អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​បដិសេធ​ពាក្យសុំ​កូរ៉េខាងជើង និង​ពិចារណា​ការស្នើសុំ​របស់​តៃវ៉ាន់​ជា​សមាជិក​AIIB
01, Apr 2015 , 3:55 pm        
រូបភាព

rnការចូល​រួមជាមួយ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​របស់​ចិន​កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ពេញនិយម​មួយ​សម្រាប់​ការពិភាក្សា​នាពេល​បច្ចុប្បន្ននេះ។ បណ្តា​ប្រទេស​ជាច្រើន​បានដាក់​ពាក្យស្នើសុំ​ចូលរួម​ជា​សមាជិក​ស្ថាបនិក​ធនាគារ​នេះ ក្នុងនោះ​មាន​ទាំង​សម្ព័ន្ធមិត្ត​អាមេរិក​ផង ហើយ​រឿង​ដែល​ភ្ងា​ក់​ផ្អើល​សូម្បី​តៃវ៉ាន់​ក៏​ចង់​ក្លាយជា​សមាជិក​ស្ថាបនិក​នៃ​ធនាគារ​នេះដែរ។ ទោះ​កាន់តែរ​ឯកោរ​ខ្លាំង​ក៏ដោយ អាមេរិក​នៅ​ស្ទាក់ស្ទើរ​នៅឡើយ​ចំពោះ​ការចូល​រួមជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ចិន ព្រោះ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដឹង​ច្បាស់​ថា​ធនាគារ​នេះ​នឹង​ប្រកួតប្រជែង​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មួយចំនួន​ដែល​ស្ថិតក្រោម​ឥទ្ធិពល​ខ្លួន។ ថ្ងៃ​ផុតកំណត់​នៃ​ការដាក់​ពាក្យស្នើសុំ​គឺ​ម្សិលមិញ​នេះ ប៉ុន្តែ​ការសម្រេច​ចុង​ក្រោយពី​ចំនួន​ប្រទេស​ដែល​ក្លាយ​សមាជិក​ស្ថាបនិក​នោះ​នឹងត្រូវ​បង្ហាញ​ថ្ងៃ១៥ខែមេសា​ខាងមុខ។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖



ធនាគារ​វិនិយោគ​ហេ​រដ្ឋា​រចនាសម្ព័ន្ធ​អាស៊ី​បាន​ផុត​រូបរាង​ឡើង​ក្នុង​ខែតុលា​ឆ្នាំ ២០១៤ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​លោក ស៊ី ជិ​ង​ពីង។ ធនាគា​រវិន​យោគ​ចិន​នេះ​នឹងមាន​ទីស្នាក់ការ​កណ្តាល​ក្នុង​ទីក្រុង​ប៉េកាំង ហើយ​មាន​ទុន​ចំនួន ៥០ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ជំហាន​ដំបូង។ ទុន​នេះ​នឹងត្រូវ​បង្កើន​ដល់១០០ពាន់​លាន​ដុល្លារ​នាពេលខាងមុខ​ថែម​ទៀតផង។ បើតាម​ការ​អោយដឹងពី​ក្រុង​ប៉េកាំង​ស្ថាប័នហិរញ្ញវត្ថុ​ថ្មី​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់ទុន​សម្រាប់​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ដើមឡើយ​ប្រទេស​ចំនួន ២១ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ដើម្បី​បង្កើត​ធនាគារ​នេះ​ក្នុងនោះ​មាន​ឥណ្ឌា សិង្ហ​បុរី កម្ពុជា​ផង តាំងពី​ខែតុលា​ឆ្នាំមុន​មកម្ល៉េះ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន HuaChunying បានប្រកាស​ប្រទេស​ចំនួន ៣០ ហើយ​ដែល​ត្រូវបាន​សម្រិតសម្រាំង​និង​ជ្រើសរើស​ដោយ​គណកម្មការ​ជំនាញ​របស់​ចិន​អោយ​ក្លាយជា​សមាជិក​ស្ថាបនិក​នៃ​ធនាគារ​តំបន់​នេះ គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ការបើកទទួល​ពា​ក្ស​ស្នើសុំ។ ប្រទេស​ប្រហែល ៤៥ បានដាក់​ពា​ក្ស​ស្នើសុំ​ជា​សមាជិក​នៃ​ធនាគារ​របស់​ចិន  ហើយ​សមាជិក​ដែល​ដាក់​ស្នើសុំ​ចុងក្រោយ​គឺ​ប្រទេស​ស៊ុយ​អ៊ែត​និង​ប្រទេស​អូស្ត្រាលី។ ប្រទេស​ដែល​ដាក់ពាក្យ​ស្នើសុំ​នោះ មាន​ទាំង​សម្ព័ន្ធមិត្ត​អាមេរិក​ផង ដូចជា​កូរ៉េខាងត្បូង អង់គ្លេស  បារាំង អាល្លឺម៉ង់​ជាដើម ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធមិត្ត​ខ្លួន​ជប៉ុន​បដិសេធ​មិន​ចូលរួម​ជាមួយ​ចិន​ដោយសារ​បញ្ហា​ខ្លះ។

