បទវិភាគ
សង្គមជាតិ
បើ​ធ្វើជា​អ្នកដឹកនាំ ត្រូវតែ​ហ៊ាន​ប្រឈម​នឹង​ការរិះគន់ ឬ ការតវ៉ា​ផ្សេងៗ​
21, Feb 2016 , 6:00 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ជាទូទៅ ក្នុង​រដ្ឋ​ដែល​ប្រកាន់យក​របប​ប្រជាធិបតេយ្យ ក្រៅពី​សិទ្ធិ​មូលដ្ឋាន ពលរដ្ឋ​ម្នាក់ៗ​មាន​សិទ្ធិ​សំខាន់ៗ​ជាច្រើន​ទៀត ដូចជា សិទ្ធិ​ចងក្រង​គ្នា​ជា​ក្រុម សិទ្ធិ​បញ្ចេញមតិ​យោ​លប​ល់ សិទ្ធិ​តវ៉ា សិទ្ធិ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ សិទ្ធិ​ចូលរួម​ក្នុងការ​បោះឆ្នោត សិទ្ធិ​ចូលរួម​ក្នុង​សកម្មភាព​ផ្សេងៗ ដូចជា ការប្រជុំ ការពិភាក្សា ការធ្វើ​សេចក្ដីសម្រេចចិត្ត​ក្នុងការ​ដឹកនាំ​និង​ការអភិវឌ្ឍ និង ការធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ គាំទ្រ ឬ ប្រឆាំង​អ្វីមួយ ជាដើម​។ ប៉ុន្តែ សិទ្ធិ​ទាំងអស់នេះ ត្រូវ​អនុលោម​ទៅតាម​ច្បាប់​របស់​រដ្ឋ​នីមួយៗ​។ ហេតុនេះ មនុស្ស​ដែល​មានឱកាស​ដឹកនាំរ​ដ្ឋ​ប្រភេទ​នេះ ត្រូវតែ​ទទួល​ស្កាល់​សិទ្ធិ​ទាំងអស់នេះ និង ប្រាកដជា​ត្រូវ​ទទួលបាន​ទាំង​ការគាំទ្រ ការសរសើរ ទាំង​ការប្រឆាំង ការរិះគន់ និង ការតវ៉ា តាមរយៈ​ពាក្យសម្ដី តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង តាមរយៈ​បាតុកម្ម ឬ សកម្មភាព​ផ្សេងៗ​ដោយ​ចៀស​មិន​រួច​។​


 
​ដោយឡែក​នៅ​កម្ពុជា ដែលជា​រដ្ឋ​មួយ​ប្រកាន់យក​របប​ប្រជាធិបតេយ្យ​ដែរនោះ អ្នកដឹកនាំ​និង​គ្រប់គ្រង ប្រាកដជា​មិនអាច​គេច​ផុតពី​ការប្រើប្រាស់​សិទ្ធិ​នានា​ពី​ភាគី​ពលរដ្ឋ ដូចដែល​បានលើកឡើង​ខាងលើ​នោះទេ​។ អ៊ីចឹង​ហើយ​បានជា​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣​រហូតមក​ទល់នឹង​បច្ចុប្បន្ននេះ គេ​តែងតែ​សង្កេតឃើញ​មាន ការប្រឆាំង ការរិះគន់ និង ការតវ៉ា​ផ្សេងៗ​ពី​ភាគី​ប្រជាពលរដ្ឋ វិស័យ​ឯកជន និង សង្គម​ស៊ីវិល ចំពោះ​កំហុសឆ្គង ភាពខ្វះ​ចន្លោះ​នៃ​ការសម្រេចចិត្ត​និង​ការដឹកនាំ និង វិធាន​ការមិន​សម​ហេតុផល​មួយចំនួន​របស់​មន្ត្រី​អនុវត្ត​ច្បាប់ ឬ អាជ្ញាធរ តាំង​ពីលើ​ដល់​ក្រោម​។​
 
​ជាទូទៅ ការរិះគន់ បាតុកម្ម និង ការតវ៉ា​ផ្សេងៗ តែងតែ​ធ្វើឡើង​ដោយ​ប្រជាពលរដ្ឋ និង​/​ឬ សង្គម​ស៊ីវិល ដើម្បី​ប្រឆាំង​ទៅនឹង​កំហុសឆ្គង ផលប៉ះពាល់​ក្នុងការ​អភិវឌ្ឍ ឬ ការដឹកនាំ និង ការរំលោភបំពាន ពី​និយោជិត អ្ន​កាន់អំណាច បុគ្គល​មាន​ឥទ្ធិពល ស្ថាប័នរដ្ឋ​និង​ឯកជន ជាដើម​។ ជាការ​ឆ្លើយតប​វិញ អាជ្ញាធរ​ពាក់ព័ន្ធ​តែងតែមាន​ចំណាត់ការ​មួយចំនួន មាន​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន​។ កន្លងមក ត្រូវបាន​គេ​មើលឃើញថា មាន​ករណី​តិចតួច ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​សម្របសម្រួល​ជាមួយ​អ្នក​រិះគន់ អ្នក​តវ៉ា ឬ បាតុករ​ដើម្បី​ដោះស្រាយ​បញ្ចា​ប់​បញ្ហា​ជាមួយ​បុគ្គល ឬ ស្ថាប័ន​ពាក់ព័ន្ធ​។ 
 
