បទវិភាគ
ទំនាក់ទំនង​សង្គម​កាត់ផ្តាច់ ព្រោះ​មនុស្ស​លែង​មើលមុខ​គ្នា នាំគ្នា​មើល​តែ​ទូរ​សព្ទ​
26, Feb 2016 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ បណ្តាញ​សង្គម​ធ្វើ​ឲ្យ​ទំនាក់ទំនង​មនុស្ស​ក្នុង​ពិភពលោក​កាន់តែ​កៀក​គ្នា និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​ឃ្លាតឆ្ងាយ​ពីគ្នា​ទៅវិញ​ដែរ​។ ជាក់ស្តែង មិត្តភក្តិ​រស់នៅ​ឆ្ងាយ​ពីគ្នា​ខំប្រឹង​ស្វែងរក​ទំនាក់ទំនង​ឲ្យ​កាន់តែ​កៀក​គ្នា​តាមរយៈ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​។ ប៉ុន្តែ​មិត្តភក្តិ​ដែល​អង្គុយ​តុ​ជាមួយគ្នា បែរជា​មិន​មើលមុខ​គ្នា មិនសូវ​និយាយ​រកគ្នា ហើយ​នាំគ្នា​គិតតែ​ពី​ចុច​ទូរ​សព្ទ​រៀងខ្លួន​។ នៅក្នុង​គ្រួសារ​នីមួយៗ អាណាព្យាបាល និង​កូន​មិនសូវ​មើលមុខ​គ្នា ឬ​និយាយ​សាសង​គ្នាច្រើន​ទៀតឡើយ ពីព្រោះ ពួកគេ​រវល់​តែ​ចុច​ទូរ​សព្ទ​រៀងខ្លួនៗ​។ តើ​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​ទល់មុខ​គ្នា​កំពុង​ធ្លាក់​ចូលក្នុង​វិបត្តិ​មែនឬ​?



​ចូលមក​ដល់​ដើម​សតវត្សរ៍​ទី​២១​មក​(​ក្រោយ​ឆ្នាំ​២០០០), វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ទទួលបាន​ការរីកចម្រើន​មិនគួរ​ឲ្យ​ជឿ​។ ក្នុងចំណោម​បច្ចេក​ព័ត៌មាន​ដទៃទៀត វិស័យ​បណ្តាញ​សង្គម​នៅលើ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​ត្រូវបាន​មនុស្ស​ច្រើន​ពាន់​លាន​នាក់​នៅលើ​ពិភពលោក​ប្រើប្រាស់​ប្រចាំថ្ងៃ​។

​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​គេ​បង្កើតឡើង​នៅ​ឆ្នាំ​២០០៤​នៅ​សហរដ្ឋអាមេរិក​ដោយ​ជនជាតិ​អាមេរិកកាំង​។ បន្ទាប់មក​បណ្តាញ​សង្គម​មួយ​នេះ​ចេះតែ​រីកសាយ​ភាយ​និង​មាន​ប្រជាប្រិយភាព​បន្តិច​ម្តងៗ​នៅលើ​ពិភពលោក ជាពិសេស នៅក្នុង​ប្រទេស​ជឿនលឿន​។

​ចំពោះ​ប្រទេស​កម្ពុជា​វិញ ហ្វេ​ស​ប៊ុ​កបាន​ចូលមក​ប្រហែល​ក្នុង​ឆ្នាំ​២០០៦ ។ ប៉ុន្តែ​វា​មាន​ភាពល្បីល្បាញ​និង​ទាក់ទាញ​យុវជន​ខ្មែរ​ខ្លាំង​កាលពី​ឆ្នាំ​២០១៣​កន្លងមក និង​បន្ត​មកទៀត មនុស្ស​វ័យ​ចំណាស់​ក៏​ចាប់ផ្តើម​ប្រើប្រាស់​វា​ដូច​យុវវ័យ​ដែរ​។  ហ្វេ​ស​ប៊ុ​ក គឺជា​បណ្តាញ​សង្គម​ដ៏​មាន​ប្រសិទ្ធិភាព​ដែល​អនុញ្ញាតអោយ​មនុស្ស​ទាំងអស់​នៅលើ​ពិភពលោក​អាច​ទំនាក់ទំនង​គ្នា​បាន​។ លក្ខណៈពិសេស​របស់​ហ្វេ​ស​ប៊ុ​ក​លើសពី​អ៊ីមែល គឺ​នៅត្រង់ថា ហ្វេ​ស​ប៊ុ​ក​អនុញ្ញាតអោយ​មនុស្ស​ច្រើន​ពាន់​ម៉ឺន​នាក់​អាច​ចែករំលែក​ព័ត៌មាន​គ្នា​បាន​ក្នុងពេល​ដ៏​ខ្លី​បំផុត​។ ម្យ៉ាងវិញទៀត អ្នកលេង​ហ្វេ​ស​ប៊ុ​ក​អាច​ជជែក​គ្នា​បាន​ភ្លាមៗ​ជាមួយ​មនុស្ស​ច្រើន​នាក់​ផ្សេងទៀត​ក្នុងពេល​តែមួយ​។ អ្នកខ្លះ Chat ជាមួយ​មិត្តភក្តិ​បី បួន ប្រាំ​នាក់​ព្រម​ពេល​ជាមួយគ្នា​។ អ្នកខ្លះ​អត់បាយ​អត់​ទឹក​ដោយសារតែ​ការ Chat ជាមួយគ្នា​ទៅវិញទៅមក​។ ដោយ​មិន​និយាយ​ពី​គោលដៅ​ពាណិជ្ជកម្ម អ្នកខ្លះ​ចាត់ទុក​ហ្វេ​ស​ប៊ុ​កថា ជា​មិត្តភក្តិ​ដ៏​ល្អ​ដែល​មិនអាច​អត់​បានឡើយ​។ ពួកគេ​ចាត់ទុក​ហ្វេ​ស​ប៊ុ​ក​ជា​មិត្តភក្តិ​ពីព្រោះ​ហ្វេ​ស​ប៊ុ​ក​អាចជួយ​កែ​អផ្សុក​គេ​បាន​។ អ្នក​ខ្លះទៀត​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ភ្ជាប់​ស្នេហ៍​។

