ជាតិ
សុវត្តិភាព ចរាចរណ៍
សាលា​រាជធានី​ត្រៀម​បំពាក់​កាមេរ៉ា​សុវត្ថិភាព ៦០០ គ្រឿង​ទៀត
17, May 2016 , 9:59 pm        
រូបភាព
​សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​៦០០​គ្រឿង​ទៀត នៅតាម​បណ្ដា​ភ្លើងស្ដុប​តាម​ខណ្ឌ​ទាំង​១២ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធានា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​។ ចំណែក​សួនច្បារ និង​បង្គោល​ភ្លើង​តាមផ្លូវ​សាធារណៈ ក៏មាន​ការកែលម្អ​ផងដែរ​។​



​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ជិន ប៊ុនធឿន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សាលាក្រុង​បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​រួចរាល់​ហើយ (HSC Co., Ltd) ដើម្បី​រៀបចំ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​៦០០​គ្រឿង នៅក្នុង​ឆ្នាំ​២០១៦​នេះ​។ លោក ជិន ប៊ុនធឿន បាន​បន្ថែមថា គោលបំណង​សំខាន់​នៃ​ការដាក់​បំពាក់​កាមេរ៉ា​បន្ថែម​នេះ គឺ​ដើម្បី​ងាយស្រួល​ក្នុងការ​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បញ្ហា​សន្តិសុខ​សង្គម ជាពិសេស​ការកំណត់​មុខសញ្ញា​ចោរកម្ម​តាម​ដងផ្លូវ​ជាដើម​។​

​កន្លងមក​សាលាក្រុង​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ភ្លើងស្ដុប​ចំនួន​១០០​គ្រឿង​មកហើយ ដែល​បានមកពី​ជំនួយ​របស់​ប្រទេស​វៀតណាម ដោយ​ប្រគល់​តាមរយៈ​ក្រសួងមហាផ្ទៃ​។ បើតាម លោក ជិន ប៊ុនធឿន នៅពេល​ខាងមុខនេះ​ប្រទេស​ចិន ក៏​គ្រោង​នឹង​ជួយ​ផ្គត់ផ្គង់​កាមេរ៉ា​សុវត្ថិភាព​ចំនួន ៤០០ គ្រឿង​ផងដែរ ។​

​ក្រៅពី​ការរៀបចំ​កាមេរ៉ា​សុវត្ថិភាព​នេះ សាលាក្រុង​ក៏​ត្រៀម​កែលម្អ​សួនច្បារ និង​បង្គោល​ភ្លើង​តាម​សាធារណៈ​ឲ្យ​ប្រសើ​ឡើង​ទៀតផង​។​

​កាលពី​ថ្ងៃទី​១៦ ឧសភា រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ប្រជុំ​ការងារ​រៀបចំ​កិច្ចសន្យា​ការថែទាំ​សួនច្បារ និង​បង្គោល​ភ្លើង​ដែរ ដោយ​ក្នុងនោះ​សួនច្បារ​ជាង ៦៩​ហិច​តា ដើមឈើ​ជាង ៦​ម៉ឺន​ដើម នឹងត្រូវ​ប្តូរ​ការទទួលខុសត្រូវ​ថែទាំ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​។ នេះ​បើតាម​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដែល​លោក​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​បន្ថែមថា អំពូល​ភ្លើង​បំភ្លឺ​សាធារណ​:​ជាង ១១.០០០ អំពូល នឹងត្រូវ​ប្ដូរ​ជា​អំពូល LED ទាំងអស់ ហើយ​ការទទួលខុសត្រូវ​ទទួល​ថែទាំ​ក៏ត្រូវ​ប្ដូរ​ឲ្យ​ក្រុមហ៊ុន​ឯកជន​។​

​អភិបាលក្រុង​រូបនេះ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​សង្ឃឹមថា ការគ្រប់គ្រង​សួនច្បារ​សាធារណ​: អំពូល​ភ្លើង​បំភ្លឺ​សាធារណ​: សន្តិសុខ​សុវត្ថិភាព​សាធារណ​:​នឹង​បាន​កាន់តែ​ល្អប្រសើរ បន្ទាប់ពី​បាន​កែសម្រួល​យន្តការ​ថ្មី និង​តម្លើង​កាមេរ៉ា​សុវត្ថិភាព​ជាង ៦០០​គ្រឿង​បន្ថែមទៀត​នេះ​៕


Tag:
 កាមេរ៉ា​
 ​ ភ្លើងស្ដុប
© រក្សាសិទ្ធិដោយ thmeythmey.com