១.អាមេរិក​ឈឺក្បាល​ដោយសារ​សម្ព័ន្ធមិត្ត​ខ្លួន​មិន​ស្តាប់​ការព្រមាន​ចំពោះ​ការចូលរួម​ជាមួយ​ចិន
កន្លងមកនេះ សហរដ្ឋអាមេរិក​បាន​ព្រមាន​សម្ព័ន្ធមិត្ត​ខ្លួន​អោយ​ពិចារណា​ឡើងវិញ​មុន​ដាក់ពាក្យ​ស្នើសុំ​ចូលរួម​ជាមួយ​ធនាគារ​វិនិយោគ​ក្រុង​ប៉េកាំង។ អាមេរិក​លើកឡើង​ពី​កង្វះ​ស្តង់ដា​នៃ​អភិបាលកិច្ច​របស់​ស្ថាប័នហិរញ្ញវត្ថុ​ថ្មី​ដឹកនាំ​ដោយ​ក្រុង​ប៉េកាំង ដោយ​អះអាងថា​ខ្លួន​បារម្ភ​ពី​និ​រ​ន្តិ​រ​ភាព​នៃ​សមត្ថភាព​សងបំណុលរ​បស់រ​ដ្ឋ ហើយ​ធនាគារ​ថ្មី​អាចមាន​កង្វះខាត​នៃ​គោលនយោបាយ​ការពារ​បរិស្ថាន​និង​ដោះស្រាយ​បញ្ហា​សង្គម​ផង បើ​ប្រៀបធៀប​ជាមួយ​ស្ថាប័ន​ហរិញ្ញវត្ថុ​អន្តរជាតិ​ផ្សេងទៀត​ដូចជា​ធនាគារពិភពលោក។ តាមពិតទៅ​អាមេរិក​និង​ជប៉ុន​ភ័យខ្លាច​ពី​ការបាត់បង់​ឥទ្ធិពល​និង​កិត្តិនាម​របស់ខ្លួន​នៅលើ​ឆាក​អន្តរជាតិ បើ​គ្រប់គ្នា​រួមទាំង​សម្ព័ន្ធមិត្ត​ខ្លួន​ផង​ងាក​ទៅ​ចូលរួម​ជាមួយ​ស្ថាប័ន​របស់​ចិន។