​ក្រៅពី​បញ្ហា​សង្គម​, អ្នកនយោបាយ និង​សកម្មជន​នយោបាយ​ខ្មែរ​ជាច្រើន​ចាប់ផ្តើម​ប្រើប្រាស់​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​បង្ហាញ​មនោគមន៍វិជ្ជា​របស់ខ្លួន​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​។ ជាក់ស្តែង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្តម សម រង្ស៊ី បាន និង​កំពុង​ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដើម្បី​បង្ហាញ​ជំហរ​នយោបាយ​របស់​ពួកគេ​។ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ញៀន​នឹង​ហ្វេ​ស​ប៊ុ​ក​នោះបាន​ចំណាយពេល​យ៉ាងច្រើន​ជាមួយ​បណ្តាញ​សង្គម​មួយ​នេះ​។ អ្នកខ្លះ​ញៀន​លេង​រហូតដល់​ទៅ​ភ្លេច​បាយ​ភ្លេច​ទឹក ភ្លេច​រៀន​ភ្លេច​សូត្រ​ឬ​ភ្លេច​ការងារ​ក៏មានដែរ​។ យុវជន​ខ្លះ​អង្គុយ​នៅមុខ​កុំព្យូទ័រ​ទំនង​ដូចជា​ធ្វើ​កិច្ចការ​គ្រូ​ដាក់អោយ​ឬ​ទំនងជា​ធ្វើ​កិច្ចការ​របស់​ស្ថាប័ន​អ៊ីចឹង​។ តាមពិត ពួកគេ​លេង​ហ្វេ​ស​ប៊ុ​ក​ច្រើនជាង​ធ្វើ​កិច្ចការ​សម្រាប់​ក្រុមហ៊ុន និង​ស្ថាប័នរដ្ឋ​ទៅទៀត​។ 

​គុណសម្បត្តិ​របស់​បណ្តា​ញ​សង្គម​មាន​មែន​។ តែ​បញ្ហា​ក៏​កើតមាន​ច្រើន​ដែរ​។ ស្ថានភាព​ជាក់ស្តែង​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​បានបង្ហាញ​អោយឃើញថា មិនមែន​តែ​យុវជន​ទេ​ដែល​ប្រើប្រាស់​ខុស​ទិសដៅ​នោះ​។ តាមពិត មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន និង​បុគ្គលិក​អង្គការ​មួយចំនួន​បាននិងកំពុង​វក់វី​នឹង​ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ខុស​ទិសដៅ​។ បុគ្គលិក​រដ្ឋ ក្រុមហ៊ុន​និង​អង្គការ​ខ្លះ​ធ្វើការ​ផង​លេង​ហ្វេ​ស​ប៊ុ​ក​ព្រម​ពេល​ជាមួយគ្នា​។

​បុគ្គលិក​ខ្លះទៀត លេង​ហ្វេ​ស​ប៊ុ​ក​ច្រើនជាង​ធ្វើការ មានន័យថា ពួកគេ​អង្គុយ​នៅមុខ​កំ​ព្យូ​ទ័​រ​មែន ប៉ុន្តែ​ពួកគេ​គិតតែ​ពី​ជជែក​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​។ ពេលខ្លះ ក្រៅពី​ជជែក​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ពួកគេ​មួយចំនួន​គិតតែ​ពី​ឆែក​មើល​ព័ត៌មាន​ស្ទើរ​រាល់​ម៉ោង​។ និន្នាការ​អាក្រក់​នេះ​បាននិងកំពុង​កើតមាន​កាន់តែ​ច្រើនឡើងៗ​ពី​ពេល​មួយ​ទៅ​ពេល​មួយ​។

