ជាតិ
​ការឃាត់ខ្លួន​វៀតណាម​ខុសច្បាប់ មិនមែន​ធ្វើ​ឲ្យ​តែ​ល្អមើល​ដូច​ការ​ចោទ​របស់​ពលរដ្ឋ​ឡើយ​
28, Feb 2016 , 3:55 pm        
រូបភាព
​បើទោះបីជា សមត្ថកិច្ច​បញ្ចេញ​សកម្មភាព​ស្ទើរ​រាល់ថ្ងៃ​ ក្នុងការ​ឃាត់ខ្លួន​ជនជាតិ​រៀ​ត​ណា​ម​ខុសច្បាប់ក៏​ពិត​​មែន តែ​ប្រតិបត្តិការ​ទាំងនោះ ត្រូវបាន​ប្រជាពលរដ្ឋ​មួយ​ចំ​នួ​ន​ចោទថា ជាការ​បំភាន់​ភ្នែក​ប្រជាពលរដ្ឋកម្ពុជា​ប៉ុណ្ណោះ​។ ជាការឆ្លើយ​តប​​ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​លោក កែវ វណ្ណ​ថន បានច្រានចោលការចោទប្រកាន់នេះ។ លោកបាន​អះអាងថា សមត្ថកិច្ច​ខិ​ត​ខំ​សម្បើម​ណាស់ ក្នុងការ​ស្វែ​ងរក​ជន​អន្តោ​វេសន៍​ខុសច្បាប់ ជាពិសេស​ជនជាតិ​វៀតណាម​។



​ប្រជាពលរដ្ឋ​មួយចំនួន បាន​លើកឡើងថា សមត្ថកិច្ច​គ្មាន​ចេតនា​ពិតប្រាកដ ក្នុងការ​ឃាត់ខ្លួន ​និង​បណ្តេញ​ជនជាតិ​វៀ​ណា​ម​ខុសច្បាប់​ចេញពី​កម្ពុជា​នោះទេ ហើយ​ពួកគេ​ថែម​ទាំងចោទថា ការឃាត់ខ្លួន​ជនជាតិ​វៀ​តណា​ម គ្រាន់តែ​ជា​សកម្មភាព ដែល​ធ្វើ​ឲ្យ​តែ​ល្អមើល​ប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​ហ៊ាន​អះអាង​បែបនេះ ដោយសារតែ​កន្លងមក ពួកគេ​ធ្លាប់​ឃើញ​ជនជាតិ​វៀតណាម​មួយចំនួន បាន​ត្រឡប់មក​លំនៅដ្ឋាន​វិញ ក្រោយពេល​សមត្ថកិច្ច​ចាប់ខ្លួន​។​
 
​ទាក់ទង​នឹង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ លោក កែវ វណ្ណ​ថន អគ្គ​នាយរង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចេញមុខ​បដិសេធថា មិនមែនជា​ការពិត​ឡើយ​។ លោ​ក​ថា កន្លងមក សមត្ថកិច្ច​តែងតែ​ប្រឹងប្រែង​យ៉ាងខ្លាំង​ និង​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ល្អ ក្នុងការ​ស្រាវជ្រាវ​រក​ជនបរទេស​ខុសច្បាប់ ដើម្បី​ឃាត់ខ្លួន ​និង​បណ្តេញ​ចេញពី​កម្ពុជា​។ 
 
លោក កែវ វណ្ណ​ថន ថែមទាំងអះអាងទៀតថា លោកហ៊ាន​ប្រឈមមុខ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ប្រសិនបើ​មានករណីសមត្ថកិច្ច​ទទួល​សំណូក​ពី​ជនជាតិ​វៀតណាម​ខុសច្បាប់ ហើយ​ដោះលែង​ពួកគេ​វិញ​នោះ​។ លោក​​ថា​៖«​ដាច់ខាត មិនមាន​ករណីនេះ​ទេ​។ បើ​មាន​មែនសូមអ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​ទាំងអស់​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ចេញមុខ​ដោះស្រាយ ។ យើង​ចាប់​នេះ គឺ​ចាប់​មែន មិនមែន​ធ្វើ​ឲ្យ​តែល្អមើល​នោះទេ​»​។

អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍រូបនេះ បានបន្ថែមទៀតថា ការឃាត់ខ្លួនជនជាតិវៀតណាម ហើយក្រោយមកពួកគេទាំងនោះ បានត្រឡប់មកកម្ពុជាវិញ ទំនងជាពួកគេមានឯកសារគ្រប់គ្រាន់ និងស្របច្បាប់ បន្ទាប់ពីសមត្ថកិ​ច្ចសួររក។

សូមបញ្ជាក់ថា ជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ៥០០នាក់ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួន និងបណ្តេញចេញ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៦នេះ។  ក្នុងចំណោមជនបរទេស​ទាំង​នោះ មានជនជាតិវៀតណាមច្រើនជាងគេ គឺជាង៩០ភាគរយ។ ចំណែកឯ ក្នុងឆ្នាំ២០១៥ ជនបរទេសខុសច្បាប់ជាង៤ពាន់នាក់ មានចំនួន៤៩សញ្ជាតិ ត្រូវបាន​សមត្ថកិច្ច​អន្តោ​ប្រវេសន៍ឃាត់ខ្លួន និងបញ្ជូនទៅស្រុកកំណើតវិញ ក្នុងនោះអន្តោប្រវេសន៍វៀតណាមជាង៩០ភាគរយ៕

Tag:
 បរទេស​ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com