ជាតិ
សេដ្ឋកិច្ច
សេដ្ឋវិទូ កង ចាន់​តារា​រ័ត្ន បារម្ភ​ខ្លាំង​ចំពោះ​ការកើនឡើង​នៃ​កម្ចី​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​
20, Feb 2016 , 6:00 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៥​កន្លងមក កម្ចី​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​កើន​ដល់​២,៩ ពាន់​លាន​ដុល្លារ​អាមេរិក ពោលគឺ​កើនឡើង​ប្រមាណ​ជា​៤៥%​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤​កន្លងមក​។ ចំពោះ​កំណើន​នេះ សេដ្ឋវិទូ​ខ្មែរ​បង្ហាញ​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ តែ​អ្នកជំនាញ​ធនាគារ​គិតថា នេះ​គឺជា​សញ្ញា​ល្អ​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​ទៅវិញ​។​



​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​កម្ពុជា​ទទួលបាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​៧% និង​អាច​កាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​ធ្លាក់​ចុះមក​នៅ​ប្រមាណ​ជា​២០%​នៅ​ឆ្នាំ​២០១៦​នេះ​។ ផលិតផល​សរុប​ក្នុងស្រុក​របស់​កម្ពុជា​ត្រូវបាន​គេ​គិតគូរ​ឃើញថា មាន​ចំនួន​ជាង​១​ម៉ឺន ៨ ពាន់​លាន​ដុល្លារ​អាមេរិក ស្រប​ពេលដែល​ប្រាក់ចំណូល​របស់​ប្រជាជន​ម្នាក់​ក្នុង​មួយឆ្នាំ​កើនឡើង​ដល់​ជាង​១២០០​ដុល្លារ​អាមេរិក​។ 
 
​កំណើនសេដ្ឋកិច្ច​កើនឡើង​ប្រក​ដោយ​ស្ថិរភាព ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​ពលរដ្ឋ​ម្នាក់​កើនឡើង​ជា​លំដាប់ អត្រា​ភាពក្រីក្រ​របស់​ពលរដ្ឋ​ត្រូវបាន​កាត់បន្ថយ​មែន តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គឺថា ពលរដ្ឋ​ខ្មែរ​ទទួល​កម្ចី​កាន់តែច្រើន​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​នាំ​ឲ្យ​មាន​ក្តីកង្វល់​ថា សេដ្ឋកិច្ច​កាន់តែ​កើន តែ​ពលរដ្ឋ​ខ្មែរ​ជំពាក់​បំណុល​គេ​កាន់តែ​ខ្ពស់​។ 
​របាយការណ៍​របស់​ស​មា​គម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ឆ្នាំ​២០១៥​កន្ល​មក ពលរដ្ឋ​ខ្មែរ​ចំនួន​២​លាន​នាក់​បាន​ខ្ចី​កម្ចី​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ចំនួន​ទឹកប្រាក់​២,៩​ពាន់​លាន​ដុល្លារ​អាមេរិក ពោលគឺ​កើនឡើង​ប្រមាណ​ជា​៤៥%​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤​កន្លងមក​។ ប្រជាពលរដ្ឋ​ម្នាក់​ខ្ចី​ក្នុង​ទំហំ​ទឹកប្រាក់​ជាធ​ម្យ​ម​១៤៦០​ដុល្លារ​អាមេរិក​។ 
 
​តើ​ចំនួន​ប្រាក់កម្ចី​កើនឡើង និង​ចំនួន​អ្នក​ខ្ចី​កើនឡើង គឺជា​កត្តា​ល្អ​ឬទេ​សម្រាប​
​សេដ្ឋកិច្ច​? ឬក៏​ផ្ទុយទៅវិញ កំណើន​នេះ គឺជា​បញ្ហា​សេដ្ឋកិច្ច​ដែល​ត្រូវការ​ការចាត់វិធានកា​រណា​មួយ​ជាបន្ទាន់​? 
​ចំពោះ​បញ្ហា​នេះ អ្នកជំនាញ​វិស័យ​ធន​គារ និង​សេដ្ឋវិទូ​បកស្រាយ​ខុសគ្នា​។ លោក អ៊ិន ចាន់នី នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា បាន​បកស្រាយ​ពន្យល់ថា តាម​ទ្រឹស្តី​សេដ្ឋកិច្ច​និង​ទិសដៅ​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ការបង្កើត​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​ទទួលបាន​ឥណទាន​ក្នុងទិសដៅ​បង្កើន​ប្រាក់ចំណូល និង​បង្កើត​ការងារ​។

