អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធាន​អាស៊ាន ឡាវ​ចាប់ផ្តើម​ឈឺក្បាល ព្រោះ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​
28, Feb 2016 , 7:59 pm        
រូបភាព
​ថ្ងៃទី​២៧ កុម្ភៈ ម្សិលមិញ​នេះ រដ្ឋ​សមាជិក​អាស៊ាន បានលើកឡើង​ពី​កង្វល់​របស់ខ្លួន​ជុំវិញ​ការកើនឡើង​នៃ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ តំណាង​ប្រទេស​សមាជិក​លើកឡើង​ពី​ក្តីបារម្ភ​ខ្លួន​ក្នុង​វេទិកា​ប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​នៅក្នុង​ប្រទេស​ឡាវ ខណៈ​ប្រទេស​នេះ​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ​។ ឡាវ​ព្យាយាម​សម្រាល​ស្ថានការណ៍​ក្នុង​កិច្ចប្រជុំ​ព្រោះ​ស្ថានការណ៍​មិន​ស្រួល ស្រប​ពេលដែល​វៀតណាម​រំអុក​ទារ​ឲ្យ​ចិន​បញ្ចប់​សកម្មភាព​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​


​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​កំពុង​ធ្វើ​ឲ្យ​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​ជា​ភាគី និង​មិនមែនជា​ភាគី​ជម្លោះ​ព្រួយបារម្ភ​ខ្លាំង​។ ភាព​តានតឹង​កើនឡើង​កាន់តែខ្លាំង​នៅពេលដែល​ចិន​បង្កើន​សកម្មភាព​កសាង​កម្លាំងយោធា​នៅ​តំបន់​ជម្លោះ​ប៉ា​រ៉ា​សែ​ល ដោយ​ពង្រាយ​មី​ស៊ី​ល និង​យន្តហោះ​ចម្បាំង​ផង​។ ឡាវ​ដែលជា​ប្រធាន​អាស៊ាន​ផង​នោះ កំពុង​ឈឺក្បាល​ព្រោះ​និន្នាការ​របស់​សមាជិក ហើយ​ឡាវ​ខ្លួនឯង​ក៏មាន​ទំនោរ​រក​ចិន​ស្រាប់​ដែរ​។​
 
​តាមពិតទៅ កង្វល់​របស់​រដ្ឋ​អាស៊ាន​ត្រូវបាន​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា​ក្រោយ​កិច្ចប្រជុំ​ចង្អៀត​កម្រិត​រដ្ឋមន្ត្រីការបរទេស ដែល​រៀបចំឡើង​នៅក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​។  យោងតាម​សេចក្តីថ្លែងការណ៍​រួម រដ្ឋមន្ត្រី​អាស៊ាន​ទាំង ១០ នៅតែ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការវិវត្ត​នៃ​ស្ថានភាព​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្មីៗ​នេះ​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​សង្កត់ធ្ងន់ថា​៖«​សកម្មភាព​វាតទី​នៅ​សមុទ្រ​ចិន​ខាងត្បូង​បន្ត​កើនឡើង​ធ្វើ​ឲ្យ​ភាព​តានតឹង​កើតមាន​កាន់តែខ្លាំង​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​ថែមទៀត​»​។ ក្រៅពី​ព្រួយបារម្ភ​ពី​ភាព​តានតឹង​បង្កឡើង​ដោយ​សកម្មភាព​ឯកតោភាគី​របស់​ចិន​ក៏ បញ្ហា​ប្រឈម​មួយទៀត​គឺ បណ្តា​ប្រទេស​សមាជិក​កំពុង​ត្រដាបត្រដួស​ធ្វើយ៉ាងណា​ជំរុញ​ការដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ចិន​និង​ទប់ស្កាត់​កុំ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​សេដ្ឋកិច្ច​។​
 
​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ឧ​ប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​បញ្ជាក់ថា អាស៊ាន​បាន​ឯកភាពគ្នា​ថា​នឹង​ស្វះ​ស្វែងរក​កិច្ចពិភាក្សា​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​និង​បញ្ហា​ផ្សេងទៀត​រវាង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​និង​ចិន​នៅពេល​ខាងមុខ​។​
 
​ចំណែក ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រីការបរទេស​វៀតណាម​លោក Pham Binh Minh ឯណោះ​វិញ បានបញ្ជាក់​ច្បាស់​ថា​វៀតណាម​បារម្ភ​ខ្លាំងណាស់​ចំពោះ​បញ្ហា​សមុទ្រ​ចិន​។ ហើយ​ប្រមុខ​ការទូត​វៀតណាម​រូបនេះ​បានស្នើ​ឲ្យ​មានការ​បញ្ចប់​ការ​វាតទី​និង​សកម្មភាព​កសាង​កម្លាំង​យោធា​នៅ​សមុទ្រ​ចិន​ផងដែរ​។ ជានិច្ច​ជា​កាល​វៀតណាម​តែ​ចោទប្រកាន់​ចិន​ថា​បាន​រំលោភ​អធិបតេយ្យ​ខ្លូន ហើយ​វៀតណាម​នេះ​កាន់តែ​ខឹងសម្បារ​ក្រោយ​ចិន​ពង្រាយ​អាវុធ​ទៅ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​។ 
 
​ត្រលប់មក ឡាវ​ដែលជា​ប្រធាន​អាស៊ាន​ឯណោះ​វិញ ដោយ​ឃើញ​ស្ថាន​ភាពមិន​ស្រួល​ក៏​ព្យាយាម​សម្រាល​ស្ថានការណ៍​ព្រោះ​អ្នកណា​ក៏​ដឹងថា ឡាវ​ជា​មិត្ត​ជិតស្និទ្ធ​ទាំង​វៀតណាម​និង​ចិន​ដែរ​។ ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេស​ឡាវ​លោក Thongloun Sisoulith បាន​លើកឡើងថា​៖«​យើង​ជា​មិត្ត​ជិតស្និទ្ធ​របស់​វៀតណាម និង​ចិន​។ យើង​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​ភាពជា​មិត្ត​។ យើង​នៅ​កណ្តាល ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​ទេ​»​។​
 
​កាលពី​ថ្ងៃ​សុក្រ​ទី ២៦ កុម្ភៈ​កន្លងមក អាមេរិក​ក៏បាន​ទទូច​សុំ​ឲ្យ​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង ទប់ស្កាត់​ការកសាង​កម្លាំងយោធា​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ អាមេរិក​មិនមែនជា​ភាគី​ជម្លោះ​ទេ តែ​មហាអំណាច​មួយ​នេះ​លើកយក​ហេតុផល​សេរីភាព​នាវាចរណ៍ សេរីភាព​ហោះហើរ និង​ការអនុវត្ត​ច្បាប់​អន្តរជាតិ​ជា​លេស​ដើម្បី​រិះគន់​ចិន និង​លូកដៃ​មកជួយ​ជា​ខ្នងបង្អែក​រដ្ឋ​ជម្លោះ​មាន​វៀតណាម​និង​ហ្វីលីពីន​ផង​៕
 

Tag:
 សមុទ្រ​ចិន​ខាងត្បូង
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com