​ករណី​ខ្លះទៀត អាជ្ញាធរ ហាក់ដូចជា​ធ្វើ​មិនដឹងមិនឮ ហើយ​ថែមទាំង​បណ្ដោយ​ទុកឱ្យ​អ្នក​តវ៉ា​ធ្វើ​សកម្មភាព​ជាច្រើន​ម៉ោង ច្រើន​ថ្ងៃ ច្រើន​ខែ ដើម្បី​តវ៉ា ឬ ទាមទារ​អ្វីមួយ​ពីមួយ​អាជ្ញាធរ​, ពី​ក្រុមហ៊ុន ឬ ពី​បុគ្គល​មានអំណាច​ណា​ម្នាក់ រហូតដល់​ពេលខ្លះ អ្នក​តវ៉ា អស់​ការអត់ធ្មត់ ក៏បាន​ប្រើ​អំពើហិង្សា​ជាយថាហេតុ​។ 
 
​ករណី​ខ្លះទៀត អាជ្ញាធរ​ពាក់ព័ន្ធ ហាក់ដូចជា មាន​ចេតនា​មិន​ចង់​ដោះស្រាយ ឬ មិនមាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ដែល​អ្នក​តវ៉ា​កំពុង​ទាមទារ ដូច្នេះ​ពួកគេ ក៏​ប្រើ​វិធានការ​បង្ក្រាប​ដោយ​កងសន្តិសុខ នគរបាល ឬ ទាហាន​ទៀតផង​។ លើសពីនេះ​ទៀត គេ​ក៏​សង្កេតឃើញ​មាន​ករណី​យក​បាតុកម្ម​បង្ក្រាប​បាតុកម្ម ឬ យក​ពិស​បង្ក្រាប​ពិស និង ក៏មាន​ប្រើ​យន្តការ​តុល​ការ ឬ សម្ពាធ​នយោបាយ​ផងដែរ​។ 
 
​តាមពិតទៅ គ្មាន​អ្នកដឹកនាំ​ណា​ម្នាក់ ចង់ឱ្យមាន​ការរិះគន់ បាតុកម្ម និង ការតវ៉ា​ផ្សេងៗ​នោះទេ​។ ប៉ុន្តែ ក៏​គ្មាន​អ្នកដឹកនាំ​ណា​ម្នាក់​ដែល​អាចដឹកនាំ​បានល្អ​ឥតខ្ចោះ ទាំង​ខ្លួនឯង​ផ្ទាល់ ទាំង​មន្ត្រី​ក្រោមបង្គាប់​របស់ខ្លួន​ដែរ​។ ដូច្នេះ វា​ពិតណាស់ថា ការរិះគន់ បាតុកម្ម និង ការតវ៉ា​ផ្សេងៗ ត្រូវតែ​កើតឡើង​ដោយ​ចៀស​មិន​ផុត ចំពោះ​អ្នកដឹកនាំ​រដ្ឋ អ្នកដឹកនាំ​ស្ថាប័ន និង សូម្បីតែ អ្នកដឹកនាំ​គ្រួសារ​ក៏​មិនអាច​គេចផុត​ដែរ​។​
 
​ហេតុនេះ វា​មិនមែនជា​រឿង​ចម្លែក​ទេ ដែល​អ្នកដឹកនាំ​ណា​ម្នាក់ ដូចជា មហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ... ត្រូវគេ រិះគន់ ធ្វើបាតុកម្ម​ប្រឆាំង និង តវ៉ា​ចំពោះ​បញ្ហា​ផ្សេងៗ​ក្នុងការ​សម្រេចចិត្ត​និង​សកម្មភាព​ដឹកនាំ​របស់ខ្លួន​។ ការចង់​បិទ​មិន​ឱ្យមាន​បាតុកម្ម​ឬ​ការចង់​បង្ក្រាប​ដោយ​ហិង្សា​ចំពោះ​ការរិះគន់ ការធ្វើ​បាតុកម្ម​ប្រឆាំង និង ការតវ៉ា​ចំពោះ​បញ្ហា​ផ្សេងៗ គឺជា​ទង្វើ​មិន​ស្របច្បាប់ មិន​ស្រប​នឹង​គោលការណ៍​សីលធម៌ និង សិទ្ធិមនុស្ស ក្នុងសង្គម​បរជាធិបតេយ្យ​។ 
 
​ហេតុនេះ អ្នកដឹកនាំ​ទាំងឡាយណា ដែល​ព្យាយាម​ប្រកាន់​គោលជំហរ​បែបនេះ ពួកគេ​មិន​គ្រាន់តែ មិន​ទទួលបាន​ការគាំទ្រ​ចំពោះ​ខ្លួនឯង​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ទង្វើ​នេះ​ថែមទាំង​ជះឥទ្ធិពល​មិនល្អ​ដល់​បក្សនយោបាយ​របស់​ខ្លួន និង គ្រួសារ​របស់ខ្លួន​ផងដែរ​។ លើសពីនេះ​ទៀត ពួកគេ​ក៏​អាច​ក្លាយទៅជា​អ្នកទោស ឬ ឧក្រិដ្ឋជន ដូចជា ករណី​មេដឹកនាំ​ខ្មែរក្រហម មាន ប៉ុល ពត​, អៀង សារី​, ខៀវ សំផន​, នួន ជា​...​និង មេដឹកនាំ ផ្ដាច់ការ ជាច្រើន​នាក់​ទៀត​នៅលើ​ពិភពលោក​៕          
     

© រក្សាសិទ្ធិដោយ thmeythmey.com