ជាតិ
× ប្រទេសកម្ពុជាជាប្រទេសដែលគោរពតាមព្រះពុទ្ធសាសនា អស់កាលជាយូរអង្វែងមកហើយ ដែលមានប្រជាពលរដ្ឋជាង៩៥%ភាគរយជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយរដ្ឋធម្មនុញ្ញបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ក្នុងនោះចំនួនព្រះសង្ឃនិង វត្តអារាមមានការកើនឡើងជាលំដាប់បើតាមស្ថិតិឆ្នាំ២០១៣វត្តអារាមមានចំនួនជាង៤៥០០វត្តនិងចំនួនព្រះសង្ឃមានជាង៥៤០០០អង្គដែលជាគួរមោទនដ៏ក្រៃលែង។
បើតាមប្រវត្តិសាស្ត្រព្រះពុទ្ធសាសនាមានដើមកំណើតដំបូងនៅប្រទេសឥណ្ឌាលុះក្រោយពីព្រះអង្គបានបរិនិព្វានទៅប្រមាណជា២១៨ឆ្នាំមានព្រះរាជាមួយអង្គព្រះនាមព្រះបាទធម្មាសោកមហារាជ បានឡើងសោយរាជ្យក្នុងរាជធានីបាតលិបុត្តនៃនរគមគធរដ្ឋ ដែលមានឬទ្ធានុភាពក្រៃលែងទ្រង់បានចូលកាន់ព្រះពុទ្ធសាសនាហើយបានជាព្រះរាជូបត្ថម្ភក្នុងតតិយសង្គាយនា ក្នុងព.ស២៣៤។
ក្រោយពីធ្វើតតិយសង្គាយនាហើយព្រះបាទធម្មាសោកមហារាជបានបញ្ជូនសមណៈទូតទៅកាន់ប្រទេសនានាក្នុងពិភពលោកក្នុង គោលបំណងដើម្បីផ្សព្វផ្សាយអំពីព្រះពុទ្ធសាសនា កាលនោះឲ្យឈ្មោះថាទ្រង់បានបើករនាំងសកលលោក ហើយបំភ្លឺឲ្យប្រជានិករបានស្គាល់ព្រះពុទ្ធសាសនាតាំងពីពេលនោះមក។
ជាភព្វសំណាងដ៏ក្រៃលែងប្រទេសកម្ពុជាមួយនេះក៏បានទទួលឥទ្ធិពលនៃការ ផ្សព្វផ្សាយព្រះពុទ្ធសាសនា ពីការបញ្ជូនសមណៈទូតពីរព្រះអង្គព្រះនាមសោណត្ថេរ នឹងព្រះឧត្តរត្ថេរ ជាសមណៈទូតនាំព្រះពុទ្ធសាសនាមកកាន់ដែនដីសុវណ្ណភូមិក្នុងពុទ្ធសតវត្សទី៣ (ព.ស២៣៤)។
ប្រទេសកម្ពុជាមិនត្រឹមតែទទួលឥទ្ធិពលនៃព្រះពុទ្ធសាសនាតែមួយនោះទេក៏ទទួលឥទ្ធិពលព្រហ្មណ៏សាសនា និងវប្បធម៌ផ្សេងៗទៀតដែរពីប្រទេសឥណ្ឌា ប៉ុន្តែដោយសារវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្លះ វាស្រដៀងគ្នានឹងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ហើយគួបផ្សំនឹងបុព្វបុរសខ្មែរពូកែកែឆ្នៃពីវប្បធម៌បរទេសមកធ្វើជារបស់ខ្លួនដែលមើលទៅមិនអោយច្រឡំគ្នាបានឡើយ ថាមួយណាជារបស់ឥណ្ឌា ឬមួយណាជាខ្មែរយើង។ ព្រះពុទ្ធសាសនាជាសាសនាបដិសំយោគជាមួយនឹងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរហើយបូកនឹងទ្រឹស្តីធម៌របស់ព្រះសម្មាសម្ពុទ្ធមានហេតុផលច្បាស់លាស់បានធ្វើឲ្យប្រជាជនខ្មែរនាំគ្នាគោរពស្រលាញ់ជាច្រើនរៀងមក។
