ជាតិ
សេដ្ឋកិច្ច
យុវជន​កម្ពុជា​លើក​បញ្ហា​ប្រឈម ៥ចំណុច​មុន​សមាហរណកម្ម​អាស៊ាន
16, Apr 2015 , 11:00 am        
រូបភាព
ដោយ:


យុវជន​ជិត៣០០នាក់ មកពី​តាម​បណ្តាល​អង្គការ​សង្គម​ស៊ីវិល និង​តាម​សាកលវិទ្យាល័យ​នានា​នៅក្នុង រាជធានី​ភ្នំពេញ បាន​ពិភាក្សា​និង​លើកឡើង​នូវ​ក្តីកង្វល់​នានា​របស់​ពួកគេ នៅពេលដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​ចូល​មកដល់​នៅ​ចុងឆ្នាំ២០១៥នេះ។បញ្ហាធំៗចំនួន៥ ដែល​យុវជន​ទាំង​នោះបាន​ជជែក​ពិភាក្សាគ្នា ក្នុង​វេទិកា​យុវជន​កម្ពុជា​ស្តីពី «អនាគត​របស់​យុវជន​កម្ពុជា នៅក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ២០១៥» នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់២ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ។



បញ្ហាធំៗទាំង៥នោះ​រួមមាន ទី១ បញ្ហា​ការអប់រំ៖ ខ្វះ​ធនធាន​គ្រូបង្រៀន​ដែលមាន​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ ខ្វះ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា ខ្វះ​ឯកសារ​ស្រាវជ្រាវ និង​សម្ភារ​សិក្សា សញ្ញាបត្រ​នៅតាម​សាកលវិទ្យាល័យ​ភាគច្រើន​ក្នុងប្រទេស​កម្ពុជា មិន​ត្រូវបាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ភាគច្រើន​ទទួលស្គាល់​និង​បញ្ហា​ប្រាក់ខែ​គ្រូបង្រៀន​ផងដែរ។

ទី២ បញ្ហា​ការងារ និង​ការ​ចំណាក់ស្រុក៖ និស្សិត​រៀន​ចប់​ភាគច្រើន​ខ្វះ​ការងារ​ធ្វើ និង​និស្សិត​ដែលមាន​ការងារ​ធ្វើ​មួយចំនួនទៀត គឺ​ធ្វើ​ការងារ​ដោយ​ខុស​ជំនាញ​របស់​ពួកគេ។ យុវជន​ដែល​ធ្វើការ​ចំណាក់ស្រុក​ទៅ​ក្រៅប្រទេស​ភាគច្រើន​ត្រូវ​ចាញ់បោក​មេខ្យល់ ត្រូវ​ថៅកែ​មើលងាយ​ធ្វើបាប កន្លែង​ស្នាក់នៅ និង​ការ​ទទួលទាន​មិនមាន​ផាសុខភាព​ល្អ ហើយ​យុវជន​ទាំងនោះ​ភាគច្រើន​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់។

ទី៣ បញ្ហាដីធ្លី និង​ធនធានធម្មជាតិ៖ មាន​ករ​កាប់បំផ្លាញ​ព្រៃឈើ ការ​បរបាញ់​សត្វព្រៃ ការនេសាទ​ខុសច្បាប់ និង​ការទាញយក​ធនធាន​រ៉ែ ប្រេងកាត​ដោយ​ខុសច្បាប់​ជា​លក្ខណៈ​បុគ្គល និង​ក្រុមហ៊ុន។

ទី៤ បញ្ហា​អំពើពុករលួយ៖ មាន​អំពើពុករលួយ​ចំនួន​ដូចជា​ក្នុង​វិស័យ​អប់រំ ការយក​ប្រាក់​ពី​សិស្ស​ក្នុង​ម៉ោង​សិក្សា បង្ខំ​ឲ្យ​សិស្ស​រៀន​គួរ នាំ​ឲ្យ​គុណភាព​អប់រំ​ធ្លាក់ចុះ។ មានការ​សូកប៉ាន់​ក្នុង​ស្ថាប័ន​ពន្ធដារ ឬ​ការ​នាំចូល​គេចពន្ធ ការ​បំប៉ោង​ទិន្នន័យ​ក្នុង​ចំណូល ចំណាយ និង​ចំនួន​បុគ្គលិក​រដ្ឋ​ទៀតផង។

និង​ទី៥ បញ្ហា​យុវជន និង​សេរីភាព​នៃ​ការបញ្ចេញមតិ​របស់​យុវជន៖ មានការ​គំរាមកំហែង​ពី​អាជ្ញាធ និង​អ្នក​បញ្ហានយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​មាន​លក្ខណៈ​លំអៀង​មិន​ឯករាជ្យ និង​ការយល់ដឹង​ពី​សិទ្ធិ​ក្នុងការ​ទទួលបាន​ព័ត៌មាន​នៅមានកម្រិត​ជាដើម។

កំពុង​អង្គុយ​ពិភាក្សា​ក្រុម​ជាមួយនឹង​និស្សិត​ដទៃទៀត និស្សិត ឆាំង ម៉ា​រុង និស្សិត​ឆ្នាំ​ទី៣ ជំនាញ សង្គមវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​និយាយថា បញ្ហា​ដែល​នាង​កំពុង​បារម្ភ គឺ​ការប្រើ ប្រាស់​ភាសា​អង់គ្លេស​ជាមួយនឹង​យុវជន​ក្នុងប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃទៀត។

នារី​រូបនេះ​និយាយថា៖«យើង​ដើរ​មិនទាន់​គុណភាព​អប់រំ​របស់​ប្រទេស​ក្នុង​តំបន់​ទេ ប្រសិនជា​យើង​រៀន ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​កម្ពុជា បើ​ចង់ទៅ​រៀន​នៅ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយចំនួនទៀត គឺ​ត្រូវតែ រៀន​ឆ្នាំ​ទីមួយ​ឡើងវិញ»។

ជាមួយគ្នានេះដែរ លោក ឌី សុភា និស្សិត​ឆ្នាំ​ទី៤ ជំនាញ​គ្រប់គ្រង នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​និយាយថា លោក​មាន​បញ្ហា​ប្រឈម​នឹង​ឱកាស​ការងារ នា​សមាហរណកម្ម​ឆ្នាំ២០១៥ខាងមុខ។

លោក​ថា៖«ប្រឈម​សម្រាប់​ខ្ញុំ គឺ​ប្រជាពលរដ្ឋ​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃ​មក​ដណ្តើម ការងារ​ដែលមាន​តួនាទីធំៗរបស់ខ្ញុំ ក៏ដូចជា​និ​ស្សតដ​ទៃទៀត ហើយ​និស្សិត​កម្ពុជា​យើង​ភាគច្រើន បានត្រឹមតែ​ធ្វើការ​ងារ​តូចតាច​ជា​កូនចៅ​គេ​ដដែល»៕



© រក្សាសិទ្ធិដោយ thmeythmey.com