ជាតិ
អាជ្ញាធររឹបអូសបានសារធាតុគ្រឿងញៀនជិត៣០តោន និងប្រេងម្រះព្រៅ១៣៩ប៊ីដុង
×
នៅក្នុងឆ្នាំ២០១៤ អាជ្ញាធររឹបអូសបានសារធាតុផ្សំផលិតគ្រឿងញៀន ជិត៣០តោន នៅក្នុងខេត្តតាកែវ និងនៅស្រុកស្អាង ខេត្តកណ្តាល ព្រមទាំងរកឃើញប្រេងម្រះព្រៅចំនួន១៣៩ប៊ីដុងនៅឯខេត្តពោធិ៍សាត់។ បើទោះបីមានការរឹបអូសបានសារធាតុទាំងនេះក៏ដោយ ក៏នៅកម្ពុជាមិនមានផលិតការផលិតគ្រឿងញៀនសំយោគ និងការចម្រាញ់ប្រេងម្រះព្រៅនោះទេ នៅឆ្នាំ២០១៤ ។ នេះបើតាមការចុះផ្សាយនៅក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ដែលបានស្រង់ប្រសាសន៍របស់លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៤ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ បានបញ្ជាក់ទៀតថា បើទោះបីជា កម្ពុជាមិនមានការផលិត និងការចម្រាញ់ប្រេងម្រះព្រៅក៏ដោយ តែកម្ពុជាបានជួបប្រទះបញ្ហាប្រឈមមួយចំនួនទៀតដូចជាការដាំដុះកញ្ឆានៅបណ្តាខេត្តមួយចំនួន និងការចរាចរណ៍គ្រឿងញៀននៅខេត្តស្ទឹងត្រែង និងព្រះវិហារជាដើម។
នៅក្នុងសន្និបាតនោះដែរ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០១៥នេះ ដោយជំរុញការផ្សព្វផ្សាយអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពជាប្រចាំ និងចំគោលដៅមុខសញ្ញាប្រឈមនានា និងចលនាឲ្យមានការចូលរួមពីគ្រប់មជ្ឈមណ្ឌលជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល អង្គការសាសនា វិស័យឯកជន សំដៅកាត់បន្ថយតម្រូវការ និងចេះបដិសេធគ្រឿងញៀន ព្រមទាំងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជាប់ព្រំដែន សំដៅជំរុញយន្តការភូមិ ឃុំបៃតងគ្មានគ្រឿងញៀននៅតាមព្រំដែន៕
© រក្សាសិទ្ធិដោយ thmeythmey.com