកដល់ ក្នុងចុងខែឧសភានេះ។ លោក រ៉ុង ឈុន ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទថា៖ «ស្ថានភាពនយោបាយនឹងកាន់តែធ្លាក់ចុះ នៅរាល់ពេលជិតដល់ការបោះឆ្នោត ហើយកម្ពុជានឹងបាត់បង់ប្រយោជន៍កាន់តែច្រើនទៀត ពីស្ថានភាពសិទ្ធមនុស្ស។ អ្នកដែលរងគ្រោះពីស្ថានភាពនេះ គឺពលរដ្ឋក្រីក្រ និងកម្មករ…»។ 
 
សូមជម្រាបថា សមត្ថកិច្ច បានឃាត់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ នៅព្រឹកថ្ងៃទី ៩ ឧសភា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយមេដឹកនាំនយោបាយរូបនេះ ទើបត្រឡប់មកពីក្រៅប្រទេសវិញ ។
 

Tag:
 បក្សកម្លាំងជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com