បន្ទាប់មក សកម្មភាព​សេដ្ឋកិច្ច​តាមរយៈ​កម្ចី​នេះ នឹង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​នៅ​ទីបំផុត វា​នឹង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​។ ងាក​មក​ឆ្លើយ​ទៅនឹង​សំណួរ​ដែល​សួរថា តើ​ចំនួន​ប្រាក់កម្ចី​ជិត​៣​ពាន់​លាន​ដុល្លារ​ផ្តល់ជូន​អ្នក​កម្ចី​តូចតាច​នោះ អាច​ផ្តល់​ជា​គុណវិបត្តិ​សម្រាប់​អ្នក​ខ្ចី​តូចតាច​ដែរឬទេ​នោះ​? 
 
​លោក អ៊ិន ចាន់នី បាន​ពន្យល់ថា ប្រសិនបើ​អ្នក​ខ្ចី ខ្ចីប្រាក់​យកទៅ​ទិញ​របស់របរ​ដែល​អត់​ប្រយោជន៍ ឬ​ទៅ​ទិញ​ស្រា​ផឹក​ដែល​គ្មាន​បាន​ប្រាក់ចំណូល​មកវិញ​នោះ នោះ គឺជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​។ ប៉ុន្តែ​ប្រសិនបើ​ប្រាក់កម្ចី​ត្រូវបាន​គេ​យកទៅ​ធ្វើ​ជំនួញ​ពិតប្រាកដ ពេលនោះ កម្ចី​ដែលជា​បំណុល​នោះ មិនមាន​បញ្ហា​អ្វី​ឡើយ​។ លោក អ៊ិន ចាន់នី បានបញ្ជាក់​ដោយ​ដកស្រង់​តួលេខ​មក​បង្ហាញថា​៖«​អត្រា​នៃ​អ្នក​មិនអាច​សង​បាន​ស្ថិតនៅក្រោម​១% ដូច្នេះ វា​គ្មាន​បញ្ហា​អ្វី​ទេ​។ អ្នកផ្តល់​កម្ចី​មិន​ចេះតែ​ឲ្យ​ខ្ចី​ទេ​។ ឲ្យ​ខ្ចី លុះត្រាតែ​អ្នក​ខ្ចី មាន​ផែនការអាជីវកម្ម​ត្រឹមត្រូវ​»​។ 
 
