ជាតិ
ក្រសួងបរិស្ថាន​ចាត់​វិធាន​ឲ្យ​មន្ត្រី​ការពារ​និរន្តរភាព​ប្រព័ន្ធ​អេកូឡូស៊ី
01, Apr 2015 , 9:00 pm        
រូបភាព
ដោយ:

 
ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ចាត់វិធានការ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម ពង្រឹង​នូវ​និរន្តរភាព​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​កម្ពុជា​ពិសេស​គឺ​សេវាកម្ម​អេកូឡូស៊ី​សម្រាប់​លើកស្ទួយ​ជីវភាព​ប្រជាជន​នៅ​ទីជនបទ។


នា​ពិធី​បើក​សន្និបាត​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ ២០១៤ នៅ​ថ្ងៃទី១ មេសា​នេះ លោក សាយ សំ​អាល់ បាន​និយាយថា ប្រព័ន្ធ​អេកូឡូស៊ី ជា​ជីវៈចម្រុះ​ដ៏​សំខាន់​ក្នុង​ការផ្តល់​សុវត្ថិភាព ស្បៀង សុខភាព​មនុស្ស ពិសេស​គឺ​កាត់បន្ថយ​ភាពក្រីក្រ។

លោក​រដ្ឋមន្ត្រី​បាន​និយាយ​ជំរុញ​ថា៖«សំដៅ​ធានា​ឲ្យ​បាន​នូវ​គុណភាព​បរិស្ថាន​ល្អ និរន្តរភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ក្រសួងបរិស្ថាន ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍​ត្រូវ​បន្ត​នូវ​កិច្ច​សហ ប្រតិបត្តិការ ទាំង​ផ្នែក​បច្ចេកទេស និង​ថវិកា»។

ជាមួយនេះដែរ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ក៏បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​កម្រង​ឯកសារ​ចំនួន បី​ក្បាល ដែល​ទាក់ទង​នឹង​ការងារ​បរិស្ថាន​ដែរ ក្នុងនោះ​រួមមាន ទី១, របាយការណ៍​ស្តីពី ស្ថានភាព​បរិស្ថាន ការប្រែប្រួល​អាកាសធាតុ​និង​សេដ្ឋកិច្ច​តំបន់ឆ្នេរ។ ទី២, របាយការណ៍ បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ២០១៤ និង​ទិសដៅ​ឆ្នាំ២០១៥ និង​ទី៣, កម្រង​ឯកសារ ស្តីពី​សកម្មភាព​ការងារ​ក្រសួងបរិស្ថាន​ឆ្នាំ ២០១៣ ដល់២០១៥ ។

យោងតាម​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការគ្រប់គ្រង​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​ឆ្នាំ ២០១៤ កម្ពុជា​គ្របដណ្តប់​ទៅដោយ​ប្រព័ន្ធ​ការពារ​ធម្មជាតិ​តែ ២៦ប៉ុណ្ណោះ នៃ​ផ្ទៃ​ប្រទេស​ដែលមាន ២៣តំបន់ការពារធម្មជាតិ ក្នុងនោះ រួមមាន តំបន់​ការពារ​ព្រៃ​ការពារ​ចំនួន ៦កន្លែង និង​ដែន ជម្រក​ត្រី​ចំនួន ៨តំបន់៕



© រក្សាសិទ្ធិដោយ thmeythmey.com