ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវវ័យ​ខ្លះ​ថា គ្មាន iPhone ក្នុង​ដៃ គឺ​មិន​ទាន់សម័យ
28, Feb 2016 , 2:30 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ហួសហើយ​សម័យ អិន​ចុច​ពិល ឬ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរីទាប។បច្ចេកវិទ្យា​កាន់តែ​ទំនើប​បានធ្វើឱ្យ​មនុស្ស​កាន់តែ​មានការ​ចំណាយ​ច្រើន​ដើម្បី​ដើរ​ឱ្យទាន់​សម័យកាល។ទូរ​សព្ទ​ដៃ iPhone Samsung Galaxy ឬ iPadជាដើម​នោះបាន​ក្លាយ​សម្ភារ​ដ៏​ពេញនិយម​សម្រាប់​យុវវ័យ​កម្ពុជា​នៅក្នុងពេល​បច្ចុប្បន្ននេះ។



ខណៈ​ក្រុមហ៊ុន Apple បានចេញ​លក់ iPhone 6និង iPhone 6 plus កាលពីពេលថ្មីៗកន្លងមកនេះ​គេ​សង្កេតឃើញ​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​មនុស្ស​គ្រប់​វ័យ​ជាពិសេស​គឺ​យុវវ័យ​កាលីបៗតែម្តង។

ការប្រើប្រាស់​របស់ទំនើប​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​សំ​ញ៉ែង​ភាពទាន់សម័យ​ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ​វា​ក៏​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ផងដែរ។ មនុស្ស​ភាគច្រើន​និយាយថា​មាន​របស់ទំនើប​ប្រើ ហាក់បីដូចជា​ពិភពលោក​ទាំងមូល​ស្ថិតនៅក្នុង​ដៃ។ដោយឡែក​មនុស្ស​មួយចំនួនទៀត​មិនបាន​ប្រើប្រាស់​សម្ភារទំនើបៗទាំងនោះ​ឱ្យអស់​លទ្ធភាព​នោះទេ​ពួកគេ​ទិញ​ប្រើ​តាម​គ្នា ដើម្បី​បង្អួត​មិត្តភក្តិ​លេង​ហ្គេម​កម្សាន្ត និង​លេង​ហ្វេ​ស​ប៊ុ​ក​តែប៉ុណ្ណោះ។

អ្នក​សម្បូរ​ធនធាន​មួយចំនួន ហ៊ាន​ចំណាយធនធាន​យ៉ាងច្រើន​ដើម្បី​ប្រើ​ទូរ​សព្ទ​ដៃទំនើបៗ ពីរ​បី​ម្នាក់ឯង ដោយ​គិតថា​សម្ភារ​ទាំងនោះ​ហើយ​ដែល​ធ្វើឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ទាន់សម័យ​និង​អាច​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នក​ដែល​នៅ​ជុំវិញខ្លួន​ផងដែរ។

កំពុង​អង្គុយ​រង់ចាំ​មិត្ត​ភក្តិ​នៅក្នុង​ហាង​កាហ្វេ​មួយកន្លែង យុវជន ចាន់​រតនា ដាក់​ទូរសព្ទ iPhone ពីរ គ្រឿង​នៅ​តុ ហើយ​ដក iPad mini មួយគ្រឿង​ទៀត​យកមក​លេង​ហ្គេម។ លោក រតនា បាន​ឲ្យ​ដឹងថា ៖ « សម័យនេះ​ទៅហើយ​បើ​យើង​មិនមាន​ពួកវា​ទេ​ច្បាស់​ជា​ចាញ់​គេ​ហើយ​មិនទាន់​សម័យ​ទេ មិត្ត​ភក្តិ​ខ្ញុំ គេ​សុទ្ធតែ​ប្រើ​គ្រប់គ្នា។ ប៉ា ម៉ាក់​របស់ខ្ញុំ​ក៏​គាត់​មាន​ម្នាក់​មួយ​ដែរ​ទុក​គ្រាន់​លេង​ហ្គែ​ម​កម្សាន្តពេល​អផ្សុក»។

