ជាតិ
សង្គមជាតិ
វត្ថុយក្ស៣ត្រូវបានដឹកជញ្ជូនតាមកុងតឺន័រដល់ទីតាំងប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រូបភាព៖ ហ្វេសប៊ុក អាជ្ញាធរអប្សរា
× សៀមរាប៖ វត្ថុយក្សចំនួន៣ មានអង្រុត មួក និងកន្ត្រងប្រហុក ត្រូវបានក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដឹកជញ្ជូនពីស្នាក់ការអាជ្ញាធរអប្សរា ដល់កន្លែងប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្តហើយនៅព្រឹកថ្ងៃពុធនេះ។
អង្រុតទំហំ ៥ម៉ែត្រ កម្ពស់ ៥,៦០ម៉ែត្រ មួកត្នោត ទំហំ ៥ម៉ែត្រ កម្ពស់ ១,៨០ម៉ែត្រ និងកន្ត្រងប្រហុក ទំហំ ១,៨៥ ប្រវែង ៥ម៉ែត្រ កម្ពស់ ១,៤០ ម៉ែត្រ បានដឹកទៅដល់ប្រាសាទបាយ័នហើយ នៅព្រឹកថ្ងៃទី១ ខែមេសានេះ។ តាមការបញ្ជាក់ពីមន្ត្រីរបស់អាជ្ញាធរអប្សរា ដែលគ្រប់គ្រងការបង្កើតវត្ថុយក្សខាងលើប្រាប់ថា ដោយសារអង្រុត មួក និងកន្ត្រងប្រហុក មានទំហំធំ ទើបអ្នករៀបចំ បានប្រើប្រាស់រថយន្តកុងតឺន័រ សម្រាប់ដឹកជញ្ជូន។
មន្ត្រីដដែលដែលខ្ញុំមិនបញ្ចេញឈ្មោះ បន្ថែមថា ដោយសារខ្លោងទ្វារចូលប្រាសាទបាយ័នតូច ដូច្នេះត្រូវការស្ទួច ដើម្បីនាំវត្ថុយក្សទាំងនោះ ចូលដល់បរិវេណប្រាសាទ ដែលជាកន្លែងសម្រាប់ដាក់តាំងវត្ថុទាំងនោះ ក្នុងថ្ងៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខ។ វត្ថុទាំងនោះនឹងដឹកតាមបរិវេណភូមិខ្ញុំ ដែលស្ថិតនៅប៉ែកខាងជើងប្រាសាទបាយ័ន។
គួររំលឹកថា វត្ថុយក្សមាន អង្រុត មួក និងកន្ត្រងប្រហុក ត្រូវបានរចនាឡើងដោយអ្នកភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលប្រើពេលសរុបប្រមាណមួយខែ។ ក្រៅពីនោះ នៅមានបំពង់ទឹកត្នោត ដែលធ្វើពីដើមត្នោត មានកម្ពស់៥ម៉ែត្រ ក៏នឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com