វត្តអារាម នឹងព្រះសង្ឃមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងសង្គមខ្មែរ វត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់ធ្វើពិធីសាសនាតែប៉ុណ្ណោះនោះទេ ថែមទាំងជាកន្លែងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងជាកន្លែងសម្រាប់បង្ហាញពីភាពសាមគ្គីគ្នាក្នុងសង្គមខ្មែរ និយាយឲ្យជារួមជាមជ្ឈមណ្ឌលវប្បធម៌ខ្មែរ។ ព្រះសង្ឃគឺតំណាងឲ្យសាវ័ករបស់ព្រះដ៏មានព្រះភាគ បានដើរតួនាទីសំខាន់ជាគ្រូបង្ហាត់បង្រៀនសីលសាស្ត្រ វិជ្ជាពេទ្យ អក្សរសាស្ត្រ និងគ្រូព្យាបាលជំងឺផ្លូវចិត្តនឹងជាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទផ្សេងៗ ជូនប្រជាពលរដ្ឋអោយមានសុខសន្ថិភាពទាំងអស់គ្នាក្នុងសង្គម។
និយាយអំពីការប្រតិបត្តិរបស់ប្រជាពុទ្ធសាសនិកក្នុងប្រទេសកម្ពុជាវិញ បានប្រារព្ធពិធីបុណ្យជាច្រើនក្នុងនោះបុណ្យធំៗដែលពាក់ព័ន្ធនឹងព្រះពុទ្ធសាសនាមានជាអាទិ៖
បុណ្យភ្ជំបិណ្ឌ បុណ្យចូលព្រះវស្សា បុណ្យចេញព្រះវស្សា បុណ្យកឋិនបុណ្យមាឃបូជា និងបុណ្យវិសាខបូជាជាដើម។ តែក្នុងនេះសូមលើកតែបុណ្យមាឃបូជាតែមួយយកមកប្រកាសសម្តែងថ្លែងជាអក្ខរាវិរុទ្ធ ស្តីអំពីប្រវត្តិបុណ្យមាឃបូជានេះថាតើមានសេចក្តីអត្ថន័យយ៉ាងម៉េចបានប្រជាពុទ្ធសាសនិកគ្រប់រូបចាំបាច់ត្រូវតែប្រារព្ធពិធីបុណ្យនេះឡើងមិនថាប្រជាពុទ្ធបរិស័ទខ្មែរ ឬក៏បណ្តាលប្រទេសនានាលើសាកលលោកនោះទេឲ្យតែជាពុទ្ធសាសនិកសុទ្ធសឹងត្រូវតែប្រារព្ធពិធីបុណ្យនេះជារៀងរហូត។
បុណ្យមាឃបូជាបើយោងតាម សៀវភៅព្រះរាជពិធីទ្វាទសមាសភាគទី២ និយាយតែពីប្រវត្តិនៃបុណ្យវិសាខបូជា ដែលកើតមានក្នុងរជ្ជកាលនៃព្រះបាទហិររក្សរាមាធិបតី ព្រះបាទអង្គឌួង ដែលសោយរាជ្យនៅសម័យឧត្តុង្គក្នុងព.ស១៣៩៧។
តាមសេចក្តីនេះយើងអាចសន្និដ្ឋានបានថាបុណ្យមាឃបូជា ទំនងជាត្រូវបានគេផ្តើមធ្វើឡើងក្នុងពុទ្ធសករាជនេះផងដែរ ពីព្រោះបុណ្យទាំងពីរនេះគឺជាបុណ្យរំលឹកថ្ងៃខួបនៃមហាភិលក្ខិតកាលធំៗ របស់ព្រះសមណគោតមដែលជាសាស្តាចារ្យនៃមនុស្សនិងទេវតាទាំងឡាយ។
ក្នុងឆ្នាំ១៩៩៩ សមាជិកអង្គការសហប្រជាតិបានអនុម័តជាឯកច្ឆន្ទ បានទទួលស្គាល់និងចាត់ទុកបុណ្យវិសាខបូជា ក៏ដូចជាបុណ្យមាឃបូជារបស់ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិ ដែលអនុញ្ញាតិឲ្យបណ្តាប្រទេសទាំងអស់ដែលកាន់ព្រះពុទ្ធសាសនអាចប្រារព្ធពិធីបុណ្យវិសាខបូជានៅទីស្នាក់ការអង្គការសហប្រជាជាតិបាន។ ទោះបីមិនមានចែងជាលក្ខណៈសកលយ៉ាងណាក៏ដោយក៏បុណ្យមាឃបូជាត្រូវបានប្រជាពុទ្ធបរិស័ទទូទាំងពិភពលោកនាំគ្នាប្រារព្ធ ហើយចាត់ទុកថាជាបុណ្យជាតិរបស់ខ្លួនផងដែរ។
