ជាតិ
ស្ទូឌីយោ​ទូរទស្សន៍ PNN នឹងចាប់​ដំណើរ​ការ​ក្នុង​ត្រីមាស​ទីពីរ ឆ្នាំ​នេះ​
31, Mar 2015 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
ស្ទូ​ឌី​យោ​ទូរទស្សន៍​ថ្មី PNN នឹង​បើក​ដំណើរការ​ក្នុង​ត្រីមាស​ទី​ពីរ ពោលគឺ​ចាប់ពី​ខែមេសា ឆ្នាំ២០១៥ ខាងមុខ។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទូរទស្សន៍​ដែល​អះអាងថា​ខ្លួន​មាន​sស្ទូឌីយោ​ទំហំ​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា។



មាន​ទីតាំង​ក្នុង​ខណ្ឌ​ជ្រោយចង្វា ជាយ​រាជធានី​ភ្នំពេញ ស្ទី​ឌី​យោ​របស់​ទូរទស្សន៍ PNN ដែល​ចាប់ដំណើរការ​ពី​ខែមេសា ខាងមុខ មាន​បុគ្គលិក​ជាង៣០០នាក់ បំពេញការងារ​ទៅតាម​ជំនាញ និង​ផ្នែករៀងៗខ្លួន។

ទីតាំង​ទាំងមូល​របស់​ទូរទស្សន៍ PNN ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន LYP Group របស់លោក លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​សាងសង់ឡើង​ដោយ​ចំណាយ​ទឹកប្រាក់​អស់​ជាង១០លាន​ដុល្លារ​អាមេរិក ហើយ១០លាន​ដុល្លារ​អាមេរិក​ផ្សេងទៀត ត្រូវបាន​ចំណាយ​លើ​ផ្នែក​បច្ចេកទេស។

លោក Glen Felgate អគ្គនាយក​ស្ថានីយទូរទស្សន៍​PNNដែល​ធ្លាប់មាន​ប្រវត្តិ​គ្រប់គ្រង​ទូរទស្សន៍ CTN និង​ក្រុម​ហ៊ុ​ន​ព័ត៌មាន​នៅ​មី​យ៉ាន់​ម៉ា បាន​បញ្ជាក់ថា៖ «នេះ​ជាការ​វិនិយោគ​ដ៏​ធំ​មួយ ដែល​យើង​ជឿជាក់ថា​នឹង​លើកកម្ពស់​គុណភាព​វិស័យ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​ឈានឡើង​មួយកម្រិត​ទៀត ។ លើសពីនេះ ការផ្សាយ​របស់​ស្ថានីយទូរទស្សន៍ PNN នឹង​គ្របដណ្តប់​ទូទាំងប្រទេស»។

ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មានថ្មីៗ លោក ប៉ែន បូ​ណា ដែល​បាន​ចាក​ចេញពី​តំណែង​និពន្ធ​នាយក​វិទ្យុ​បារាំង RFI ទៅកាន់​តំណែង​ដូចគ្នា​ក្នុង​ទូរទស្សន៍ PNN បាន​អះអាងថា ទូរទស្សន៍​ថ្មី​របស់លោក​ត្រូវតែ​ខុសប្លែក​ពី​បណ្តាញ​ទូរទស្សន៍​ដែលមាន​ស្រាប់៕



© រក្សាសិទ្ធិដោយ thmeythmey.com