ពីនេះ ពីនោះ
ចង់​ឲ្យ​ប្រទេស​រីកចម្រើន​លឿន ត្រូវ​ចេះ​រក្សា និង​ប្រើប្រាស់​បញ្ញវន្ត​ស្មោះត្រង់​
28, Feb 2016 , 8:39 pm        
រូបភាព
 
​នៅក្នុង​ប្រទេស​រីកចម្រើន​ជឿនលឿន ដូចជា ប្រទេស​កាណាដា បារាំង ជប៉ុន អាមេរិក បញ្ញវន្ត​មានចំណេះដឹង​ជំនាញ​ខ្ពង់ខ្ពស់ និង​ស្មោះត្រង់​ត្រូវបាន​ប្រទេស​ទាំងនោះ​ឲ្យ​តម្លៃ មិន​ថា​នៅក្នុង​វិស័យ​ឯកជន ឬ​វិស័យ​រដ្ឋ​ឡើយ​។


 
​នៅក្នុង​ប្រទេស​ជឿនលឿន​ទាំងនោះ គេ​បានផ្តល់​សិទ្ធិ​ទូលំទូលាយ​ពិសេស​ដល់​បញ្ញវន្ត​នៃ​ជនជាតិ​ដទៃ ឲ្យ​រស់នៅក្នុង​ប្រទេស​របស់​ពួកគេ ពីព្រោះ​ក្រុម​បញ្ញវន្ត​ទាំងនោះ​១០​នាក់ មានតម្លៃ​ស្មើនឹង​មនុស្ស​ធម្មតា​១០០​នាក់ និយាយ​បែប​ផ្សេង មានន័យថា មនុស្ស​ចេះដឹង​ម្នាក់ មានតម្លៃ​ស្មើ​មនុស្ស​ធម្មតា​១០​នាក់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​។ 
 
​ក្នុងន័យ​នេះហើយ បានជា​ប្រទេស​ជឿនលឿន​នីមួយៗ​ផ្តល់​តម្លៃ​ជូន​ដល់​បញ្ញវន្ត​ស្មោះត្រង់ ហើយ​រក្សា​ពួកគេ​ឲ្យ​ធ្វើការ​នៅក្នុង​ប្រទេស​ដើម្បី​បម្រើ​ជាតិ​សាសន៍​របស់​ពួកគេ​។ ងាក​មក​ប្រទេស​កម្ពុជា​វិញ រដ្ឋាភិបាល​ក៏បាន​គិតគូរ​រក្សា ថែទាំ និង​ប្រើប្រាស់​បញ្ញវន្ត​ដែរ​។ តែ​កម្រិត​នៃ​ការរក្សា​បញ្ញវន្ត​ស្មោះត្រង់​ឲ្យ​ស្ថិតនៅ​ក្នុងប្រទេស​ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍន​ជាតិ​នៅមានកម្រិត​តិចតួច​នៅឡើយ​។ មាន​មែន​បញ្ញវន្ត​ពូកែ ឈ្លាសវៃ កំពុង​បម្រើការ​នៅក្នុង​ប្រទេស​។ ប៉ុន្តែ បញ្ញវន្ត​ដែល​ពូកែ​ខ្ពស់បំផុត ក៏បាន​ចេញទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ច្រើន​ដែរ​។ មូលហេតុ​ដោយសារ ពួកគេ​ប្រឈម​នឹង​បញ្ហា​បក្សពួកនិយម និង​បញ្ហា​មិន​ឲ្យ​តម្លៃ​ជាដើម​នៅក្នុង​ប្រទេស​កម្ពុជា​។ 
 
​ដូច្នេះ ដើម្បី​ឲ្យ​ប្រទេសមួយ​រីកចម្រើន​លឿន​ទៅមុខ ថ្នាក់ដឹកនាំ​ប្រទេស​មិនគួរ​មើលរំលង​ធនធានមនុស្ស​បញ្ញវន្ត​ស្មោះត្រង់​ឡើយ​។ ម្យ៉ាងវិញទៀត អ្នកនយោបាយ​គួរ​ស្តាប់​អ្នកជំនាញ​ស្មោះត្រង់​ឲ្យ​បាន​ច្រើនជាង​ស្តាប់​អ្នកនយោបាយ​ដូចគ្នា​។ ធនធានមនុស្ស​បញ្ញវន្ត​ស្មោះត្រង់ គឺជា​សសរ​គ្រឹះ​នៃ​ការអភិវឌ្ឍ​ប្រទេស​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com