កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី បង្ហាញ​ក្បាច់គុន​តេ​ក្វាន់​ដូ​លើកដំបូង​នៅ​កម្ពុជា​
27, Feb 2016 , 11:52 am        
រូបភាព
ដោយ: ថ្មីៗ
 
​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បានបង្ហាញ​ក្បាច់គុន​តេ​ក្វាន់​ដូ កម្រិត​៤​ដាន់​របស់លោក​នា​ល្ងាច​ថ្ងៃទី​២៦​កុម្ភៈ​។ ព្រឹត្តិការណ៍​រាត្រី​យុទ្ធ​គុន​លើក​ទី​២ ត្រូវបាន​រៀបចំឡើង​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ​ឯក ណឹ​ម សុវត្ថិ ប្រធាន​គណៈកម្មការ​កីឡា​យុទ្ធសិល្ប៍​។ ក្នុងចំណោម​ក្លិប​ក្បាច់គុន​ចំនួន​១១​ដែលមាន​វត្តមាន​នៅក្នុង​រាត្រី​យុទ្ធ​គុន ក៏មាន​វត្តមាន​លោក សុខ ស៊ីផាន់ណា ទីប្រឹក្សា​រដ្ឋាភិបាល ដែល​បានបង្ហាញ​ក្បាច់គុន​កា​រ៉ា​តេ​ដូ​កម្រិត​៥​ដាន់​របស់លោក​ដែរ​។​

 
​ការបង្ហាញ​ក្បាច់គុន​តេ​ក្វាន់​ដូ​លើកដំបូង​របស់លោក កែវ រ៉េមី ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​ទើបតែ​ក្លាយជា​ប្រធានកិត្តិយស​នៃ​សហព័ន្ធ​តេ​ក្វាន់​ដូ​អន្តរជាតិ ITF នៅ​កម្ពុជា​។ លោក កែវ រ៉េមី បានបញ្ជាក់​ប្រាប់​សារព័ត៌​ថ្មីៗ​ថា តាមពិត​លោក​គឺ​អ្នក​ហាត់​ក្បាច់គុន​តេ​ក្វាន់​ដូ​នៅ​សហរដ្ឋអាមេរិក​តាំងពី​ជាង​២០​ឆ្នាំមុន​។ ហើយ​ថា លោក​ក៏​ធ្លាប់​ប្រកួត​ឈ្នះ​ពានរង្វាន់​ចំនួន​៣​លើក និង​មេដាយ​២​លើក​នៅក្នុង​ការប្រកួត​ប្រជែង​នៅ​សហរដ្ឋអាមេរិក​នោះដែរ​។​
  
​ក្រោយពី​លាក់ទុក​ចំណេះដឹង​ក្បាច់គុន​តេ​ក្វាន់​ដូ​ប្រមាណ​២០​ឆ្នាំនេះ លោក កែវ រ៉េមី បានសម្រេច​ចូលប្រឡូក​ចូល​វិស័យ​ក្បាច់គុន​នេះ​សារជាថ្មី​ឡើងវិញ​។ មូលហេតុ ត្រូវបាន​លោក​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​ទីមួយ​ដោយសារ​ខ្ញុំ​រកឃើញថា​មាន​តេ​ក្វាន់​ដូ ITF នៅ​កម្ពុជា​។ ទី​ពីរ គឺ​ដោយសារ គ្រូបង្ហាត់​តេ​ក្វាន់​ដូ គឺ​លោក រី ឆឺ​ណាំ គឺជា​គ្រូ​ល្បី​ថ្នាក់​អន្តរជាតិ​ដែលមាន​រហសនាម​ថា ស្តេច​តេ​ក្វាន់​ដូ ហើយ​គាត់​បានមក​ចូលរួម​បង្ហាត់​កូន​ខ្មែរ​។ និង​ទី​៣ ខ្ញុំ​ចង់​លើកស្ទួយ​តេ​ក្វាន់​ដូ​នេះ ចូលក្នុង​ស៊ី​ហ្គេម​»​។​
  
​មូលហេតុ​របស់លោក កែវ រ៉េមី មិន​អស់​ត្រឹម​នេះឡើយ​។ សម្រាប់​លោក កែវ រ៉េមី កីឡា​ក្បាច់គុន មិន​ត្រឹមតែ​ជួយ​ពង្រឹង​សុខភាព​អ្នក​ហាត់​តែមួយ​នោះឡើយ ប៉ុន្តែ​វា​នឹង​ពង្រឹងស្មារតី​រឹងមាំ និង​កាយសម្បទា​ទៀតផង​។ «​ខ្ញុំ​ចង់​ឲ្យ​យុវជន​ខ្មែរ​ងាក​មក​ចាប់អារម្មណ៍​លើ​វិស័យ​កីឡា ហើយ​ចៀសវាង​គ្រឿងញៀន​។ ខ្ញុំ​ចង់​ប្រាប់ថា កីឡា​មិន​ប្រកាន់​វណ្ណ​ជាតិ​សាសន៍ ឬ​ភេទ​ប្រុស​ភេទ​ស្រី​ឡើយ​។ អ្នក​ហាត់​នឹងមាន​សុខភាព​ល្អ​។ សូម្បី​ខ្ញុំ​ចាស់ ក៏​ខ្ញុំ​បន្ត​លេង​កីឡា​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនយោបាយ​អាយុ​៥៤​ឆ្នាំ​។​
  
​សព្វថ្ងៃនេះ ប្រធាន​សហព័ន្ធ​តេ​ក្វាន់​ដូ​អន្តរជាតិ​កំពុង​ត្រូវ​ដឹកនាំ​ដោយ​លោក​មេធាវី អ៊ុក រី​៕
 
      



Tag:
 កែវ រ៉េមី
  តេ​ក្វាន់​ដូ
  ITF
© រក្សាសិទ្ធិដោយ thmeythmey.com