ពីនេះ ពីនោះ
តម្លៃ​សាសនា​មិនអាច​បាត់បង់​ពី​សង្គម​បានទេ​!
28, Feb 2016 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សាសនា​គឺជា​ការប្រមូលផ្តុំ​នៃ​សេចក្តី​ជំនឿ​ឬ​ប្រព័ន្ធ​នៃ​សេចក្តី​ជំនឿ​ទាំងឡាយ​, ប្រព័ន្ធ​វប្បធម៌ និង ទស្សនៈ​ទាំងឡាយ​អំពី​ពិភពលោក ដែល​ភ្ជាប់​មនុស្សធម៌​ទៅនឹង​សណ្តាប់ធ្នាប់​នៃ​អត្ថិភាព ។​



​ជា​តថភាព ការគ្រប់គ្រង​សង្គម​គឺ ទាមទារ​ធាតុ​ផ្សំ​ជាច្រើន​ដើម្បី​រៀបចំ​សង្គម រៀបចំ​មនុស្ស រៀបចំ​ស្ថាប័ន​នានា​ដើម្បី​ឲ្យ​មាន​ដំណើរការ និង​មាន​កិច្ចសហប្រតិបត្តិការ​ណ៍​គ្នា ដើម្បី​រស់នៅក្នុង​សង្គម​មួយ​ក្នុងនាម​ជា​សង្គម​រីកចម្រើន និង​សន្តិភាព មាន​ភាពថ្លៃថ្នូរ​ក្នុងនាម​ជា​រដ្ឋ​។

​មួយ​ក្នុងចំណោម​ធាតុ​ផ្សំ​ទាំងនោះ សាសនា​គឺ ជា​កម្លាំងចលករ​ដ៏​សំខាន់ ដើម្បី​ទៅគ្រប់​គ្រង​ស្មារតី អប់រំ​ចិត្ត អប់រំ​ទង្វើ​របស់​មនុស្ស​ឲ្យ​ដើរ​លើ​មាគ៌ា​ត្រឹមត្រូវ​ក្រោម​មេរៀន​ព្រះធម៌​ក្នុង​ការកសាង​សេចក្ដី​ល្អ ទង្វើ​ជា​កុសល ឆ្ពោះទៅរក​សង្គម​ដ៏​មានតម្លៃ​។ ប៉ុន្តែ​នៅពេល​មាន​ភ្នាក់ងារ​ផ្សព្វផ្សាយ​សាសនា​ណាមួយ បាន​ប្រព្រឹត្ត ផ្ទុយ​ពី​គោលការណ៍​សាសនា​បានកំណត់ ច្បាប់​សាសនា ធម៌​វិន័យ បុគ្គល​នោះ​នឹង​នាំ​ឲ្យ មនុស្ស​នៅក្នុង​សង្គម​មើលទៅ​សាសនា​ក្នុង​ផ្លូវ​អវិជ្ជមាន​ផ្សេងៗ​។ បុគ្គល​នៅក្នុង​សាសនា​ធ្វើ​ខុស​ធម៌​វិន័យ នោះ​គឺជា​រឿង​ខុសឆ្គង​មិនអាច​បន្ត​ឲ្យ​មាននៅ​ក្នុងសង្គម​។ ក៏ប៉ុន្តែ សម្រាប់​អ្នក​ដែល​ដើរ​តាម​សាសនា គួរ​ណាស់​កុំ​មានការ​គិត​បែប​វិចារ​អនុមានរួម ដើម្បី​វាយតម្លៃ​សាសនា ជាពិសេស​ភ្នាក់ងារ​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​តែ​ក្នុង​ផ្លូវ​អាក្រក់​។

​នោះ​គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់ មនុស្ស​ដែល​តែងតែ​ទាញ់យក​រឿង​ដោយឡែកៗ រឿង​បុគ្គល មក​ផ្សារភ្ជាប់​ជាមួយ​អ្វី​ដែលមាន​លក្ខណៈ​ជារួម ហើយ​ធ្វើ​បុរេនិច្ឆ័យ​ថា សាសនា​នេះ​អាក្រក់ ភ្នាក់ងារ​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​គឺ​អាក្រក់​ជាដើម​។ ហើយ​ផ្ដើម​សកម្មភាព​ជេរប្រមាថ​សាសនា អ្នក​ផ្សព្វផ្សាយ​សាសនា អ្នកមាន​ជំនឿ​លើ​សាសនា ដោយ​ពាក្យពេចន៍​គ្មាន​ក្រិត​ក្រមសីលធម៌​គ្រប់បែបយ៉ាង​។ ពេលនោះ​លទ្ធផល គឺ​នាំ​ឲ្យ​តម្លៃ​សាសនា​មួយ​ត្រូវ​ធ្លាក់ចុះ​។ ពេល​តម្លៃ​សាសនា​ធ្លាក់ចុះ មនុស្ស​ក៏​លែង​ជឿ​លើ​សាសនា​។ ពេល​មនុស្ស​លែង​ជឿ​លើ​សាសនា មនុស្ស​លែង​ជឿ​លើ​បុណ្យ​បាប ពេល​មនុស្ស​លែង​ជឿ​លើ​បុណ្យ​បាប មនុស្ស​នឹងធ្វើ​អ្វីៗ​ទៅតាម​តែ​ចំណង់​របស់ខ្លួន​ដែល​ចង់បាន ដោយ​មិន​ខ្វល់​ពីអ្វី​ជា​ទង្វើ​កុសល ឬ​អកុសល​។​

​ជារួម​ទៅគ្រប់​សាសនា​ទាំងអស់ គ្មាន​សាសនា​ណា ដែលមាន​ទិសដៅ ដឹកនាំ​មនុស្ស​ទៅរក​មាគ៌ា​អាក្រក់​នោះទេ​។ ប៉ុន្តែ​មនុស្ស​ទេ អ្នកមាន​ជំនឿ​ជ្រុលនិយម អ្នក​យល់​ខុសពី​សាសនា អ្នកយក​សាសនា​ដើម្បី​ធ្វើ​អាជីព​ទេ ដែល​អាក្រក់​ហើយ​ចាំបាច​ត្រូវតែ​ចាត់វិធានការ តាមច្បាប់​រដ្ឋ ធម៌​វិន័យ និង​ច្បាប់​សាសនា​។ តែ​មិនមែន​ដាក់ទោស​ជន​ទាំងនោះ​តាមរយៈ​ការជេរប្រមាថ​បែប​លក្ខ​ណះ​ជារួម​នោះដែរ​។ ហេតុនេះ​នៅក្នុង​រដ្ឋ នៅក្នុង​សង្គម​មួយ​គឺ​ចាំបាច​ត្រូវតែមាន​ការចូលរួម​ពង្រឹង​វ​ស័​យ​សាសនា ឲ្យ​បាន​តឹងរឹង​ដើម្បី​ជា​ថ្នាល់​អប់រំ​មនុស្ស គ្រប់គ្រង​សតិ​ស្មារតី​មនុស្ស និង​ការប្រព្រឹត្ត​របស់​មនុស្ស​ផ្នែគ​ខាងក្នុង នោះ​គឺ ចិត្ត និង​គំនិត​ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com