អ្នក​មួយចំនួន​ចូលចិត្ត​សំ​ញ៉ែង​សម្ភារ​ទំនើប នៅតាម​ទីសាធារណៈ​ជាជាង​ទុក​វា​ស្ងា​ម​នៅក្នុង​ហោប៉ៅ ឬ​ក្នុង​កាបូប។ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍ យុវជន​វ័យ២៨ឆ្នាំ​ដែល​តែង​ទៅ​អង្គុយ​នៅ​ម៉ា​ត(ផ្សារ​តូច)រៀងរាល់​ល្ងាច លោក មាស សេង បាន​លើកឡើងថា៖«ខ្ញុំ​ចូលចិត្ត​អង្គុយលេង​ហ្គេម​នៅ​ម៉ា​ត ជាង​នៅផ្ទះ​បានមក​ទីនេះ​មើល​គេឯង​បណ្តើរ លេង​ហ្គែ​ម​បណ្តើរ ខ្ញុំ​មើល​គេ គេ​មើល​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ម្យ៉ាងដែរ​ខ្ញុំ​លេង​រហូតដល់​ទូរ​សព្ទ​អស់​ថ្ម​ទើប​ឈប់»។

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លោក សេង យុវជន​មួយក្រុម​ទៀត​កំពុង​អង្គុយ​ជុំវិញ​តុ​មួយ អ្នកខ្លះ​កាន់​ទូរ​សព្ទ អ្នកខ្លះ​ទៀត​កាន់​iPadពួកគេ​តែង​បន្លឺសំឡេង​សើចខ្លាំងៗ ឬ​ពាក្យសម្តី​លែបខាយ ខណៈ​មាននារីៗធ្វើដំណើរ​ឆ្លងកាត់។

ចំណែក​អ្នក​ដែល​មិនសូវមាន​ធនធាន​ឯណោះ​វិញ​ក៏​ខិតខំ​ត្បិតត្បៀត​លុយកាក់​ដើម្បី​សន្សំ​ទិញ ទូរ​សព្ទ​ទំនើប​នឹង​គេ​ផងដែរ​ព្រោះ​ខ្លាច​មិនទាន់​សម័យ។យុវជន ហេង វុទ្ធី ខំ​សន្សំ​ប្រាក់​រាប់​ខែ​ទម្រាំ​ដាច់ចិត្ត​ទិញ​ទូរ​សព្ទ iPhone ស៊េរី​ថ្មី។និស្សិត​វ័យ២៣ឆ្នាំ​រូបនេះ​បានឱ្យដឹងថា៖«ខ្ញុំ​ទិញ​វា​ដើម្បី​ងាយស្រួល​ស្រាវជ្រាវ​មេរៀន និង​តាមដាន​ព័ត៌មាន»។វុទ្ធី បន្ថែមទៀតថា៖«មាន​វា​កាលី​ប​ម្យ៉ាងដែរ​ទៅណា​មក​ណា​រៀង​ចុះ​ចំណោម​គេ   ពេល​ខ្ញុំ​ដក​វា​ចេញពី​ហោប៉ៅម្តងៗមិត្តស្រីៗរៀន​ជាមួយគ្នា ដៀង​កន្ទុយភ្នែក​លួច​មើល​ផងដែរ»។

ក្រៅពី​ស្តាប់​ចំរៀង ថតរូប និង​លេង​ហ្វេ​ស​ប៊ុ​ក លោក សុខ ដា​រ៉ា​ជា​បុគ្គលិក​ក្នុង​សណ្ឋាគារ​ម្នាក់ បាន​និយាយ​យ៉ាងខ្លី​ថា៖«ខ្ញុំ​ទិញ​iPadមួយ​នេះ​ទុក​គ្រាន់​លេង​ហ្គេម​និង​ចង់​ឱ្យគេ​ដឹងថា​ខ្ញុំ​ធ្លាប់បាន​ប្រើ​វា​តែ​ប៉ុណ្ណឹង»។

ដោយ​ឃើញ​មិត្តភក្តិ​ជាច្រើន​ប្រើ​iPhone គ្រប់គ្នា​អស់​ទៅហើយនោះ​យុវ​វ​តី​មួយចំនួន​ក៏​រួសរាន់​ដូរ​ឡើង​ស៊េរី​ទូរ​សព្ទ​ថ្មី​ផងដែរ​ដើម្បី​ដើរ​ឱ្យទាន់​គេ។ យុវតី​មួយចំនួន​ចូលចិត្ត​កាន់​ទូរ​សព្ទ​ត្រួតគ្នា​ពីរ​បី​នៅជាប់​នឹង​ដៃ​ជាជាង​ដាក់​នៅក្នុង​កាបូប។

