សា​រ៉ា ធ្លាយ​ដំណឹង​ថា បណ្តើរ​ប្រុស​ចូល​សណ្ឋាគារ
23, Mar 2015 , 10:45 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ តារា​សម្តែង​ស្រី ដែលជា​តួ​ម្ចាស់​ហាង​កោស​ជប់ នៅក្នុង​រឿង “កូនឥតខាន់ស្លា” ឈ្មោះ​ពិត​របស់​នាង​គឺ សា​រ៉ា ។ កាលពីពេលថ្មីៗនេះ ធ្លាយ​ដំណឹង​ថា នាង​បាន​បណ្តើរ​តារា​ប្រុស​វ័យក្មេង​ម្នាក់ ដែល​គេ​សង្ស័យថា ជា​ប្រុស​ស្នេហ៍​របស់​នាង ចូល​សណ្ឋាគារ​ទាំង​កណ្តា​ល​ថ្ងៃត្រង់។



ទោះបីជា​ខ្សែ​វី​ដេ​ភាគ រឿង “កូនឥតខាន់ស្លា” បាន​ចាក់​បញ្ចាំង​ចប់​ទៅហើយ​ក្តី ប៉ុន្តែ​មហាជន​មួយចំនួន​ប្រហែលជា​នៅ​មិនទាន់​ភ្លេច​តួអង្គ​ម៉ែ​យ៉ែម ម្ចាស់​ហាង​កោស​ជប់ ដែលមាន​ឈ្មោះថា ប្រិមប្រិយ នោះទេ។ តួអង្គ​នាង ប្រិមប្រិយ ដែល​ភ្ញៀវប្រុសៗហៅថា ចែៗ មានឈ្មោះ​ពិតប្រាកដ​ថា សា​រ៉ា នោះ ថ្មីៗនេះ​បាន​បែកធ្លាយ​ព័ត៌មាន​ថ្មី​ថា នាង​កំពុង​សាង​ស្នេហ៍​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​តារា​សម្តែង​ប្រុស​វ័យក្មេង​ម្នាក់ ហើយ​ថែមទាំង​ត្រូវគេ​ប្រមាញ់​បាន​រូប​របស់​នាង និង​បុរស​វ័យក្មេង​នោះ បណ្តើរគ្នា​ចូល​សណ្ឋាគារ​ទាំង​កណ្តាល​ថ្ងៃត្រង់​ទៀតផង។

ទាក់ទិន​នឹង​ព័ត៌មាន​ដ៏​រសើប​នេះ “ថ្មី” បាន​ទាក់ទង​សុំ​ការបំភ្លឺ​ពី​កញ្ញា សា​រ៉ា កាលពីពេល​កន្លងទៅ ដោយ​នាង​បាន​សារភាពថា ពិតជា​បាន​បណ្តើរ​បុរស​វ័យក្មេង​ម្នាក់ ដែលជា​តារា​សម្តែង​ដូចគ្នា​ចូល​សណ្ឋាគារ​ពិតមែន។ នាង សា​រ៉ា បញ្ជាក់​ឲ្យ​ដឹងថា នាង​បាន​ឲ្យ​មិត្តភក្តិ​ប្រុស​ម្នាក់​ដែលមាន​ឈ្មោះថា ឡុង ប៊ុនហេង ជា​តារា​សម្តែង​ដូចគ្នា ជូន​នាង​ទៅ​ថត​កម្មវិធី​សិល្បៈ​មួយ នៅ​សណ្ឋាគារ vila boring នៅ​ម្តុំ​ក្រោយ​ហាង​កែ​សម្ផស្ស គ្រីស្ទី​ណា តាម​បណ្តោយ​ផ្លូវ​ក្រោយ​ព្រះបរមរាជវាំង។

សា​រ៉ា បន្ត​ឲ្យ​ដឹងថា តាមពិតទៅ នាង​មិនដឹងថា មាន​គេ​ប្រមាញ់​រូប​របស់​នាង​ដែល​បណ្តើរគ្នា​ជាមួយ ឡុង ប៊ុនហេង នោះទេ ខណៈដែល​នាង និង ឡុង ប៊ុនហេង ទៅណា​មក​ណា តែង​អាស្រ័យ​ដោយ​រថយន្ត​ជាមួយ​នាង នៅពេល​ចុះ​ពី​ឡាន មិនដឹងថា មាន​គេ​លួច​ថតរូប​នាង និង ឡុង ប៊ុនហេង នោះទេ។

ម្ចាស់​ក្រុម​ម៉ូ​ដែល​រូបនេះ បាន​អះអាងថា តាមពិតទៅ នាង និង ប៊ុនហេង  មិនមាន​ទំនាក់ទំនង​អ្វី​ក្រៅពី​មិត្តភក្តិ​ស្និទ្ធស្នាល​នោះទេ ម្យ៉ាង ប៊ុនហេង មាន​អាយុ​ក្មេង​ជាង​នាង​ច្រើន ដែល​ពួកនាង​បាន​ស្គាល់គ្នា​ក្នុងពេលដែល​ទៅ​សម្តែង​រឿងកុន​ជួបគ្នា​ជាច្រើន​រឿង​កន្លងមក​នោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com