​លោក កង ចាន់​តារា​រ័ត្ន សេដ្ឋវិទូ​ឯករាជ្យ​នៅក្នុង​ប្រទេស​កម្ពុជា​មើលមិនឃើញ​ប្រយោជន៍​ដូច​លោក អ៊ិន ចាន់នី ទាំងស្រុង​នោះទេ​។ សម្រាប់​លោក កង ចាន់​តារា​រ័ត្ន កម្ចី​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក្នុង​កម្រិត​ពេល​បច្ចុប្បន្ននេះ គឺជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ពីព្រោះ​អ្នករកស៊ី​តូចតាច​ដែល​ខ្ចីប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ កាន់តែ​លែង​សូវ​មានឱកាស​រកស៊ី​ហើយ​។ មិនមាន​ឱកាស ព្រោះថា អ្នកមាន​លទ្ធភាព​ភាគច្រើន​កាន់កាប់​ជំនួញ​ជំនួស​អ្នកក្រីក្រ​។ លោក តារា​រ័ត្ន​លើកឡើងថា​៖«​អ្នករកស៊ី​តូចតាច​ប្រឈម​នឹង​គ្រោះថ្នាក់​ចំពោះ​មុខរបរ របស់​ពួកគេ ពីព្រោះ កសិករ​ឥឡូវនេះ​ក្លាយជា​កម្មករ​អ្នកមាន ក្លាយជា​អ្នក​ជួល​ដី​អ្នកមាន ឬ​ក្លាយជា​អ្នក​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​។ កាលពី​៥​ឆ្នាំមុន អ្នកជំនួញ​តូចតាច​ជាពិសេស នៅក្នុង​វិស័យ​កសិកម្ម​អាច​នៅមាន​ឱកាស​រកស៊ី​បាន​ខ្លះ ឥឡូវនេះ​អ្នកមាន​ធនធាន​កាន់កាប់​ដី​កសិកម្ម​ច្រើន​រយ​ហិកតា ហើយ​កសិករ​ពិតប្រាកដ​បែរជា​ជួល​ដី​គេ​ធ្វើ​កសិកម្ម​វិញ​។ នេះ​គឺជា​បញ្ហា​»​។ 
 
​លោក កង ចាន់​តារា​រ័ត្ន បញ្ជាក់​បន្ថែមទៀតថា ទឹកប្រាក់​ប្រមាណ​ជា​៣​ពាន់​លាន​ដុល្លារ​ដែល​ផ្តល់​ឲ្យ​ដោយសារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គឺជា​ចំនួន​ទឹកប្រាក់​ច្រើន​ដែល​ត្រូវ​ចាក់​បញ្ចូល​ទៅក្នុង​សេដ្ឋកិច្ច​ខ្មែរ ជាពិសេស ទៅក្នុង​មុខរបរ​តូចតាច​។ អ្នក​ខ្ចី​ទាំងនោះ​ភាគច្រើន​បោះទុន​នៅក្នុង​វិស័យ​កសិកម្ម និង​តិចតួច​ណាស់​ក្នុង​វិស័យ​ទេសចរណ៍ ឬ​វិស័យ​កាត់ដេរ​។ ចុះបើ​វិស័យ​កសិកម្ម​ត្រូវបាន​គ្រប់គ្រង​ដោយ​អ្នកមាន​ធនធាន ហើយ​កសិករ​ពិតប្រាកដ​ក្លាយទៅជា​កម្មករ​ជួល​ដី​គេ​ទៅហើយនោះ ពេលនោះ កម្ចី​អាជីវកម្ម​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​។ នេះ​គឺជា​ពន្យល់​បន្ថែម​របស់​សេដ្ឋវិទូ កង ចាន់​តារា​រ័ត្ន​ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើយ៉ាងណា​អនុញ្ញាត​ឲ្យ​អ្នករកស៊ី​តូចតាច​អាចមាន​ឱកាស​ពង្រីក​ជំនួញ​របស់​ពួកគេ​តទៅ​មុខ​បាន​ទៀត​។ 
 
​លើសពីនេះទៅទៀត លោក កែម ឡី អ្នកវិភាគ​សង្គម​នយោបាយ និង​សេដ្ឋកិច្ច​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ចំពោះ​លទ្ធភាព​មិនអាច​សង​វិញ​បាន​ពី​សំណាក់​អ្នកជំនួញ​កសិកម្ម​ខ្នាតតូច ពីព្រោះ តម្លៃ​កសិកម្ម​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​នាពេល​បច្ចុប្បន្ន​នេះ​។ ស្រូវ ដំឡូង និង​កៅស៊ូ ធ្លាក់​ថ្លៃ​ទាំងអស់​។ តើ​បំណុល​របស់​ពល​ល​រដ្ឋ​ខ្មែរ​វា​ជា​បំណុល​ជំរុញ​កំណើនសេដ្ឋកិច្ច ឬ​ជា​បំណុល​រុញ​ឲ្យ​កសិករ​កាន់តែ​វ័ណ្ឌក​បន្ថែមទៀត​? 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com