ជាទម្លាប់ពុទ្ធសាសនិកខ្មែរភាគច្រើនឲ្យតែដល់បុណ្យមាឃបូជាម្តងៗ គេតែងតែនាំគ្នារៀបចំចាត់ចែង ទុកដាក់បោសជូតសំអាត នៅតាមវត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយដោតទង់ជាតិ ទង់សាសនាព្រះពុទ្ធ ព្រះបដ ព្រះពុទ្ធរូប ព្រះសក្យមុនីចេតីយ ព្រះសារីរិកធាតុព្រះសម្មាសម្ពុទ្ធ រួមទាំងគ្រឿងឧគ្ឃោសនសព្ទ មានការប្រគុំភ្លេងពិនពាទ្យយ៉ាងត្រហឹងអឹងកង គ្រឿងប្រដាប់ប្រដាលបូជា មានប្រទីបជ្វាលា ទានធូប ផ្កាកម្រង គ្រឿងក្រអូបឈ្ងុយឈ្ងុបផ្សេងៗ ដែលសម្រិតសម្រាំងបានយ៉ាងល្អឥតខ្ជោះទៅតាមទម្រង់វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ខ្មែរ ដើម្បីត្រៀមប្រារព្ធបុណ្យមាឃបូជានេះឡើង។
ការប្រារព្ធពិធីបុណ្យមាឃបូជានេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំ៣យ៉ាងគឺ៖
១/ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន
២/ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ
៣/ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ
សម័យមួយព្រះដ៏មានព្រះភាគទ្រង់គង់នៅ ក្នុងគុហា (រូងភ្នំ) ឈ្មោះ សូករខតា នាភ្នំគិជ្ឈកូដ (ភ្នំមានកំពូលដូចជាសត្វស្មាត) ជិតក្រុងរាជគ្រឹះ ដើម្បីសម្តែងទីឃនខសូត្រ ប្រោសទីឃនខបរិព្វាជក ដែលសម្តែងអំពីមហាភូតរូបបួន ដែលប្រព្រឹត្តិទៅមិនទៀតទាត់ឡើយ។
គាប់ជួនវេលានោះឯង ព្រះធម្មសេនាបតីកុង្សីយ៏ធម៌ គង់ស្ថិតនៅខាងព្រះប្រឹស្នាង្គ( ខាងក្រោយខ្នង) ដែលបានបក់ផ្លិតថ្វាយព្រះដ៏មានព្រះភាគបានពិចារណាទៅតាមក្រសែនៃព្រះធម៌ក៏បានសម្រេច ជាព្រះអរហន្តជាទីបំផុតនៃសាវកបារមីញាណ និងបញ្ញា១៦។
ចំណែកឯទីឃនខបរិព្វាជក ក៏បានសម្រេចសោតាបត្តិផងដែរ។ នាកាលព្រះអាទិត្យរៀបនឹងអស់ស្តង្គតព្រះសម្មាសម្ពុទ្ធស្តេចយាងចុះពីកំពូលភ្នំគិជ្ឈកូដ ហើយយាងទៅកាន់វត្តវេឡុវ័ន ហើយទ្រង់ធ្វើសាវកសន្និបាតមានអង្គបួន។
ក/ព្រឹត្តិការណ៏ទី១ ចតុរង្គសន្និបាតមានអង្គ៤ គឺការប្រជុំប្រកបដោយអង្គបួនគឺ៖
១/ថ្ងៃឧបោសថព្រះច័ន្ទពេញវង់ល្អ ជាថ្ងៃដែលព្រះអង្គទ្រង់ធ្វើវិសុទ្ធុបោសថ
២/ក្នុងថ្ងៃនោះ ជាថ្ងៃដែលព្រះភិក្ខុសង្ឃទាំង១២៥០អង្គមកប្រជុំគ្នាដោយមិនមានការណាត់គ្នាមុនឡើយបានមកកាន់ សំណាក់ព្រះសម្មាសម្ពុទ្ធក្នុងថ្ងៃតែមួយព្រមគ្នា
៣/ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធសឹងជាព្រះអរហន្តទាំងអស់ ដែលបានសម្រេចនូវអភិញ្ញា៦
៤/ព្រះភិក្ខុសង្ឃទាំងអម្បាលនោះ សុទ្ធសឹងតែជាឯហិភិក្ខុទាំងអស់( ដោយបួសមិនមានឧបជ្ជា ឬបានកោរសក់នោះទេ ដោយគ្រាន់តែចូលគាល់ព្រះដ៏មានព្រះភាគហើយបានស្តាប់ធម៌ក៏បានក្លាយជាព្រះភិក្ខុសង្ឃដូចគេដែរ)។ ចតុរង្គសន្និបាត ឬសាវកសន្និបាតបែបនេះ មានតែម្តងប៉ុណ្ណោះក្នុងសម័យព្រះពុទ្ធគង់នៅ មិនកើតមានឡើងច្រើនដងបានទេ។