អាមេរិក​ភ័យខ្លាច​ថា​ស្ថាប័នហិរញ្ញវត្ថុ​ស្ថិតក្រោម​ឥទ្ធិពល​ខ្លួន​ដូចជា​ធនាគារពិភពលោក មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ និង​ធនាគា​អភិវឌ្ឍន៍អាស៊ី​ថមថយ​ឥទ្ធិពល​បន្តិចម្តងៗ ដោយសារ​ចាញ់​ប្រៀប​គូប្រកួត​ខ្លួន​ធនាគារ​ចិន​នេះ។ វា​ជា​រឿង​អាម៉ាស​មួយ​ដែល រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ព្រមាន​សម្ព័ន្ធមិត្ត​ខ្លួន​ម្តង​ជា​ពីរដង​ប៉ុន្តែ​ចុងក្រោយ​ពួកគេ​នៅតែ​មិន​ស្តាប់​ហើយ​ចូលរួម​ជាមួយ​ចិន។ ទោះជា​អាមេរិក​មិន​ចូលរួម​ក៏ដោយ មហាអំណាច​មួយ​នេះ​បានស្នើ​អោយមាន​ការសហកា​រ​គ្នា​រវាង​ស្ថាប័ន​ថ្មី​និង​ស្ថាប័នហិរញ្ញវត្ថុ​របស់ខ្លួន​ដែលមាន​ស្រាប់​ផង។ 

បើតាម​ការ​អោយដឹងរ​បស់​ក្រុង​ប៉េកាំង ប្រទេស​ដែល​ដាក់ពាក្យ​មុន​កំណត់​អាចមាន​សិទ្ធិ​ចូលរួម​ក្នុងការ​បង្កើត​បទ​បញ្ញា​តិ្ត​ជុំវិញ​អភិបាលកិច្ច និង​ដំណើរការ​នៃ​ធនាគារ​នេះ ខណៈ​ប្រទេស​ដែល​ស្នើសុំ​ចូលរួម​ក្រោយ​ថ្ងៃ ៣១មីនា មាន​ត្រឹម​សិទ្ធិ​បោះឆ្នោត​ប៉ុន្តែ​មិនមាន​សម្លេង​ក្នុង​ការកំណត់​បទបញ្ញត្តិ​អ្វី​នោះទេ។  

២. តៃវ៉ាន់​ស្នើសុំ​ចូលរួម​ជាមួយ​ធនាគារ​ចិន ខណៈ​ចិន​បដិសេធ​ការស្នើសុំ​របស់​កូរ៉េខាងជើង
ដោយឡែក មានរឿង​គួរអោយ​ភ្ងា​ក់​ផ្អើល​មួយ គឺ​រដ្ឋាភិបាល​តំបន់​តៃវ៉ាន់​បានសម្រេច​ដាក់ពាក្យ​ស្នើសុំ​ចូលរួម​ជាមួយ​ធនាគារ​ចិន​កាលពី​ម្សិលមិញ​នេះ។ តាមពិត គេ​ភ្ងា​ក់​ផ្អើល​ដោយសារ​តៃវ៉ាន់​មិនត្រូវ​បាន​គេ​ចាត់ទុកជា​រដ្ឋ​ទេ ហើយ​អ្វីដែល​សំខាន់​តៃវ៉ាន់​ក៏​មិនមែនជា​សមាជិក​អង្គការសហប្រជាជាតិ និង​មិនមែនជា​ភាគី​នៃ​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេងទៀត​ដែរ។ម្យ៉ាង​តៃវ៉ាន់​ក៏​មិនសូវមាន​ទំនាក់ទំនង​ល្អជា​មួយ​ក្រុង​ប៉េកាំង​ដែរ ដោយ​ចិន​តែងតែ​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់ខ្លួន ហើយ​ចិន​មិន​ខ្លាច​ប្រើប្រាស់​ទ័ព​ដើម្បី​វាយ​ដណ្តើម​តៃវ៉ាន់​មកវិញ​ដែរ។ ដូច្នេះ​គេ​មិន​រំពឹងថា​ចិន​នឹង​ពិចារណា​ទទួលយក​តៃវ៉ាន់​ជា​សមាជិក​ធនាគារ​នេះ​ទេ ។