​ដោយសារតែ​មើលឃើញ​ទម្លាប់​អាក្រក់​កើតមាន​កាន់តែច្រើន​ទើប​ស្ថាប័ន ឯកជន​មួយចំនួន​ចាប់ផ្តើម មាន​វិធានការណ៍​ហាមឃាត់​មិនអោយ​បុគ្គលិក​របស់ខ្លួន​លេង​ហ្វេ​ស​ប៊ុ​ក​នៅក្នុង​ម៉ោង​ធ្វើការ​។ ក្រៅ​ម៉ោង​ធ្វើការ​ទើប​បុគ្គលិក​មាន​សិទ្ធិ​លេង​ហ្វេ​ស​ប៊ុ​កបាន​។​

​អ្នកវិភាគ​សង្គម​នយោបាយ​បាន​ទាញ​សញ្ញា​អាសន្ន​ថា ប្រសិនបើ​បុគ្គលិក មិន​ថា បុគ្គលិក​រដ្ឋ ឯកជន ឬ​អង្គការ​នោះទេ​គិតតែ​ពី​លេង​ហ្វេ​ស​ប៊ុ​ក​ឬ​លេង​ផង​និង​ធ្វើការ​ផង​នោះ ពេលនោះ​ផលិតភាព និង​ប្រសិទ្ធិភាព​ការងា​សម្រាប់​ស្ថាប័ន​នឹងត្រូវ​កាត់បន្ថយ​។ ប្រសិនបើ​ស្ថាប័ន​បាត់បង់​ផលិតភាព​កាន់តែ​ខ្ពស់ ពេលនោះ ស្ថាប័ន​នោះ​អាច​ក្ស័យធន​។ នៅពេលដែល​ស្ថាប័ន​ក្ស័យធន បុគ្គលិក​ប្រឈម​នឹង​ភាព​គ្មាន​ការងារ​ធ្វើ​។

​គុណវិបត្តិ​មួយទៀត​ដែល​ត្រូវបាន​គេ​សង្កេតឃើញ​ដែរនោះ គឺថា ហ្វេ​ស​ប៊ុ​ក​កំពុង​កាត់​ផ្តាច់ទំនាក់ទំនង​សង្គម​។ មិត្តភក្តិ​ជួប​មុខ​គ្នា​មិនបាន​និយាយ​រកគ្នា​ច្រើន​ឡើយ​។ កិច្ចប្រជុំ​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ ពីព្រោះ អ្នកចូលរួម​មិន​ខ្វល់​នឹង​ប្រធានបទ​។ នៅតាម​គេហដ្ឋាន​នីមួយៗ​នៅ​ទីក្រុង​ភ្នំពេញ​ជាពិសេស ប្តី​ប្រពន្ធ​កូនចៅ មិនសូវ​និយាយ​សាសង​គ្នា ពីព្រោះ ពួកគេ​ខ្វល់​តែ​ចុច​ទូរ​សព្ទ​រៀងៗ​ខ្លួន​។ អ្នកវិភាគ​សង្គម​ខ្លះ​មិន​ត្រឹមតែ​ព្រួយបារម្ភ​ធម្មតា​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​អត្ថាធិប្បាយ​ថា ប្រសិនបើ​ចរន្ត​អាក្រក់​នេះ​នៅតែ​បន្ត​ទៅមុខទៀត​នោះ គេ​ពិតជា​អាច​ទាញ​សេចក្តី​សន្និដ្ឋានបានថា ទំនាក់ទំនង​មិត្តភក្តិ ទំនាក់ទំនង​សង្គម​គ្រួសារ​ខ្មែរ ទំនាក់ទំនង​អ្នកជិតខាង កំពុង​ឈានទៅរក​វិបត្តិ​ដែល​កើតឡើង​ដោយសារតែ​មនុស្ស​មិនសូវ​និយាយ​រកគ្នា​។

​ជួប​មុខ​គ្នា មិន​និយាយ​រកគ្នា គឺជា​អ្វីដែល​មិនគួរ​ឲ្យ​កើតមានឡើង​នៅក្នុង​សង្គម​ខ្មែរ​ឡើយ​។ សង្គម​ខ្មែរ គឺជា​សង្គម​មួយ​ដែល​បុគ្គល​ម្នាក់ៗ​សម្តែង​គារវកិច្ច​ដាក់គ្នា​ទៅវិញទៅមក និង​ញញឹមញញែម​ដាក់គ្នា​គ្មាន​ពេល​ល្ហែ​ឡើយ​។ តែ​វត្តមាន​ហ្វេ​ស​ប៊ុ​ក​ដ៏​គំហុក​កំពុង​បំផ្លាញ​ប្រពៃណី​ដ៏​ផូរផង់​ខាងលើនេះ​ទៅវិញ​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com