ជាតិ
លោក ឡុង ឌី​ម៉​ង់​៖ សម្ដេច​សង្ឃ​សុំ​ផ្អាក​ពិធី​ដង្ហែ​មាឃបូជា​វិញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​កម្មវិធី​រដ្ឋាភិបាល​
22, Feb 2016 , 11:31 am        
រូបភាព
ដោយ: ថ្មីៗ
សាលា​រាជធានី​ភ្នំពេញ បាន​បកស្រាយ​បន្ថែមថា មិនមែន​សាលាក្រុង​មិន​អនុញ្ញាត​ឲ្យ​សម្ដេច​សង្ឃ​ដង្ហែ​ក្បួន​មាឃបូជា​ទេ តែ​សម្ដេច​សង្ឃ​សុំ​មិន​ដង្ហែ​ក្បួន​វិញ ដើម្បី​កុំ​ឲ្យ​​ប៉ះពាល់​ដល់ ក​ម្ម​វិធី​របស់​រដ្ឋាភិបាល​។​



​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ បាន​បកស្រាយ​ថា ក្រោយពី​ទទួលបាន​លិខិត​ស្នើសុំ​ដង្ហែ​ក្បួន​មាឃបូជា ពី​សម្ដេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត សាលា​រាជធានី​ ក៏បាន​សម្របសម្រួល​ជូនដំណឹង​ទៅ​សម្ដេច​សង្ឃ​វិញ​ថា ការ​ដង្ហែ​ក្បួន​អាចធ្វើ​បាន ​នៅតាម​ផ្លូវ​ធម្មតា​តាម​គម្រោង​នៃ​ការ​ដង្ហែ​ក្បួន លើកលែងតែ​មហាវិថី​ព្រះ​នរោត្តម​មួយ​ដែល​មិនអាច​ឲ្យ​មានការ​ដង្ហែ​ក្បួន​បាន ដោយសារតែ​ផ្លូវ​នេះ ​ជាន់គ្នា​ជាមួយ​កម្មវិធី​របស់រ​ដ្ឋា​ភិ​បាល ដែលត្រូវទទួល​ការយាងមក​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រីយ៍ មហា​ចក្រី សិរិ​ន​ថន ដែលមកព្រះរាជទស្សនកិច្ចនៅ​កម្ពុជា​។​

អ្នកនាំពាក្យ​រូបនេះ ​បាន​ថ្លែងបញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​តាមពិត​សាលាក្រុង​អាច​អនុញ្ញាត​ឲ្យ​សម្ដេច​សង្ឃ​ដឹកនាំ​ការហែក្បួន​បាន​តាមផ្លូវ​ធម្មតា ប៉ុន្ដែ​ការ​ដង្ហែ​ក្បួន​ដែល​ដល់​ចំណុច​មហាវិថី​ព្រះ​សុរាម្រិត​ត្រង់​ទៅ​លិច ដល់​វិមានឯក​រាជ្យ​បត់​ស្ដាំ​ទៅ​ជើង​តាម​មហាវិថី​ព្រះ​នរោត្តម​នោះ គឺ​ត្រូវ​ពង្វាងផ្លូវ​ព្រះ​នរោត្តម​នេះ​ព្រោះ​មាន​ជាន់​កម្មវិធី​រដ្ឋាភិបាល ដូចនេះ​យើង​តម្រូវ​ឲ្យ​ការហែក្បួន​នោះ​បត់​មក​ផ្លូវ​ឧកញ៉ា​សូរ ស្រ៊ុន ចូលមក​វត្ត​វិញ​តែម្ដង​»​។​

​លោក ឡុង ឌី​ម៉​ង់ បន្ថែមថា ក្រោយពី​ជូនដំណឹង​ទៅ​សម្ដេច​សង្ឃ ន​ន្ទ ង៉ែត អំពី​ចំណុច​ផ្លូវ​ទាំងនេះ សម្ដេច​សង្ឃ ក៏មាន​សង្ឃដីការ​តប​វិញ​ថា សុំ​មិន​ដង្ហែ​ក្បួន​វិញ ដើម្បី​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់ក​ម្ម​វិធី​របស់​រដ្ឋាភិបាល​នេះ​។​ តែ​វត្ត​បទុម​វ​តី នៅ​រៀបចំ​ពិធីបុណ្យ​មាឃបូជា ជាធម្មតា​៕




Tag:
 មាឃបូជា
© រក្សាសិទ្ធិដោយ thmeythmey.com