កីឡាជាតិ
ស្រី ដា​នី កូន​ខ្មែរ-បារាំង ក្លាយជា​អ្នកចាំទី​ថ្មី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន
01, Apr 2015 , 12:02 pm        
រូបភាព
ដោយ: ថ្មីៗ

ក្លិប​ភ្នំពេញ​ក្រោ​ន រកបាន​អ្នកចាំទី​ថ្មី បន្ទាប់ពី​ការចាកចេញ​របស់ ស៊ូ យ៉ា​ទី ទៅកាន់​ក្លិប​បឹងកេត​អង្គរ។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី៣១ ខែមីនា ម្ចាស់​ការពារ​តំណែង​ជើងឯក​មួយ​នេះ ទទួលបាន​កីឡាករ​ខ្មែរ-បារាំង ស្រី ដា​នី ក្នុង​កិច្ចសន្យា​រហូតដល់​ចប់​ឆ្នាំ២០១៥ ។



ដា​នី អាយុ២០ឆ្នាំ ដែលមាន​ឪពុក​ជា​ជនជាតិខ្មែរ និង​ម្តាយ​ជា​ជនជាតិ​បារាំង បានមក​ធ្វើ​តេ​ស្តិ៍​តាំងពី​ខែកុម្ភៈ មុននឹង​ក្លាយជា​កីឡាករ​ខ្មែរ-បារាំង ទី៤ របស់​ក្លិប​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​ខ្សែបម្រើ ប៊ិន ធា​រី ខ្សែការពារ កុក បូរី​ស និង ខ្សែបម្រើ វ៉ា សុខ​ថន។

កើត​នៅក្នុង​ក្រុង Lorient នៅក្នុង Brittany នៅក្នុង​ភាគ​ពាយព្យ​នៃ​ប្រទេស​បារាំង ដា​នី​បាន​ចូលរួម​ជាមួយ​ក្រុមបាល់ទាត់ CEP Lorient តាំងពី​អាយុ១៣ឆ្នាំ ហើយ​បាន​នៅ​រហូតដល់​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ជើងឯក​តាម​តំបន់​របស់​លី​គ​បារាំង (French Regional League)ផងដែរ។ អ្នកចាំទី​រូបនេះ ក៏បាន​លេង​ឲ្យ​ក្រុម La Guideloiseមុនពេល​មក​ធ្វើតេស្ត​សាក​ស្បង​ក្នុងប្រទេស​កម្ពុជា។

លោក Sam Schweingruberគ្រូបង្វឹក​របស់​ភ្នំពេញ​ក្រោ​ន បាន​មានប្រសាសន៍​បន្ទាប់ពី​ការចុះហត្ថលេខា​ជាមួយ​អ្នកចាំទី​វ័យក្មេង​រូបនេះ​ថា៖ «ដា​នី នៅ​ក្មេង​នៅឡើយ ហើយ​មាន​ឆ​ន្ទះ​ខ្ពស់។ គេ​មិនដែល​បាន​លេង​បាល់ទាត់​កំរិត​អាជីព​ពីមុន​មែនពិត ប៉ុន្តែ​គេ​មាន​មូលដ្ឋានគ្រឹះ​ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​គេ​អាច​រៀនសូត្រ​បាន​លឿន និង ជំរុញ​ឲ្យ​អ្នកចាំទី​យើង​កាន់តែ​ប្រសើរ​ជាង​មុន»៕

 


© រក្សាសិទ្ធិដោយ thmeythmey.com