ជាតិ
កម្ម ជា​អ្នកបង្កើត​ និង​តាក់តែង​ជីវិត​សត្វលោក
28, Feb 2016 , 9:30 pm        
រូបភាព
ដោយ: ថ្មីៗ
កម្ម គឺជា​អំពើ​ដែល​សាង​ដោយ​សត្វលោក​ទាំងពួង ទោះបីជា​ល្អ​ក្តី ឬ​អាក្រក់​ក្តី។ ប្រជា​ពុទ្ធបរិស័ទ មានជំនឿថា កាលណា​មានកម្ម ប្រាកដ​ជាមាន​ផល ទាំង​នៅក្នុង​ជាតិ​នេះ និង​ជាតិ​ខាងមុខ។ កម្ម​នេះឯង ជា​អ្នក​ញ៉ាំង​សត្វលោក ឲ្យ​កើតឡើង។



ជា​ច្បាប់ធម្មជាតិ កម្ម​ល្អ នឹង​ផ្តល់​ផល​ល្អ រីឯ​កម្ម​អាក្រក់ នឹង​ផ្តល់​ផល​អាក្រក់។ ដូច្នេះ បុគ្គល​ណា ដែល​បានធ្វើ​នូវ​អំពើ​ល្អ​ច្រើន នឹង​សោយសុខ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​អាចមក​កើតជា​មនុស្ស​វិញ ឬក៏​កើត​នៅ​ស្ថាន​ទេវតា​នា​ជាតិ​ខាងមុខ។ ផ្ទុយទៅវិញ ជន​ទាំងឡាយណា ដែល​បានធ្វើ​នូវ​អំពើអាក្រក់​ច្រើន ហើយ​សន្សំ​នូវ​អកុសលកម្ម​ច្រើន តែងមាន​ជីវិត​រស់នៅ​ប្រកបដោយ​ភាពលំបាក ហើយនឹង​កើត​នៅក្នុង​អបាយភូមិ​ទៀតផង។

កម្ម គឺ​ប្រៀបបាន​ទៅនឹង​គ្រាប់ពូជ​ដូច្នោះ​ដែរ។ កម្ម គឺជា​កម្ម​សិទ្ធ​តែមួយគត់ ដែល​សត្វលោក​មាន​ពិត ហើយ​សព្វ​សត្វ​គ្រប់រូប តែង​យកតាម​ខ្លួន​ជាប់​ជានិច្ច ពីមួយ​ជាតិ ទៅមួយ​ជាតិ។ កាយ​កម្ម​ក្ដី វចីកម្ម​ក្ដី និង​មនោ​កម្ម​ក្ដី គឺ​ប្រៀបដូចជា​គ្រាប់ពូជ​ដែល​អ្នកលបាន​សាបព្រោះ នឹងត្រូវ​ដុះ​ឡើង​ពេលណា​លក្ខខណ្ឌ​អំណោយផល។ អ៊ីចឹង បើ​អ្នក​ដាំ​ពូជ​អ្វី អ្នកដឹង​បាន​ផល​នៃ​ពូជ​នោះ ហើយ​បើ​ពូជ​នោះ​ជា​ពូជ​ល្អ ផល​ក៏​រមែង​កើតឡើង​ល្អ​ដូចគ្នា។

ព្រះសម្មាសម្ពុទ្ធ ទ្រង់​អប់រំ​ថា មនុស្សលោក​គ្រប់គ្នា ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​សកម្មភាព​ផ្ទាល់ខ្លួន ហើយក៏​ត្រូវមាន​សមត្ថ​ភាព​គ្រប់គ្រាន់ ក្នុងការ​កំណត់​ជោគវាសនា​របស់ខ្លួន​ផងដែរ។ ដូច្នេះ​មុនពេល​ធ្វើ​នូវ​អំពើអាក្រក់​ណាមួយ អ្នក​គួរ​គប្បី​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន ហើយ​ត្រូវ​ព្យាយាម​ធ្វើ​តែ​អំពើ​ល្អ​គ្រប់ពេលវេលា​ជំនួស​វិញ។

ប្រសិនបើ​អ្នក​មិនដឹង​ប្រាកដថា តើ​សកម្មភាព​នោះ​អាក្រក់ ឬ​ល្អ អ្នក​អាច​អនុវត្តតាម​ព្រះ​ពុទ្ធោវាទ ដែល​ព្រះ​ពុទ្ធអង្គ​ទ្រង់​បាន​សម្ដែង​បែបនេះ​ថា៖«បើ​ការងារ​នោះ​បៀតបៀន​ខ្លួនឯង​ផង និង​ប៉ះពាល់​ដល់​អ្នកដទៃ​ផង ចូរ​កុំ​ប្រព្រឹត្តិ​នូវ​អំពើ​បែប​នោះឡើយ តែបើ​ការងារ​ទាំងឡាយណា​ដែល​មិនមាន​ផលប៉ះពាល់​ដល់​អ្នកណា​ទេ ចូរ​ធ្វើ​នូវ​អំពើ​ល្អ​នោះ​ជា​រៀងរហូត​ទៅ»៕

ប្រភព៖ គេហទំព័រ ៥០០០ឆ្នាំ



Tag:
 ធម៌
© រក្សាសិទ្ធិដោយ thmeythmey.com