ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ប្តូរ​ចិត្ត​លែង​ចង់បាន​លោក ហង្ស ពុទ្ធា ជា​បេក្ខភាព​សមាជិក​ទី ៩ នៃ​គ.ជ.ប
01, Apr 2015 , 1:49 pm        
រូបភាព
ដោយ:

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លិខិត​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​ប្តូ​រលោក ហង្ស ពុទ្ធា ចេញពី​បេក្ខជន​សមាជិក​ទី ៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។ នេះ​បើតាម​ការប្រកាស​របស់​លោក ហ៊ុន សែន នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នៅ​ខេត្តស្ទឹងត្រែង។ តែ​លោក ហ៊ុន សែន មិន​យល់ព្រម​តាម​ការចង់បាន​របស់​លោក សម រង្ស៊ី នោះឡើយ។



ជា​អ្នក​នាំ​សម្តី​របស់លោក សម រង្ស៊ី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា លោក សម រង្ស៊ី បាន​ប្តូរ​ចិត្ត​លែង​ចង់បាន​លោក ហង្ស ពុទ្ធា​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត (Nicfec) ជា​បេក្ខជន​សមាជិក​ទី ៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។ បើតាម​លោក ហ៊ុន សែន មូលហេតុ​ដែល​លោក សម រង្ស៊ី ចង់​ប្តូរ​ចិត្ត​ដោយសារ​លោក ហង្ស ពុទ្ធា មាន​ជំងឺ​ទឹកនោមផ្អែម ។

លោក ហ៊ុន សែន បន្ត​លើក​ពីស​ម្តី​លោក សម រង្ស៊ី ដែល​បាន​ប្រាប់​លោក​យ៉ាងនេះ​ថា៖ «ខ្ញុំ​បានមក​ដល់​ភ្នំពេញ​ហើយ​នៅថ្ងៃនេះ( ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៥) ចំពោះ​ការឆ្លើយ​ឆ្លងតាម​សារ​ទូរ​សព្ទ​រវាង​សម្តេច និង​ខ្ញុំ​កាលពី​ថ្ងៃទី ២៩ ខែមីនា កន្លងទៅនេះ សហការី​ខ្ញុំ​ទាំងអស់​ក៏​ពេញចិត្ត​ចំពោះ​ការឯកភាព​គ្នា​រវាង​សម្តេច និង​រូបខ្ញុំ ដែល​បានជ្រើសរើស​លោក ហង្ស ពុទ្ធា ឲ្យ​ធ្វើជា​សមាជិក​ទី ៩ នៃ​គ.ជ.ប។ តែ​ខ្ញុំ​ទើបតែ​ទទួលបាន​ព័ត​មាន​ថា លោក ហង្ស ពុទ្ធា មាន​ជំងឺ​ទឹកនោម​ផ្អែម ដែល​តម្រូវ​ឲ្យ​គាត់​ទៅ​ព្យាបាល​នៅ​វៀតណាម  តើ​សម្តេច​មានបាន​ទទួល​ព័ត៌មាន​ដូចនេះ​ដែរ​ទេ​ឬ?......................... ។ ខ្ញុំ​សូម​ឲ្យ​សម្តេច​មេត្តា​ពិនិត្យ​ឲ្យ​គណបក្សយើង​ទាំងពីរ​ជ្រើសរើស​ជាយថាហេតុ​នូវ​បេក្ខជន​ទី ៩ នៃ​គ.ជ.ប ម្នាក់ទៀត» ។

និយាយ​តាម​សម្តី​លោក សម រង្ស៊ី ​ដែល​បាន​ប្រាប់​លោក​តាមរយៈ​លិខិត​​ចប់ លោក ហ៊ុន សែន បានចាត់ទុក​ការលើកឡើង​របស់លោក សម រង្ស៊ី និង​សហការី​ខ្លួន​ថា ជាការ​ប្រមាថមើលងាយ​ចំពោះ​អាយុជីវិត​របស់លោក ហង្ស ពុទ្ធា។ « ត្រង់​ន័យ​នេះ គាត់​គិតថា លោក ហង្ស ពុទ្ធា នឹង​ស្លាប់​ក្នុងពេល​ប្រមាណ ២ ឆ្នាំ​ខាងមុខ» ។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន សែន ។ លោក ហ៊ុន សែន បន្ត​ឆ្លើយ​នឹង​សំណើ​លោក សម រង្ស៊ី ទៀតថា៖ « ខ្ញុំ​សូម​អធ្យាស្រ័យ​ដែល​មិនអាច​ទទួលយក​នូវ​សំណើ​ឯកឧត្តម​បាន………។ ការផ្លាស់ប្តូរ​មិនមែនជា​គោលនយោបាយ​របស់ខ្ញុំ និង​CPP នោះទេ លើកលែងតែ​មានការ​បដិសេធ​ពី​សាមីខ្លួន។ តាម​ដឹង​លោក ហង្ស ពុទ្ធា គ្មាន​ជំងឺ​ទឹក​នោះ​ផ្អែម​នោះទេ។ CPP មិន​យល់​ព្រមយក​បញ្ហា​ជំងឺ​នេះ ឬ​ជំងឺ​នោះ តាម​សំណើ​ឯកឧត្តម​បានទេ » ។

ជាមួយគ្នានេះដែរ លោក ហ៊ុន សែន ក៏បាន​ព្រលយ​ពាក្យ​ថា បើ​បក្ស​ទាំងពីរមិន​អាច​ឯកភាពគ្នា​លើ​សមាជិក​ទី ៩ គ.ជ.ប បានទេ លោក​នឹង​ទុក លោក អ៊ឹម សួស្តី ឲ្យ​ធ្វើជា​ប្រធាន​គ.ជ.ប រហូត ។ « អា​ថ្មី​មិនទាន់​ចេញ អាចាស់​បន្ត» ។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន សែន ។

ស្តាប់សំឡេងលោក ហ៊ុន សែន



សូមបញ្ជាក់ថា បេក្ខជន ៣ នាក់​ដែល​លោក សម រង្ស៊ី ចង់​ដាក់ជំនួស​លោក ហង្ស ពុទ្ធា ឲ្យ​លោក ហ៊ុន សែន សម្រេចចិត្ត​ជាថ្មី​នោះ មាន​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក នី ចរិយា មន្ត្រីជាន់ខ្ពស់​អង្គការ​អាដហុក និង​លោក ហ៊ីង ធី​ឫទ្ធិ ព្រះរាជអាជ្ញា​អម​តុល​ការ​កំពូល៕



© រក្សាសិទ្ធិដោយ thmeythmey.com