ជាតិ
សេដ្ឋកិច្ច
កម្ពុជា​រំពឹងថា អាច​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាង ៥លាន​នាក់ នៅ​ឆ្នាំ២០១៥
13, Apr 2015 , 4:00 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ស្រប​ពេលដែល​អង្គការ Trip Advisor បាន​វាយតម្លៃ​តំបន់​សៀមរាប​អង្គរ​ជាប់​ចំណាត់ ថ្នាក់​ទី១ នៅ​តំបន់​អាស៊ី និង​ចំណាត់ថ្នាក់​ទី២ ក្នុង​ពិភពលោក ថា​ជា​តំបន់​គោលដៅ​ទេសចរណ៍ ដែលមាន​ភាព​ទាក់ទាញ​ជាងគេ​បំផុត​នោះ កម្ពុជា​រំពឹងទុក​ថា ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ៥ លាន​នាក់​នឹង​មក​កម្សាន្ត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៥នេះ។



នា​ពិធី​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​ពិ​ព័រ​ណ៌​ម្ហូបអាហារ​ខ្មែរ​លើក​ទី៣ នៅ​សៀ​ល​ថ្ងៃទី២៨ ខែ​មិនា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ប៉ាក់ សុខុម បាន​ឲ្យ​ដឹងថា កម្ពុជា​សង្ឃឹមថា នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៥លាន​នាក់ នៅ​ឆ្នាំ២០១៥នេះ ហើយ ៧,៥ ទៅ ៨លាន​នាក់​នៅ​ឆ្នាំ២០២០ ។ ចំពោះ​ប្រយោជន៍​ដែល​កម្ពុជា​អាច​ទាញ​បាន​ពី​ភ្ញៀវទេសចរ អន្តរជាតិ​នោះ លោក​បញ្ជាក់ថា៖«កំណើន​ភ្ញៀវទេសចរ​នេះ នឹង​នាំ​ចំណូល​ថវិកា​សេដ្ឋកិច្ច រដ្ឋ​ជាង ៥ពាន់​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​ផ្ទាល់​ដល់​ប្រជាជន​កម្ពុ​ជាជាង ១លាន នាក់»។

បើតាម​រដ្ឋលេខាធិការ​រូបនេះ កាលពី​ឆ្នាំ២០១៤ កន្លងទៅ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ចំនួន ៤,៥លាន​នាក់ ដែលមាន​កំណើន ៧ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៣ និង​​​​នាំ ចំណូល​​សេដ្ឋកិច្ច​រដ្ឋ​ជាង ៣ពាន់​លាន​ដុល្លារ​អាមេរិ​ក និង​បង្កើត​ការងារ​ផ្ទាល់​ជាង  ៦០ម៉ឺននាក់។


កាលពី​ថ្ងៃ២៤ ខែ​មិនា កន្លងមក អង្គការ Trip Advisor បាន​វាយតម្លៃ​តំបន់​សៀមរាប​អង្គរ​ជាប់ ចំណាត់ថ្នាក់​ទី១ ក្នុង​តំបន់​អាស៊ី និង​ចំណាត់ថ្នាក់​ទី២ នៅលើ​ពិភពលោក ថា​ជា​តំបន់​គោល ដៅ​ទេសចរណ៍ ដែលមាន​ភាព​ទាក់ទាញ​ជាងគេ​បំផុត ដោយយោង​លើ​ការវាយតម្លៃ​មតិ យោបល់​របស់​ភ្ញៀវទេសចរ៕


© រក្សាសិទ្ធិដោយ thmeythmey.com