ខ/ព្រឹត្តិការណ៏ទី២ ថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខឱវាទបាតិមោក្ខ ជាកម្រងដំបូន្មានដែលព្រះពុទ្ធជាម្ចាស់ទ្រង់សម្តែង ដើម្បីដឹកនាំសត្វលោកទាំងអស់ឲ្យរួចផុតទុក្ខ។ ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់សម្តែងនូវឱវាទបាតិមោក្ខ ដែលមានពុទ្ធវចនៈ៣គាថាកន្លះដែលសំរាយសេចក្តីជាខ្មែរដូចខាងក្រោម៖
អធិវសនខន្តី គឺសេចក្តីអត់ធន់ ជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយតែងត្រាស់ថា ព្រះនិញ្វនជាធម៌ដ៏ឧត្តម បព្វជិតអ្នកសម្លាប់សត្វដទៃ បៀតបៀនសត្វដទៃ មិនឈ្មោះថាសមណៈឡើយ។
ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញុំាងចិត្តរបស់ខ្លួនឲ្យផូរផង់ ទាំងបីនេះ ជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។
ការមិនពោលពាក្យតិះដៀល ការមិនបៀតបៀន ការសង្រួមក្នុងបាតិមោក្ខ ភាវៈជាអ្នក ដឹកប្រមាណក្នុងភត្តទីដេកទីអង្គុយដ៏ស្ងាត់ ការបំពេញព្យាយាមក្នុងអធិចិត្តទាំង៦ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។
ក្រោយពីព្រះអង្គទ្រង់ត្រាស់សម្តែងឱវាទបាតិមោក្ខរួចហើយ ព្រះសមណគោត្តមបរមគ្រូជាម្ចាស់នៃយើង ទ្រង់ប្រកាសតែងតាំងភិក្ខុពីរអង្គ ជាអគ្គសាវ័កកំពូលលើសភិក្ខុទាំងឡាយដោយតាំងព្រះសារីបុត្ត ជាអគ្គសាវ័កស្តាំ ដែលជាភិក្ខុកំពូលើភិក្ខុទាំងឡាយជាសាវ័ក ផ្នែកខាងមានបញ្ញាច្រើន និងតាំងព្រះមហាមោគ្គល្លាន ជាអគ្គសាវ័កឆ្វេង ជាភិក្ខុកំពូលលើ ភិក្ខុទាំងឡាយ ផ្នែកខាងមានឫទ្ធិច្រើន។
គ/ព្រឹត្តិការណ៏ទី៣ ថ្ងៃព្រះអង្គទ្រង់ដាក់អាយុសង្ខារ គឺជាថ្ងៃដែលមារមានចិត្តបាបចូលគាល់ព្រះដ៏មានព្រះភាគហើយក្រាប់ទូលដោយទទូចថា បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះសូមព្រះមានព្រះភាគទ្រង់បរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះជាកាលគួរនឹងបរិនិព្វានរបស់ព្រះមានព្រះភាគហើយ។ ព្រះពុទ្ធអង្គក៏ទ្រង់ត្រាស់តបពាក្យពោលរបស់មារថា ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគតមិនយូរប៉ុន្មានទេ កន្លង៣ខែអំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ។
ព្រះពុទ្ធបរមគ្រូនៃយើងទ្រង់ដាក់ចុះនូវព្រះជន្មាយុសង្ខារ ពោលគឺទ្រង់កំណត់ថ្ងៃ ដែលព្រះអង្គនឹងរំលត់ខន្ធចូលកាន់មហាបរិនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការវិលត្រឡប់វិញ ជាការលាចាកសង្សារវដ្ដ ដោយពុំមានអាឡោះអាល័យ ព្រោះផ្លូវដែលព្រះអង្គយាងទៅ ជាផ្លូវសុខស្ងប់ប្រាសចាកទុក្ខទាំងពួង។
សូមអនុមោទនា!!!!!!
សរសេរអត្ថបទដោយ សមណៈនិស្សិត រី សង្ហាធ្វើនៅវត្ត សារាវ័ន ថ្ងៃទី១៣កើត ខែមាឃ ឆ្នាំមរមី ឆស័ក ព.ស២៥៥៨ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥។
ទូរស័ព្ទ៖០១០ ៧៤១ ៧៩៣
© រក្សាសិទ្ធិដោយ thmeythmey.com