យ៉ាងណាមិញ សូម្បីតែ​សម្ព័ន្ធមិត្ត​របស់​ចិន កូរ៉េខាងជើង​ក៏​មិនត្រូវ​បាន​ចិន​អនុញ្ញាតអោយ​ចូលរួម​ជាមួយ​ធនាគារ​ខ្លួន​ដែរ។ គេ​ដឹងថា រដ្ឋាភិបាល​ចិន​មិន​ចង់អោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចូល​ជា​សមាជិក ដោយសារ​កន្លងមករ​ដ្ឋា​ភិ​បាល​គិ​ម​ជុង​អ៊ុន បរាជ័យ​ក្នុងការ​ផ្តល់ព័ត៌មាន​ល​ម្អិ​ត​ពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច​និង​ទីផ្សារ​ហិរញ្ញវត្ថុ​ជារួម​ដល់​ក្រុង​ប៉េកាំង។ 
     
៣.រុស្ស៊ី​ចូលរួម​ជាមួយ​ធនាគារ​ចិន​ទាំង​ស្ទាក់ស្ទើរ
រុស្ស៊ី​ខុសពី​ឥណ្ឌា ព្រោះ​ប្រទេស​នេះ​ទើបតែ​ដាក់​ស្នើ​ចូល​ជា​សមាជិក​ស្ថាបនិក​នៃ​ធនាគារ​ចិន​ក្នុង​សប្តាហ៍​នេះ​ទេ ពោលគឺ​មុន​ថ្ងៃ​កំណត់​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ចំណែក​ឥណ្ឌា​បើទោះជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​ក៏ដោយ​ប្រទេស​នេះ​មិនបាន​ស្ទាក់ស្ទើរ​ដូច​រុស្ស៊ី​ទេ។ ឥណ្ឌា​បាន​ចុះហត្ថលេខា​ចូល​ជា​សមាជិក​តាំងពី​ខែតុលា​ម្លេះ។ ជុំវិញ​ក៏​ស្ទាក់ស្ទើរ​របស់​ក្រុង​ម៉ូស្គូ​ក្នុងការ​ចូលរួម​ជាមួយ​ក្រុង​ប៉េកាំង ប្រហែល​ជាមាន​ហេតុ​មួយចំនួន​នៅ​ពីក្រោយ​ផង។ គេ​អះអាងថា​រុស្ស៊ី​មិន​ប្រញាប់​ដាក់ពាក្យ​ជា​សមាជិក​ឬ​អាច​បដិសេធ​មិន​ចូលរួម​ផង​ក៏បាន ដោយសារ​រុស្ស៊ី​ក៏មាន​គម្រោង​របស់ខ្លួន​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់​ឬ​លើ​ឆាក​អន្តរជាតិ​ដែរ។

ធនាគារ​ចិន ប្រាកដ​ណាស់​មិន​ជួយ​រុស្ស៊ី​បង្កើន​ឥទ្ធិពល​នៅ​អឺ​រ៉ុ​បានឡើយ ព្រោះ​ធនាគារ​ផ្តួចផ្តើម​បង្កើត​ដោយ​ក្រុង​ប៉េកាំង ដើម្បី​បង្កើន​ឥទ្ធិពល​និង​អំណាច​ចិន​ក្នុង​តំបន់​អាស៊ី​តាមរយៈ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី​ប៉ុណ្ណោះ។ ឃើញ​ម្យ៉ាង​ដូចដែល​ឃើញស្រាប់​រុស្ស៊ី​ជា​ផ្នែក​មួយ​នៃ​ធនាគារ BRICS និង​កំពុង​ដឹកនាំ​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​ផង ដែល​ស្ថាប័ន​ទាំង​អាចជួយ​រុស្ស៊ី​បាន​ក្នុងការ​ពង្រីក​ដែន​ឥទ្ធិពល​និង​អំណាច​នៅក្នុង​តំបន់​និង​ពិភពលោក​បាន ដោយ​មិនចាំបាច់​ចូលរួម​ជាមួយ​ធនាគារ​ចិន​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com