ជាតិ
បទវិភាគ
«​សម្តេច​» ត្រូវមាន​លក្ខណៈវិនិច្ឆ័យ​៧​ចំណុច​
21, Feb 2016 , 9:20 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ «​សម្តេច​» ត្រូវតែ​ជា​បុគ្គល​ដែល​ខ្លាំងពូកែ អាច​ធានា​នូវ​ការឯកភាព​ជាតិ និង​មានអំណាច​។ ទស្សនវិទូ​ជនជាតិ​អ៊ីតាលី លោក ម៉ា​គី​យ៉ា​វែ​ល​(Machiavel)​បាន​អះអាងថា លក្ខណៈ​ស​ម្ប​តិ្ត​ជាស​ម្តេច គឺ​ត្រូវមាន​លក្ខណៈវិនិច្ឆ័យ​៧​យ៉ាង​។


 
​លក្ខណៈវិនិច្ឆ័យ​ទី​១៖ ត្រូវប្រកាន់យក​ភាព​ប្រក​ដ​និយម​ជា​គោល​។ នៅពេល​មាន​អ្វី​កើតឡើង មិនត្រូវ​ស្លន់ស្លោ ហើយ​ចាត់ទុកជា​រឿង​ធម្មតា​។ តែ​មិនត្រូវ​ធ្លាក់​នៅក្នុង​គំនិត​សន្តិភាព​និយម​ពេក និង​មិនត្រូវ​ជឿ​លើ​ខ្លួនឯង​ហួសហេតុ​ពេក​ដែរ​។ 
 
២៖ មិនមែនជា​មនុស្ស​អត្តទត្ថ និង​លើ​កក​ម្កើ​ង​ខ្លួន ពីព្រោះ​ជាធម្មតា មនុស្ស​តែង​គិតគូរ​អំពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​លើកតម្កើង​ខ្លួនឯង​តាមរយៈ​ការបង្ហាញ​ឲ្យ​គេ​ស្គាល់​នូវ​សកម្មភាព ឬ​តាមរយៈ​ស្នាដៃ​របស់ខ្លួន​។ ជាមួយ​មជ្ឈដ្ឋាន​អាក្រក់ យើង​មិនអាច​យក​អ្វីដែល​ល្អ​ទៅប្រើ​ប្រាស់​បានទេ  ពីព្រោះ​គេ​មិនអាច​ចាត់ទុកថា យើង​ជា​អ្នក​ល្អ ក្នុងចំណោម​មនុស្ស​អាក្រក់​បានទេ​។ 
 
៣៖ ជា​មនុស្ស​ចេះ​គន់គូរ​មើលថា បើ​យក​មនុស្ស​ណា​មក​ប្រើ តើ​ចំណេញ​អ្វីខ្លះ​ដល់​យើង​? អ្នក​តាម​ដង្ហែ​យើង ឬ​បម្រើ​យើង​ដោយ​ឥត​លោភលន់ គឺ​ត្រូវ​ផ្តល់​រង្វាន់​ដល់​គេ និង​ស្រលាញ់​គេ​។ ត្រូវយក​អ្នក​ដាច់​តែឯង មក​ធ្វើជា​ទីប្រឹក្សា​របស់​យើង ព្រោះ ពួកនេះ​នឹង​ជួយ​ការពារ​យើង​ពេល​មាន​អាសន្ន​។ មនុស្ស​ដែល​មិន​ទាក់ទិន​នឹង​យើង​ក្នុង​គោលការណ៍​ណាមួយ គួរ​កុំ​យកមកប្រើ ព្រោះ​មនុស្ស​ប្រភេទ​នេះ គេ​គិត​អំពី​ផលប្រយោជន៍​គេ ជាង​ផលប្រយោជន៍​យើង​។ នៅពេល​មាន​អាសន្ន​ពួកនេះ​នឹង​បំផ្លាញ​យើង​។ «​សម្តេច​» ត្រូវធ្វើ​ឲ្យ​ខ្លាច និង​គោរព ជាជាង​ធ្វើ​ឲ្យ​គេ​ស្រលាញ់​។​
 
៤៖ មិនត្រូវ​ចាប់អារម្មណ៍​អំពើ​ល្អ ឬ​អាក្រក់​ទេ ប៉ុន្តែ​ត្រូវ​ចេះ​ប្រើប្រាស់​នូវ​សកម្មភាព​ទាំងពីរ នៅពេលណា​ដែល​កាលៈទេស​តម្រូវ​ឲ្យ​។ គោលដៅ គឺ​បញ្ជាក់​ពី​មធ្យោបាយ​ដែល​ប្រើប្រាស់​។ 
 
៥៖ ជា​មនុ​ស្សមានភាព​ប៉ិនប្រសប់ ពោលគឺ​ចេះ​ប្រើល្បិច ពីព្រោះ អ្វីៗ​ទាំងអស់ គឺ​តែងតែមាន​សភាព​តានតឹង​ជានិច្ច មុននឹង​ឈានទៅដល់​គោលដៅ​។ ល្បិចកល​ដែល​ប្រើប្រាស់​គឺ​«​បំបែកបំបាក់​ដើម្បី​ត្រួតត្រា​»​។ 
 
៦៖ ត្រូវ​ចេះ​ដើរតួ លាក់កំបាំង ឬ​លាក់ពុត​យ៉ាង​ប៉ិនប្រសប់​។ និង​ទី​៧៖ ត្រូវមាន​អនុភាព ពោលគឺ​ត្រូវ​មើលឃើញ​ខ្លួនឯង​ឋិត​នៅ​ពីលើ​គេ​ទាំងអស់​៕ 
(​ដកស្រង់​ពី​សៀវភៅ​«​ប្រវត្តិ​គំនិត​នយោបាយ​ប​ស្ចឹ​ម​ប្រទេស​» រៀបរៀង​ដោយ បណ្ឌិត អ៊ុំ ប៉ុ​ម​)

Tag:
 ទស្សនវិជ្ជា
© រក្សាសិទ្ធិដោយ thmeythmey.com