ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
លោក ហង្ស ពុទ្ធា អាច​ទទួលយក​តំណែង​ទី៩នៃ គជប ថ្មី តែ…
01, Apr 2015 , 10:50 am        
រូបភាព
 
ភ្នំពេញ៖ គណបក្ស​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឯកភាព​ជ្រើសរើស​លោក ហង្ស ពុទ្ធា ជា​បេក្ខជន​ទី៩សម្រាប់ គជប ថ្មី ក្រោយ​ពេលដែល​លោកស្រី ពុង ឈី​វ​កេក បដិសេធ​តំណែង​ដ៏​ចម្រូងចម្រាស​មួយ​នេះ។ លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង្កេតការណ៍​បោះឆ្នោត និក​ហ្វិ​ក ដែលមាន​លោកស្រី ពុង ឈី​វ កេក ជា​ប្រធាន​អង្គការ​លីកាដូ ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​អង្គការ​និក​ហ្វិ​ក អាចនឹងទទួល​យក​តំណែង​ថ្មី​នេះ។ ប៉ុន្តែ មតិ​មហាជន​អាច​គាំទ្រ​តិចជាង​លោកស្រី ពុង ឈី​វ​កេក។



កាលពី​ប៉ុន្មាន​ថ្ងៃមុន លោកស្រី ពុង ឈី​វ​កេក ពិបាកចិត្ត​ខ្លាំង​មែនទែន។ ពីព្រោះ​ប្រទេសជាតិ​បានប្រគល់​កិច្ចការ​ដ៏​ធំ​សម្បើម​មួយ​សម្រាប់​លោកស្រី គឺ​បេក្ខភាព​ទី៩នៃ​សមាសភាព គជប ដែលមាន​ចំនួន៩នាក់។

៤នាក់​ចេញពី​គណបក្សនយោបាយនីមួយៗ គឺ​គណបក្ស​ប្រជាជ​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​អាសនៈ​នៅ​រដ្ឋសភាជាតិ។ គណបក្សនយោបាយតូចៗផ្សេងទៀត​គ្មាន​សិទ្ធិ​មាន​សមាសភាព​របស់ខ្លួន​នៅក្នុង គ​ប​ជ ថ្មី​ឡើយ។

ក្រោយពី​មាន​ភាពចម្រូងចម្រាស​ផ្នែក​សតិអារម្មណ៍​ដោយ​អ្នកខ្លះ​គាំទ្រ​បេក្ខភាព អ្នកខ្លះ​ប្រឆាំង បេក្ខភាព​លោកស្រី និង​ដោយ​ក្តីបារម្ភផ្សេងៗផង​នោះ លោកស្រី ពុង ឈី​វ កេក ដែល​ធ្លាប់ជា​អ្នកចូលរួម​ចំណែក​បង្កើត​អោយមាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ផង​នោះ បានសម្រេច​ចិត្ត​បោះបង់ចោល​តំណែង​ទី៩នេះ​ចោល​តែម្តង។ បច្ចុប្បន្ន អារម្មណ៍​របស់លោក​ស្រី ពុង ឈី​វ​កេក ធូ​ស្រាល​បន្តិច​ក្រោយ​កា​រស​ម្រេ​ចិត្ត​នេះ។

បន្ទាប់ពី​លោកស្រី គឺ​ដល់​វេន​របស់លោក ហង្ស ពុទ្ធា វិញ​ម្តង។ លោក ហង្ស ពុទ្ធា ដែលជា​នាយក​ប្រិ​តិ​ប​ត្តិ​នៃ​អង្គការ​សង្កេតការណ៍​បោះឆ្នោត និក​ហ្វិ​ក ដែលមាន​លោកស្រី ឈី​វ​កេក ជា​ប្រធាន​គណៈកម្មាធិការ​ជានា​យ​ក​នោះ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជ្រើសរើស​អោយក្លាយ​ជា​សមាជិក​ទី៩ នៃ គជប ថ្មី។ សម្រាប់​លោក ហង្ស ពុទ្ធា លោក​មិនទាន់​សម្រេចចិត្ត​នៅឡើយ​ទេ។

មូលហេតុ​អ្វី​បានជា​គណបក្ស​ទាំងពីរ​ជ្រើសរើស​លោក ហង្ស ពុទ្ធា តែ​មិន​ជ្រើសរើស​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង្កេតការណ៍​បោះឆ្នោត? តើ​លោក ហង្ស ពុទ្ធា សម្រេចយក​តំណែង​ទី៩នេះ​ឬទេ?

