អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​ឈ្នះ​ការបោះឆ្នោត​នៅ​រដ្ឋ​South Carolina
28, Feb 2016 , 2:39 pm        
រូបភាព
​ពេលនេះ​វា​ជា​ពេលដែល​ស្ត្រី​ធ្វើជា​ប្រធានាធិបតី​អាមេរិក​ហើយ​។ នេះ​ជាស​ម្តី​របស់​អ្នកគាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែល​ប្រមូល​ផ្តុំគ្នា​អបអរសាទរ​ការប្រកាស​ជ័យជម្នះ​របស់លោក​ស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន ក្នុងការ​បោះឆ្នោត​នៅ​រដ្ឋ South Carolina នៅ​ថ្ងៃ​សៅរ៍​ទី​២៧ កុម្ភៈ​ម្សិលមិញ​។ ។​ជ័យជម្នះ​នេះ​កើតឡើង ខណៈដែល​សមរភូមិ​សំខាន់​ដែល​រដ្ឋ​ចំនួន​១១​បោះឆ្នោត​រួមគ្នា​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។

 
​ក្រោយ​ការបោះឆ្នោត​ក្នុង​បក្ស​នៅ​រដ្ឋ South Carolina បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ លោកស្រី ហ៊ី​ឡា​រី បានទទួល​សំឡេងគាំទ្រ​ច្រើនជាង​គូប្រជែង​លោកស្រី លោក Bernie Sanders ។  
 
​យោងតាម លទ្ធផល​ក្រោយ​ការបោះឆ្នោត​ក្នុង​រដ្ឋ South Carolina ចុះផ្សាយ​ក្នុង​សារព័ត៌មាន CNN លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឈ្នះ​បាន​សំឡេងគាំទ្រ​រហូតដល់ ៨៤​ភាគរយ​ឯណោះ ខណៈដែល​លោក Bernie Sanders បានត្រឹមតែ​ជាង​១០​ភាគរយ​ប៉ុណ្ណោះ​។​
 
​អាច​ថា បេក្ខជន​ប្រធានាធិបតី​ស្ត្រី​ម្នាក់នេះ ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សហគមន៍​ប្រជាជន​អាមេរិក​ដើមកំណើត​អាហ្វ្រិក​ដែល​រស់នៅ​ច្រើន​ក្នុង​រដ្ឋ South Carolina ។ ក្រោយ​លទ្ធផល​ចេញ​ជា​ផ្លូវការ​លោក Bernie Sanders បាន​អបអរសាទរ​គូប្រជែង​លោក តែ​លោ​កថា វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ​។ លោក​បន្ថែមថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ឈ្នះ​នៅ South Carolina មែន តែ​កាល​បោះឆ្នោត​នៅ​រដ្ឋ New Hampshire លោក​ក៏​ជា​អ្នក​ដែល​ឈ្នះ​ភ្លូកទឹកភ្លូកដី​ដែរ​។  
 
​ចំណែក​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ជួប​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន​នៅ​រដ្ឋ South Carolina ក្រោយ​លទ្ធផល​ប្រកាស​ជា​ផ្លូវការ​ភ្លាម លោកស្រី​ក៏បាន​ថ្លែង​សុន្ទរកថា​ទៅកាន់​អ្នកគាំទ្រ​លោកស្រី​ដែរ​។ អ្នកគាំទ្រ​របស់លោក​ស្រី​ច្រើន​កុះករ​ស្រែកថា ៖« វា​ជា​ពេល ....​វា​ជា​ពេល ...​វា​ជា​ពេល​ដែលមាន​ស្ត្រី​ធ្វើការ​ងារ​នៅ​សេត​វិមាន​ហើយ​»​។ អាច​ថា វា​ជា​រឿង​ងាយស្រួល​សម្រាប់​លោកស្រី​ក្នុងការ​ឆ្ពោះទៅ​ប្រជែង​តំណែង​ប្រធានាធិបតី បើសិន​សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ ឈ្នះ​ការជ្រើសតាំង​តំណាង​បក្ស​សាធារណរដ្ឋ​។​
 
​សម្រាប់​គូប្រជែង​លោកស្រី ជ័យជម្នះ​នេះ​មិនមែន​បានន័យថា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន នឹង​ត្រូវគេ​ជ្រើសរើស​ដើម្បី​តំណាង​បក្ស​ឡើយ​។ កុំភ្លេចថា​បេក្ខជន​ម្នាក់ៗ​កំពុង​ត្រៀមខ្លួន​សម្រាប់​សមរភូមិ​នយោបាយ​សំខាន់បំផុត​ដែល​រដ្ឋ​ចំនួន ១១​បោះឆ្នោត​រួមគ្នា នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយនេះ ដែល​វា​ជា​ពេលវេលា​អាច​កំណត់​បាន​អ្នក​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​ក្នុង​បក្ស​។ 
 
​យ៉ាងណាមិញ គេ​មើលឃើញថា ជ័យជម្នះ​លើក​ទី​បី ក្នុងចំណោម​ការបោះឆ្នោត​៤​រដ្ឋ​កន្លងមក វា​បញ្ជាក់ថា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មាន​ប្រជាប្រិយភាព​ខ្ពស់ ជាពិសេស​រក​ការគាំទ្រ​បាន​ច្រើន​ពី​សហគមន៍​ប្រជាជន​អាហ្វ្រិក​-​អាមេរិក​ថែមទៀត​៕
 

Tag:
 ហ៊ី​ឡា​រី​គ្លី​ន​តុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com