ទើបតែ​ធ្វើដំណើរ​ចុះ​ពី​រថយន្ត​ទំនើប​សំដៅ​ចូល​ទិញ​កាហ្វេ​នៅ​ម៉ា​ត​មួយកន្លែង​ដៃ​ម្ខាង​ស្បាយ​កាបូប ដៃ​ម្ខាង​កាន់​ទូរ​សព្ទ iPhone ពីរ​គ្រឿង​ត្រួតគ្នា កញ្ញា រដ្ឋា​វ័យ២០ឆ្នាំ ជា​និស្សិត បាន​លើកឡើងថា៖«បើ​ទិញ​វា​មក​ដាក់​នៅក្នុង​កាបូ​បដ​ដែល​គ្មាន​ន័យ​អ្វី​នោះទេ។  មិត្តភក្តិ​តែង​សរសើរ​ថា​ឡូយ ស័​ក្ត​សម​នឹង សំពត់​ខ្លី​ស្បែកជើងកែងចោទ របស់ខ្ញុំ​ណាស់។ សូម្បីបុរសៗដែល​អង្គុយ​នៅ​តុ​ខាងក្រៅ​ក៏​មើល​មិន​ដាក់​ភ្នែក​ដែរ»។

ជា​និស្សិត​ឆ្នាំ​ទី៤ ហើយក៏​ជា​អ្នក​ទាន់សម័យ​ម្នាក់​ដែរនោះ កញ្ញា សុខ លីម​បានឱ្យដឹងថា៖«ទូរ​សព្ទ​ដែល​ខ្ញុំ​ប្រើ​មាន​តំលៃ​ជិត១ពាន់​ដុល្លារ​ទោះបី​វា​ថ្លៃ​បន្តិច​មែន តែ​ខ្ញុំ​មិន​ស្តាយ​ទេ​ព្រោះ​វា​ផ្តល់​អត្ថប្រយោជន៍​ច្រើន។ខ្ញុំ​អាច​ស្វែងរក​មេរៀន​តាម​អ៊ី​ន​ធឺ​ណែ​ត អាច​មើល​ទូរទស្សន៍​អាច​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​បាន​យ៉ាង​ងាយ។ មិនតែប៉ុណ្ណោះ​ពេល​ខ្ញុំ​លើក​និយាយម្តងៗ គេ​ថា​សក្តិសម​នឹង​ខ្ញុំ​ណាស់»។

លោក​សុផល ជា​បុគ្គលិក​មន្ត្រីរាជការ​ម្នាក់ ក៏បាន​ឱ្យដឹង​ផងដែរ​ថា​សម័យ​បច្ចុប្បន្ននេះ ទាំងចាស់ទាំងក្មេង​កំពុង​ឆ្លក់​វង្វេង​នឹង​ទូរ​សព្ទ​ទំនើប​ទាំងនេះ​ណាស់។បុរស​វ័យ៤៥ឆ្នាំ​រូបនេះ បាន​លើកឡើងថា៖«មិត្តភក្តិ​នៅ​កន្លែងធ្វើការ​ជាមួយ​ខ្ញុំ​មួយចំនួន​ដល់​ម៉ោង​សម្រាក​មិនទាន់​នោះទេ ដកយក​ទូរ​សព្ទ​មកលេង​ហ្គែ​ម​ភ្លាម»។លោក​បាន​បន្ថែមទៀតថា៖«សព្វថ្ងៃនេះ​កូនប្រុស​របស់ខ្ញុំ​ក៏​កំពុង​រំអុក​ទិញ​ទូរ​សព្ទ​ទំនើប​មួយ​ផងដែរ។ខ្ញុំ​គ្មាន​លុយ​ទិញ​ឱ្យ​វា​ទេ​ថ្លៃ​ណាស់»។

ទោះជា​យ៉ាណា​ក៏ដោយ​និន្នាការ​ខាងលើនេះ​ក៏បាន​ជះឥទ្ធិពល​អាក្រក់​ផងដែរ ដល់​យុវជន​យុវតី​មួយចំនួន​ឱ្យ​ភ្លើតភ្លើន​នឹង​សម្ភារ​និយម​អាច​ឈានដល់​ប្រព្រឹត្តិ​អំពើរ​អសីលធម៌​និង​អំពើរ​ខុសច្បាប់​មួយចំនួន​ដូចជា​ចោរកម្ម និង​លក់ខ្លួន​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com