គណបក្ស​ទាំងពីរ​សម្រេច​ជ្រើសរើស​លោក ហង្ស ពុទ្ធា គឺ​ដោយសារ​ហេតុផល​មួយចំនួន​ក្នុងនោះ​មាន ទី១ អង្គការ​និ​ហ្វិ​ក មាន​លោកស្រី ពុង ឈី​វ​កេក ជា​ប្រធាន​គណៈកម្មាធិការ​នាយក។ ទី២ លោក ហង្ស ពុទ្ធា មានចំណេះ​ជំនាញ​ទាក់ទង​នឹង​ការបោះឆ្នោត​ច្រើន និង​ទី៣ លោក​គឺជា​បុគ្គល​ទន់ភ្លន់, រិះគន់​គណបក្សនយោបាយ​នាពេល​កន្លង​មកជា​លក្ខ​ណៈ​ការទូត​ច្រើនជាង​ការរិះគន់ចំ។

បក្ស​ទាំងពីរ​មិន​សម្លឹងមើល​លោក គល់ បញ្ញា ក៏​ព្រោះតែ​លោក គល់ បញ្ញា គឺជា​បុគ្គល​រិះគន់​ដំណើរការ​នៃ​ការបោះឆ្នោត​នាពេល​កន្លងមកចំៗ ឬ​គេ​ហៅ​ម្យ៉ាង​ទៀតថា ការរិះគន់​មិន​សំចៃមាត់។

ងាក​មក​ឆ្លើយ​នឹង​សំណួរ​ដែល​សួរថា តើ​លោក ហង្ស ពុទ្ធា នឹងចូលរួម​ក្នុង​សមរភូមិ​នយោបាយ​នេះដែរ​ឬទេ​នោះ?

គ្មាន​នរណាម្នាក់​ហ៊ាន​ផ្តល់​ចម្លើយ​ជំនួស​លោក​ទេ។ ប៉ុន្តែ តាមរយៈ​ទំនាក់ទំនង​រវាង​លោក ហង្ស ពុទ្ធា និង​លោកស្រី ពុង ឈី​វ​កេក គេ​អាច​សន្និដ្ឋានបានថា លោកស្រី ពុង ឈី​វ​កេក ប្រហែលជា​បោះ​បាល់​ជូន​លោក ហង្ស ពុទ្ធា ជា​អ្នកលេង​វិញ ពីព្រោះ​ម្យ៉ាង លោក ហង្ស ពុទ្ធា នៅមាន​វ័យក្មេង និង​ម្យ៉ាងទៀត លោកស្រី​អាច​គេច​ផុតពី​ការរិះគន់​នានា​ដែល​អាច​កើតមានឡើង​នាពេល​អនាគត។ ហេតុផល​ម្យ៉ាងទៀត​ដែល​លោក ហង្ស ពុទ្ធា អាច​សម្រេច​ចូលរួម​ដែរនោះ ក៏ដោយ​សារ​លោក​ចង់អោ​យ គជប ថ្មី​មួយ​ដំណើរការ​ក្នុង​ក្របខណ្ឌ​តម្លាភាព យុត្តិធម៌។ លោក ហង្ស ពុទ្ធា អាច​ទទួលយក​តំណែង​នេះ ប៉ុន្តែ មហាជន​ទូទៅ​អាច​គាំទ្រ​លោក​តិចជាង​លោកស្រី ពុង ឈី​វ​កេក។ ការពិត​យ៉ាងណា​នោះ មានតែ​លោក ហង្ស ពុទ្ធា ខ្លួនឯង​ប៉ុណ្ណោះ​ដែលជា​អ្នកសម្រេចចិត្ត៕



© រក្សាសិទ្ធិដោយ thmeythmey.com