ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា​ដាស់តឿន​ទូត​អាមេរិក​នៅ​អាស៊ាន​កុំ​ឲ្យ​ជ្រៀតជ្រែក​រឿង​សិទ្ធិមនុស្ស​កម្ពុជា​
28, Feb 2016 , 6:59 pm        
រូបភាព
​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​អាស៊ាន​លោក នង សាកល បាន​ប្រតិកម្ម​តប​ចំពោះ​ការលើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អាស៊ាន​លោកស្រី Nina Hachigian ជុំវិញ​ការរិះគន់​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ មន្ត្រី​ទូត​កម្ពុជា​ខាងលើ​ចេញ​លិខិត​មួយច្បាប់​ផ្ញើរ​ទៅកាន់​លោកស្រី ឯកអគ្គរដ្ឋទូត​និង​ដាស់តឿន​ឲ្យ​លោកស្រី​បំពេញភារកិច្ច​របស់ខ្លួន​ឲ្យ​ត្រឹមត្រូវ ជាជាង​រិះគន់​កម្ពុជា​យ៉ាង​មិន​សមរម្យ​បែបនេះ​។


 
​មន្ត្រី​ទូត​កម្ពុជា​ប្រចាំ​អាស៊ាន លោក នង សាកល បាន​ប្រតិកម្ម​តប​ខ្លាំង​និង​បានចាត់ទុក​សម្តី​របស់​មន្ត្រី​ទូត​អាមេរិក​ជាការ​រិះគន់​មិនដែល​មិន​សមរម្យ​ឡើយ​។ ហើយ​លោក​បានចេញ​លិខិត​មួយច្បាប់​ផ្ញើជូន​មន្ត្រី​ទូត​អាមេរិក​ខាងលើ​ផងដែរ​។ 
 
​ថ្ងៃ ២៤​កុម្ភៈ​កន្លងទៅ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​កំពូល​អាមេរិក​អាស៊ាន​កន្លងមក លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អាស៊ាន​លោកស្រី  Nina Hachigian បាន​លើកឡើងថា​បញ្ហា​ប្រឈម​នៅមាន​ច្រើន​ពេល​និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ លោកស្រី​ក៏បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​សង្គម​ដែលមាន​យុត្តិធម៌​និង​បង្កើន​ការប្តេជ្ញាចិត្ត​លើកកម្ពស់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា AKP  ក្នុង​លិខិត​ឆ្លើយ​តបសម្តី​លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អាស៊ាន  លោក នង សាកល បាន​ទទួលស្គាល់ថា​មានការ​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ក្នុងជំនួប​កំពូល​រវាង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ជាមួយ​មេដឹកនាំ​អាស៊ាន​ទាំង​១០​។​
 
​តែ​លោក​សង្កត់ធ្ងន់ថា គ្មាន​ការបញ្ជាក់​ឈ្មោះ​ប្រទេស​ណាមួយ​ជាក់លាក់​ដោយ​ចំហរ​ឡើយ​។ ក្រៅពីនេះ​លោក ក៏​ឆ្លៀត​វាយបក​វិញ​ធ្ងន់​ផងដែរ​ដោយ​រំលឹក​ពី​តួនាទី​របស់លោក​ស្រី​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​អាស៊ាន​។ លោក​ថា​៖ «​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​សហគមន៍​អាស៊ាន តួនាទី​សំខាន់បំផុត​របស់លោក​ស្រី គឺ​គ្រាន់តែ​ផ្តោតលើ​ការតាមដាន និង​ការ​លើ​កំពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​សហរដ្ឋអាមេរិក និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ដោយ​របៀប​មិន​សមរម្យ​នោះឡើយ​»​។​
 
​ឯកអគ្គរាជទូត​កម្ពុ​ជា​ក៏​លើកឡើង​ពី​បញ្ហា​ច្បាប់​ស្តីពី​អង្គការ​សង្គម​ស៊ីវិល និង​អង្គការក្រៅរដ្ឋាភិបាល​ដែលជា​ច្បាប់​ចម្រូងចម្រាស​កន្លងមក​។ លោក​បកស្រាយ​ថា ច្បាប់​ថ្មី​គ្មាន​គោលដៅ​រឹតត្បិត​សិទ្ធិសេរីភាព​អង្គការ​សង្គម​ស៊ីវិល​អ្វី​ឡើយ តែ​ច្បាប់​នេះ​ជួយ​សម្រួល​ដំណើរការ​នៃ​ស្ថាប័ន​ទាំងអស់នេះ​ឲ្យ​ប្រសើរ​ជាង​មុន​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ទៅវិញ​ទេ​។​
 
​ចុងក្រោយ​លោក នង សាកល ក៏​ដាស់តឿន​ឲ្យ​លោកស្រី Nina Hachigian បំពេញភារកិច្ច​ផ្ទាល់ខ្លួន​ឲ្យ​ត្រឹមត្រូវ​កុំ​បាច់​រិះគន់​កម្ពុជា​ដោយ​មិន​សម​ហេតុផល​បែបនេះ​។​
 
​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ បញ្ហា​សិទ្ធិមនុស្ស​និង​ការអញ្ជើញ​មេដឹកនាំ​អាស៊ីអាគ្នេយ៍​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​អាមេរិក​កន្លងមកនេះ​ក្លាយជា​រឿងចម្រូងចម្រាស​ខ្លាំង​។ ស្ថាប័ន​សិទ្ធិមនុស្ស​និង​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​រិះគន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ចាត់ទុក​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ក្រោម​ប្រយោជន៍​សេដ្ឋកិច្ច​ដោយ​ផ្ញើលិខិត​អញ្ជើញ​ទៅ​ប្រមុខ​របប​សឹក​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន មេដឹកនាំ​ឡាវ មី​យ៉ាន់​ម៉ា និង វៀតណាម ជាដើម​ផង​។ 
 
​ប៉ុន្តែ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ ១៥ កុម្ភៈ​មុន​កិច្ចប្រជុំ​ចាប់ផ្តើម ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោកស្រី Susan Rice បាន​បកស្រាយ​ថា ការអញ្ជើញ​មេដឹកនាំ​ប្រទេស​អាស៊ាន​ដែលមាន​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ មិនមែន​មានន័យថា​អាមេរិក​ផ្តល់​ភាពស្របច្បាប់​ដល់​ពួកគេ​និង​ទង្វើ​ដែល​ពួកគេ​បានធ្វើ​ឡើង​ឡើយ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com