ជាតិ
ក្រសួង និង​អាជីវករ ឯកភាពគ្នា​ផ្អាក​ការ​បូម​ខ្សាច់​ពី៣ទៅ៦ខែ
01, Apr 2015 , 8:35 pm        
រូបភាព

 
ក្រុម​អា​ជីរ​ករ​ទាំងអស់ នឹងមិន​ចេញ​ទូក ឬ​សា​ឡង់​ទៅ​បូម​ខ្សាច់​ទៀត​នោះទេ នៅក្នុង​ពេលដែល​ក្រសួង​រ៉ែ និង​ថាមពល​ធ្វើការ​សិក្សា​ពី​ផលប៉ះពាល់​នានា។ ការសិក្សា​នេះ មាន​រយៈពេល​ពី៣ទៅ៦ខែ។ ការព្រមព្រៀង​គ្នា​នេះ បានធ្វើ​ឡើង នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា ពិគ្រោះ​យោបល់​ពាក់ព័ន្ធ នឹង​ការផ្គត់ផ្គង់​តម្រូវការ​ខ្សាច់ រវាង ក្រសួង​រ៉ែ​និង​ថាមពល និង​អាជីវករ អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃទី១មេសា​នេះ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ។



បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយ ក្រុម​អា​ជីរ​ករ​ដែលមាន​អាជ្ញាប័ណ្ណ​ខ្សាច់​នៅ​ក្រុងភ្នំពេញ និង​ខេត្តកណ្តាល លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា អាជីវករ​ទាំងអស់ នឹងមិន​ចេញ​ទូក ឬ​សា​ឡង់​ទៅ​បូម​ខ្សាច់​ទៀត​នោះទេ នៅ​អំឡុង​ពេលដែល​ខ្លួន​មាន​អាជ្ញា​បណ្ណ​ធ្វើ​អាជីវកម្ម​អស់​សុពលភាព​នោះ។

លោក ឌិ​ត ទីណា បានបញ្ជាក់​ទៀតថា ការផ្អាក​សកម្មភាព​បូ​ម​ខ្សាច់​រយៈពេល ពី៣ ទៅ៦ខែ​នេះ គឺជា​ពេលវេលា​ដើម្បី​ឲ្យ ក្រសួង ធ្វើការ​សិក្សា​ពី​ផលប៉ះពាល់​នានា មុននឹង​សម្រេច​ឲ្យ​ដំណើរការ​អាជីវកម្ម​ឡើងវិញ។ ក្រសួង ក៏បាន​ព្រមព្រៀង​ជាមួយនឹង​អាជីវក​រថា នឹង​ចុះទៅ​ត្រួតពិនិត្យ​ដល់​កន្លែង​បូម​ខ្សាច់​របស់​ក្រុម​អា​ជីករ នៅពេល​ខាងមុខ ព្រមទាំង​បោះត្រា​ទៅលើ​ក្បាលម៉ាស៊ីន​បូម​ខ្សាច់​ណា​ដែល​អស់​សុពលភាព ដើម្បី​តាមដាន​ឲ្យ​ដឹងថា តើ​អាជីវក​រណា​ដែល​បាន​ប្រព្រឹត្តិ​ល្មើស​ទៅនឹង​ការព្រមព្រៀង​នេះ។

តែ​យ៉ាងណាក៏ដោយ​ក្រុមអាជីវករ បាន​គូស​បញ្ជាក់ដែរថា ពួកគាត់​គឺជា​អាជីវករ មិនមែន​មែន​ជា​ឧក្រិដ្ឋជន​នោះទេ ហើយក៏​មិន​ចង់​ធ្វើ​អ្វីដែល​ខុស​នឹង​ច្បាប់​ដែរ។  ក្រុមអាជីវករ ក៏បាន​ស្នើ​ឲ្យ​ក្រសួង​ព​ន្លឿ​ន​ឲ្យ​បាន​ឆាប់ ពី​ការសិក្សា​ពី​ផលប៉ះពាល់ ព្រោះថា​ចន្លោះពេល​ពី៣ខែ​ទៅ៦ខែ គឺ​យូរណាស់​សម្រាប់​ពួកគាត់​ដែលជា​អាជីវករ។ ពួកគាត់​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​ផ្អាក​ដំណើរការ​អាជីវ​កម្មនេះ អាច​នឹង​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​តម្រូវការ ជាពិសេស​គឺ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ពួកគាត់។

ក្រៅពី​ការឯកភាព​គ្នា​នេះ ក្រសួង​ក៏បាន​ប្រកា​សលេខ​ទូរ​សព្ទ​បី​ខ្ទង់ គឺ​លេខ៧២៧ ដើម្បី​រាយការណ៍​ពីបទ​ល្មើស​បូម​ខ្សាច់ នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល។ ចំពោះ​អ្នក​ដែល​ចង់​ផ្ញើរ​ជា​រូបថត អាច​ផ្ញើ​តាម​កម្មវិធី WhatsApp តាមរយៈ​លេខ​ទូរស័ព្ទ ០៩៥ ៧២៧៧២៧ ។ ក្រសួង​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន និង​អ្នកសារព័ត៌មាន​ជួយ​សហការ​រាយការណ៍​ពីបទ​ល្មើស​បូម​ខ្សាច់​នានា នៅក្នុង​ខេត្តកណ្តាល​និង​រាជធានី​ភ្នំពេញ​ផងដែរ។

សូមបញ្ជាក់ថា​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ចំនួន១៩ ដែលមាន​អាជ្ញា​ប័​ណ្ឌ​ធ្វើ​អាជីវកម្ម​ខ្សាច់ នៅក្នុង​ក្រុងភ្នំពេញ និង​ខេត្តកណ្តាល ប៉ុន្តែ​អាជ្ញា​ប័​ណ្ឌ​ធ្វើ​អាជីវកម្ម​ទាំងនោះ​ផុត​សុពលភាព ហើយ​មាន​ក្រុមហ៊ុន​ឈ្មោះ សុខ ទៀង តែមួយគត់ ដែលមាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​មាន​សុពលភាព ដែលមាន​ទីតាំងនៅ​កោះអន្លង់ចិន ក្នុងស្រុក​ស្អាង ខេត្តកណ្តាល៕





© រក្សាសិទ្ធិដោយ thmeythmey.com