ពិភពតារា៖ លី​លី ត្រលប់​មកវិញ​សិច​ស៊ី​ជាង​មុន
26, Mar 2015 , 9:44 am        
រូបភាព
ដោយ:

ភ្នំពេញ ៖ បន្ទាប់ពី​បាត់​មុខ​មួយរយៈ​ធំ​ពី​ទូរទស្សន៍​CTN តារាចម្រៀង​និង​ជា​តារា​សម្តែង​នាង​លី​លី បាន​វិល​មកវិញ ក្នុង​តំណែង​ពិធី​ការិនី។អ្វីដែល​ជាការ​កត់សម្គាល់​នោះ គឺ​នាង​លេងខ្លួន​សិច​ស៊ី​ជាង​មុន ដែល​មើលទៅអ្នកណាៗក៏​លួច​សរសើរ​សាច់​ដ៏​សខ្ចី​របស់​នាង​ដែរ។



ការទន្ទឹងរង់ចាំ​ទ្រនំ​ថ្មី​របស់​តារា​សម្តែង​វ័យក្មេង និង​ជា​អ្នក​បង្ហាញ​ម៉ូដ កញ្ញា​លី​លី ពិតជា​សម្រេច​តាម​បំណង​មែន ដោយ​ការងារ​ថ្មី​នេះ​នឹង​ជួយ​ឱ្យ​នាង​កាន់តែ​ទទួលបាន​ការចាប់អារម្មណ៍​ថែមទៀត។ កម្មវិធី​នោះ មានការ​បង្ហាញ​គំនិត​ច្នៃប្រឌិត ចំណេះដឹង​ថ្មី ឬ​ស្ទីលប្លែកៗនៅ​វគ្គ​ទី១ វគ្គ​ទី២ និង​មាន​បទសម្ភាសន៍​ដោយផ្ទាល់​ជាមួយ​តារា​ប្រុស​ស្រី​ល្បីឈ្មោះ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដល់ផ្ទះ ដែល​ធ្វើឱ្យ​នាង​កក់ក្តៅ​យ៉ាងខ្លាំង​ថា​ជា​កម្មវិធី​មិន​ពិបាក​ទទួលបាន​ការចាប់​អារម្មណ៍​ទេ។

លី​លី និយាយថា មិន​ពិបាក​ឱ្យ​នាង​ក្លាយខ្លួនជា​ពិធី​ការិនី​លេចធ្លោ​ក្នុងពេល​ដ៏​ខ្លី​ទេ ពិសេស​នៅពេល​នឹក​ដល់​កម្មវិធី​ថ្មី២ ដែល​កំពុង​រៀបចំ​ដំណើរការ ហើយ​តម្រូវឱ្យ​នាង​ចេញ​ធ្វើ​ពិធី​ការិនី​តែម្នាក់ឯង​មួយ​កម្មវិធី និង​មួយ​កម្មវិធី​ទៀត​ជាមួយ​ពិធីករ​មួយរូប។ លី​លី បញ្ជាក់ថា នាង​នឹង​ប្រឹងប្រែង​ក្តោប​ក្តាប់​តំណែង​នេះ​មិនឱ្យ​របូត​ទេ ដោយ​ក្នុងអំឡុង​ពេលនេះ នាង​ក៏​ប្រឡូក​អាជីព​ដើរ​ម៉ូដ​ក្នុង​ក្រុម​ខេ​ម​បូ​ឌា ស៊ុ​ពើ​ម៉ូ​ដែល និង​សម្តែង​រឿង​ភាគ​ឱ្យ​ទូរទស្សន៍​CTN ផងដែរ ដើម្បី​បង្កើន​ភាពលេច​ធ្លោ។

ទន្ទឹមនឹង​ការ​លេចមុខ​ជាថ្មី​នេះ អ្វីដែល​ជាការ​កត់សម្គាល់​នោះ គឺ លី​លី លេងខ្លួន​សិច​ស៊ី​ជាង​មុន ដែល​មើលទៅអ្នកណាៗក៏​លួច​សរសើរ​សាច់​ដ៏​សខ្ចី​របស់​នាង​ដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com