ពីនេះ ពីនោះ
ស្វា​ព្រាម ជា​សត្វ​ចូលចិត្ត​ភាព​ស្ងៀមស្ងាត់​បំផុត​
28, Feb 2016 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភិនភាគ​៖ ស្វា​ព្រាម​មាន​ពណ៌​ខ្មៅ​ប្រផេះ​ពាសពេញ​លើ​ដងខ្លួន​។ ផ្ទៃមុខ​មាន​ពណ៌​ខ្មៅ​គ្មាន​រង្វង់​កង​ព័ទ្ធជុំវិញ​ភ្នែក​ទេ​។ ផ្នែក​ច្រមុះ និង​មាត់​មាន​ពណ៌​ស​-​ប្រផេះ​។ ស្វា​ព្រាម​មាន​ដុះ​កញ្ចុំ​ខ្ពស់ ហើយ​កាន់តែ​វែង​ទៅៗ​ចំពោះ​ស្វា​ចាស់​។ កូន​ស្វា​នៅ​តូច​មាន​ពណ៌​ទឹកក្រូច​ខ្ចី មាន​ប្រអប់ដៃ និង​ប្រអប់ជើង​ពណ៌​ខ្មៅ និង​គ្មាន​រោម​កញ្ចុំ​នៅលើ​ក្បាល​ដូច​ស្វា​ចាស់​ទេ​។ នៅពេល​ពេញវ័យ វា​ប្រែ​ពណ៌​រោម​ជា​ប្រផេះ ដែល​ដុះ​លាតសន្ធឹង​រាល​ដល់​ប្រអប់ជើង និង​កន្ទុយ ហើយ​ការ​ប្រែ​ពណ៌​នេះ​ចាប់ផ្តើម​ក្រោម​អាយុ​៣​ខែ​។ វា​មាន​ពណ៌​ប្លែក​គ្នា​ជាច្រើន​អាស្រ័យ​តាម​តំបន់​ដូចជា​តំបន់​ក្បែរ​មាត់ទន្លេ ឬ​ស្ទឹង តំបន់​វាលភក់ តំបន់​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង​។

 
​ជីវសាស្ត្រ​៖ ស្វា​ព្រាម​ត្រូវបាន​គេ​ប្រទេះ​ឃើញ​នៅ ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង និង​តំបន់ឆ្នេរ​ព្រៃកោងកាង​។ ពួកវា​រស់​នៅលើ​ដើមឈើ ហើយ​អាច​ចុះដី​ម្តងម្កាល​ដើម្បី​រត់​លេង និង​ស៊ី​ដី​ច្រាប​មាន​សារធាតុ​ខនិជ​។ ចំណីអាហារ​របស់​វា​មាន​ត្រួយ​ឈើ មើម ផ្លែឈើ​ខ្ចី (​ផ្លែ​កកោះ​ត្រ​សេក​) ផ្កា និង​សត្វល្អិត​ផងដែរ​។ វា​រស់នៅ​ជា​ក្រុម​ដែលមាន​ចំនួន​ពី​១០-៤០​ក្បាល ឬ​ច្រើនជាង​នេះ ហើយ​ជួនកាល​ពួកនេះ​ក៏​រស់នៅក្នុង​ដែន​ព្រៃ​រួមគ្នា​ជាមួយ​ទោច​ដែរ​។ វា​ជាស​ត្វ​ចូលចិត្ត​ភាព​ស្ងៀមស្ងាត់​បំផុត​។ វា​កើតកូន​ក្នុងអំឡុង​ខែធ្នូ រហូតដល់​ខែឧសភា​។ 
 
​រប៉ាយ​រស់នៅ​៖ ស្វា​ព្រាម​មាន​វត្ត​មាននៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ តំបន់​ជុំវិញ​បឹង​ទន្លេសាប ភូមិភាគ​ខាងជើង​បឹង​ទន្លេសាប និង​ព្រំប្រទល់​កម្ពុជា​-​វៀតណាម​។ វា​ក៏មាន​វត្តមាន​ផងដែរ នៅ​ភាគខាងត្បូង​ប្រទេស​ចិន និង​ប្រទេស​ភូមា រហូត​ទៅដល់​ភាគខាងត្បូង​ឥណ្ឌូចិន និង​ភាគខាងត្បូង​ប្រទេស​ថៃ​។ 
 
​ស្ថានភាព​អភិរក្ស​៖  ស្វា​ព្រាម​ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ​។ ប្រភេទ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (LR/nt) ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​តិចតួច​។ លើ​ពិភពលោក ស្វា​ព្រាម​កំពុង​រងគ្រោះថ្នាក់​ដោយសា​រ ការ​បរបាញ់ ការ​ទាក់​ចាប់ ការបាត់បង់​ទីជម្រក និង​ការធ្វើ​ពាណិជ្ជកម្ម​៕
 
 

Tag:
 ឯកសារ​សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com