ជាតិ
សេដ្ឋកិច្ច
ADB៖ សេដ្ឋកិច្ចកម្ពុជា​នឹង​កើន​ពី៧.៣ភាគរយ​នៅ​ឆ្នាំនេះ​ដល់៧.៥ភាគរយ​នៅ​ឆ្នាំក្រោយ
24, Mar 2015 , 2:20 pm        
រូបភាព
 
ធនាគារអភិវឌ្ឍន៍អាស៊ី ADB បាន​ព្យា​ការណ៍​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា នឹង​កើនឡើង​ពី៧ភាគរយ​នៅ​ឆ្នាំ២០១៤ រហូតដល់៧.៣ភាគរយ​នៅ​ឆ្នាំ២០១៥ ហើយនឹង​បន្ត​កើនឡើង​រហូតដល់៧.៥ភាគរយ​នៅ​ឆ្នាំ២០១៦ ។  នេះ​បើ​យោងតាម របាយការណ៍​ពិសេស​ប្រចាំឆ្នាំ​របស់ខ្លួន ស្តីពី​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី២០១៥ (ADO) ។



របាយការណ៍​ថ្មី​ដែល​បានចេញ ផ្សាយ​នៅ​ថ្ងៃទី ២៤មីនា​នេះ បាន​បង្ហាញថា ការបន្ត​កើនឡើង​ដ៏​ខ្ពស់​នៃ សេដ្ឋកិច្ច​របស់​កម្ពុជា នេះ​គឺ​ដោយសារតែ​ភាព​កាន់តែ​រឹងមាំ នៃ​ដំណើការ​សេដ្ឋកិច្ច​របស់​ដៃគូ​ពាណិជ្ជកម្ម  ភាព​ធូរស្រាល​នៃ​ស្ថានភាព​នយោបាយ ទីផ្សារ​ពលក​កម្ម​ក្នុងស្រុក និង​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេងឥន្ធនៈ។

លោក Eric Sidgwick នាយក​ADBប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅថ្ងៃនេះ​ថា៖«ដោយ​សារភាព​កាន់តែ​រឹងមាំ​នៃ​សេដ្ឋកិច្ចពិភពលោក និង​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ប្រកបដោយ​ការប្រុងប្រយ័ត្ន ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅតែមាន​ភាពល្អប្រសើរ​សម្រា់ប​រយៈពេល២ឆ្នាំ​បន្ទាប់។
លោក បាន​បន្តថា៖« ការរីកចម្រើន​នៃ​វិស័យ​ឧ​ហ​ស្សា​ហក​ម្ម កសិកម្ម សំណង់ និង​ពិសេស​វិស័យ​ទេសចរណ៍​ក៏​ជា​ផ្នែក​មួយ​នៃ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ដែរ​ក្នុងនោះ។ ជាមួយគ្នា​នោះ វិស័យ​កាត់ដេរ ដែលជា​តម្រូវការ​នៅលើ​ទីផ្សារ​អន្តរជាតិ ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដែរ​សម្រាប់​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​នៅ​ឆ្នាំនេះ។

បើទោះបីជា​ការព្យាករណ៍ បាន​បង្ហាញថា​សេដ្ឋកិច្ចកម្ពុជា នឹង​បន្ត​កើនឡើង​ក៏ដោយ លោក Eric Sidgwick ក៏បាន​បញ្ជាក់​ផងដែរ​ថា កម្ពុជា​ត្រូវ​បន្ត​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​របស់ខ្លួន និង​ធ្វើ​ពិពិធ​កម្ម​ប្រភព​កំណើន ដើម្បី​គាំទ្រ​ដល់​កំណើន​សម្រាប់​ទាំងអស់គ្នា និង​កំណើន​ដែលមាន​និរន្តរភាព» ។

បើ​យោងតាម​របាយការណ៍​ដ​ដែល ក្នុង​ឆ្នាំ២០១៤ អតិផរណា​មាន​កម្រិត៣.៩ភាគរយ ហើយ​ADB រំពឹងថា វា​នឹង​ធ្លាក់​ចុះមក​ត្រឹម១.៦ភាគរយ​នៅ​ឆ្នាំ២០១៥នេះ ដោយសារតែ​តម្លៃ​ប្រេងឥន្ធនៈ​ធ្លាក់ចុះ ។ អតិផរណា នឹង​កើន​ឡើងដល់២.៧ភាគ​វិញ​ក្នុង​ឆ្នាំ២០១៦ ។

តែ​ទោះបីជា​យ៉ាងណាក៏ដោយ កម្ពុជា​ក៏មាន​ការ​ប្រឈម​មួយទៀត​ដែរ គឺ​កំណើន​ឥណទាន​របស់​ធនា គារ។ ឥណទាន​សម្រាប់​វិស័យ​ន​ឯកជន បាន​កើន​ឡើងជា​មធ្យម​ចំនួន២៧.៣ភាគរយ ក្នុង​ចន្លោះ​ឆ្នាំ២០១០-២០១៣ និង​បាន​កើនឡើង​ដល់៣១.៣ភាគរយ​នៅ​ឆ្នាំ២០១៤ (ដោយ​ផ្អែកលើ​កំណើន​នៃ​ផលធៀប​ឥណទាន ទៅនឹង​GDPពី៤៥ភាគរយ ក្នុង​ឆ្នាំ២០១៣ រហូតដល់៥៤.៦ភាគរយ​ក្នុង​ឆ្នាំ២០១៤) ដែល​បង្ហាញ​ពី​លទ្ធភាព​នៃ​ការកើនឡើង​នូវ​ហានិភ័យ​ហិរញ្ញវត្ថុ នៅក្នុង​វិស័យ​ធនាគារ។ ការពង្រឹង​ការ​ការត្រួតពិនិត្យ​ធនាគារ ក្របខ័ណ្ឌ​និយ័តកម្ម និង​ការត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​ចំពោះ​ការផ្តល់​កម្ចី​សម្រាប់​ការវិនិយោគ​អចលនទ្រព្យ នឹង​ជួយ​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ​មាន​ស្ថេរភាព៕


© រក្សាសិទ្ធិដោយ thmeythmey.com