កីឡាជាតិ
ជាតិ
ស្វាយរៀងបំបាក់ថាយហ្គឺរ ៦-១ ស៊ីម៉ាក់ផ្តល់មេរៀនអាស៊ីអឺរ៉ុប ៥-១
28, Feb 2016 , 9:11 pm        
រូបភាព
រូបថត សហការផ្តល់ដោយ Masayori Ishikawa/KPTStudio
រូបថត សហការផ្តល់ដោយ Masayori Ishikawa/KPTStudio
ដោយ: រួបរួម
ការប្រកួតបញ្ចប់សប្តាហ៍ទីពីរនៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៦នាថ្ងៃអាទិត្យនេះ មានការស៊ុតបាល់បញ្ចូលទីរហូតដល់១៣គ្រាប់ ដោយព្រះខ័នរាជស្វាយរៀង បំបាក់ភ្ញៀវ ខេមបូឌានថាយហ្គឺរ ៦-១ ស្របពេលដែលមជ្ឈមណ្ឌលកំចាត់មីនស៊ីម៉ាក់ ទទួលជ័យជម្នះរហូតដល់ទៅ ៥-១ លើអាស៊ីអឺរ៉ុប។



នៅលើទីលានខេត្តស្វាយរៀង ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បាននាំមុខ ៣-០ នៅតង់ទីមួយ ហើយបន្ថែមបាន៣គ្រាប់ទៀតនៅក្នុងតង់ទីពីរ មុនពេលដែល ខេមបូឌាន ថាយហ្គឺរ វាយបកបាន១គ្រាប់វិញ។ សម្រាប់ម្ចាស់ផ្ទះ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Lee Jong Ho រកបាន៣គ្រាប់ ខ្សែប្រយុទ្ធរវ៉ាន់ដា Atuheire Kipson រកបាន២គ្រាប់ ហើយសុក សំណាង បន្ថែម បាន១គ្រាប់ ខណៈ១គ្រាប់របស់ថាយហ្គឺរ សម្រេចបានដោយខ្សែប្រយុទ្ធជប៉ុន Tomoki Muramatsu។


សម្រាប់ជំនួបនៅពហុកីឡដ្ឋានជាតិ បន្ទាប់ពីនាំមុខអាស៊ីអឺរ៉ុប ២-១ ក្នុងតង់ទីមួយ ស៊ីម៉ាក់ បន្ថែមបាន៣គ្រាប់ទៀតនៅក្នុងតង់ទីពីរដើម្បីបញ្ចប់ការប្រកួតជាមួយនឹងជ័យជម្នះ ៥-១ ។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Okereke Timothy រកបាន៣គ្រាប់ កីឡាករអាហ្វ្រិកខាងត្បូង Matthew Rhoda និង ហុង មករា រកបានម្នាក់១គ្រាប់សម្រាប់ស៊ីម៉ាក់ ខណៈ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Obi Ugochukwu សម្រេចបាន១គ្រាប់សម្រាប់អាស៊ីអឺរ៉ុប។



ជ័យជម្នះដ៏ធំធេងនាំឲ្យស្វាយរៀងឡើងឈរលើកំពូលតារាងដោយមាន៦ពិន្ទុពេញស្មើបឹងកេតអង្គរ និងក្រសួងការពារជាតិ។ ភ្នំពេញក្រោនឈរលេខ៤បណ្តោះអាសន្ន ខណៈស៊ី ម៉ាក់ ឡើងទៅលេខ៥ដោយមាន៣ពិន្ទុ ណាហ្គាវើល និងវេស្ទើន ទើបបាន១ពិន្ទុ ស្របពេលដែលអាស៊ីអឺរ៉ុប និងខេមបូឌានថាយហ្គឺរបរាជ័យទាំងពីរប្រកួតនៅដើមរដូវកាល។

ពីរគ្រាប់បន្ថែមទៀតសម្រាប់ស្វាយរៀងរបស់ Atuheire Kipson បាននាំឲ្យគេមានគ្រាប់បាល់បញ្ចូលទីសរុប៥គ្រាប់ ខណៈ Okereke Timothy របស់ស៊ីម៉ាក់ មាន៤គ្រាប់។ កីឡាករ ដែលមានគ្រាប់បាល់បញ្ចូលទី៣គ្រាប់រួមមាន សុក សំណាង, Lee Jong Ho របស់ស្វាយរៀង ចាន់ វឌ្ឍនាកា, Samuel Gbenga របស់បឹងកេត និង Booysen Shane របស់ ភ្នំពេញ ក្រោន៕


Tag:
 បាល់ទាត់
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com