អន្តរជាតិ
​អាល់​បាលី​៖ ទូរទស្សន៍​មួយ​បង្កើត​ព័ត៌មាន​ចំហរ​គល់​សុដន់​ដើម្បី​ទាញ​ប្រជាប្រិយភាព​
28, Feb 2016 , 4:59 pm        
រូបភាព
ដោយ: ធីតា
 ​ដោយសារតែ​មានការ​ប្រកួត​ប្រជែង​ខ្លាំង លោក Ismet Drishti ម្ចាស់​ស្ថានីយទូរទស្សន៍​អាល់​បា​នី Zjarr TV បាន​បង្កើត​កម្មវិធី​ព័ត៌មាន​មួយ ដោយ​តម្រូវ​ឲ្យ​ស្រី​ស្អាត​ដែលជា​អ្នកអាន​ព័ត៌មាន​ពាក់អាវ​ចំហរ​ឡេវ ហើយ​បង្ហាញ​គល់​សុដន​ទាំងសងខាង​។ បើតាម​សម្តី​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Drishti ចង់​ឲ្យ​អ្នកទស្សនា​មាន​អារម្មណ៍​ស្រស់ថ្លា ជាមួយនឹង​ភាព​ពិត​នៃ​សង្គម​។​



​កម្មវិធី​ព័ត៌មាន​បែបនេះ ទទួលបាន​នូវ​ការពេញនិយម​យ៉ាងខ្លាំង​ពី​សំណាក់​ទស្សនិកជន​ដែល​ប្រើប្រាស់​ខ្សែ​កា​ប្លិ៍ និង​ភ្ជាប់​តាម​អ៊ី​ន​ធ័​រ​ណិ​ត​។ លោក Ismet Drishti ម្ចាស់​ទូរទស្សន៍ Zjarr TV និង​ជា​អតីត​អ្នកកាសែត​ផងដែរ​នោះ បាន​អះអាងថា​៖ «​យើង​មិនមែន​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​នោះឡើយ ប៉ុន្តែ​យើង​ផលិត​កម្មវិធី​ព័ត៌មាន​ដែលមាន​លក្ខណៈ​ប្រកដប្រជា និង​ដើម្បី​ទាក់ទាញ​ពាណិជ្ជកម្ម​»​។​

Greta Hoxjaj អាយុ​២៤​ឆ្នាំ ដែលជា​អ្នក​អត្ថាធិប្បាយ​ដ៏​ស៊ិ​ច​ស៊ី​ម្នាក់ បាន​និយាយថា​៖ «​ខ្ញុំ​បានធ្វើ​ឲ្យ​ទូរទស្សន៍​ថ្នាក់​តំបន់​មួយ​អស់​រយៈពេល​៥​ឆ្នាំ ប៉ុន្តែ​មិនមាន​អ្វី​រីកចម្រើន​នោះឡើយ​។ ជាមួយនឹង​កម្មវិធី​ថ្មី​នៅ Zjarr TV ខ្ញុំ​បានក្លាយ​ជាតា​រា​ដ៏​ល្បីល្បាញ​ម្នាក់​ត្រឹមតែ​អំឡុង​៣​ខែ​ប៉ុណ្ណោះ​»​។​

​ខុសពី​កម្មវិធី​ទូរទស្សន៍​មួយចំនួន​នៅ​តំបន់​អាមេរិក​ឡាទីន នាង Hoxhaj បាន​បន្ថែមថា ការបង្ហាញ​ភាព​ស៊ិ​ច​ស៊ី ដោយ​មិន​បញ្ចេញ​ទាំងស្រុង មិនបាន​ធ្វើ​ឲ្យ​មានការ​ខ្មាស់អៀន ឬ​សោកស្តាយ​នោះឡើយ​។ នាង​បាន​បន្ថែមថា ខ្លួន​ទើបតែ​ទទួលបាន​ការទាក់ទង​ពី​ទូរទស្សន៍​មួយ​នៅ​អូស្ត្រាលី ដែលមាន​គម្រោង​ធ្វើ​កម្មវិធី​ដូចគ្នា​។​

​អតីត​អ្នក​អត្ថាធិប្បាយ​ម្នាក់​ឈ្មោះ Enki Bracaj ដែលជា​និស្សិត​អាយុ​២១​ឆ្នាំ បាន​លាឈប់​ពី​ការងារ​ដោយសារ​បញ្ហា​ប្រាក់ខែ ប៉ុន្តែ​នាង​បាន​អរគុណ​ចំពោះ​កម្មវិធី​ព័ត៌មាន​ស៊ិ​ច​ស៊ី​នេះ ព្រោះ​នាង​ត្រូវបាន​ក្រុមហ៊ុន​បង្ហាញ​ម៉ូដ​មួយ​ទាក់ទង​។​

​អាល់​បា​នី មាន​ពលរដ្ឋ​ប្រមាណ​៣​លាន​នាក់ ដែល​ភាគច្រើន​កាន់សាសនា​ឥស្លាម​។ កម្មវិធី​ព័ត៌មាន​របស់​ទូរទស្សន៍ Zjarr TV ក៏​ទទួលរង​នូវ​ការ​រិៈ​គន់​យ៉ាងខ្លាំង​ក្លា​ផងដែរ​ពី​សំណាក់​អ្នកទស្សនា​។ សិស្សសាលា​សារព័ត៌មាន​ម្នាក់​ឈ្មោះ Ariol Dedaj អាយុ​២២​ឆ្នាំ បានលើកឡើង​ប្រាប់ AFP ថា​៖ «​អ្នកមើល​នាំគ្នា​នេះ​និយាយ​តែ​ពី​សុដន ហាក់​មិនបាន​ផ្តោតលើ​ខ្លឹមសារ​នៃ​ព័ត៌មាន​នោះឡើយ​»​។​

​ប្រធាន​សម្ព័ន្ធ​អ្នកកាសែត​អាល់​បា​នី លោក Aleksander Cipa បាន​កត់សម្គាល់ថា ការផ្តល់​ព័ត៌មាន​បែប​អាសអាភាស​បែបនេះ គឺ​បង្ហាញ​ឲ្យ​ឃើញថា វិស័យ​ព័ត៌មាន​នៅ​អាល់​បា​នី​កំពុង​ជួប​វិបត្តិ​ក្នុងការ​ប្រកួតប្រជែង​។ ដើម្បី​ទទួលបាន​ប្រជាប្រិយភាព ទូរទស្សន៍​នីមួយៗ ខិតខំ​បង្កើត​កម្មវិធី​គ្រប់​ទម្រង់​៕



Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com