English-Français
ជាតិ
Sunrise (មន្ទីរពេទ្យជប៉ុន) បើកទ្វារនៅខែកញ្ញា, ថ្លៃសេវាថោកជាងការព្យាបាលក្រៅប្រទេស
× ភ្នំពេញ៖ មន្ទីរពេទ្យជប៉ុន Sunrise ដែលត្រូវបានថ្នាក់ដឹកនាំមន្ទីរពេទ្យប្រាប់ឲ្យដឹងថា អាចនឹងមានតម្លៃសេវាកម្មថោកជាងការចាកចេញទៅព្យាបាលនៅក្រៅប្រទេសនោះ នឹងបើកឲ្យដំណើរការនៅក្នុងខែកញ្ញាខាងមុខនេះ នៅទីក្រុងភ្នំពេញ នាតំបន់ជ្រោយចង្វា ខាងកើតរាជធានីភ្នំពេញ។ បុគ្គលិកជប៉ុនចំនួន២០នាក់ និងបុគ្គលិកខ្មែរចំនួន៦០នាក់ដែលមានបទពិសោធន៍ខ្ពស់នឹងបម្រើការនៅក្នុងមន្ទីរពេទ្យឯកជនជប៉ុនមួយនេះ។
សូមអញ្ជើញស្តាប់បទសម្ភាសន៍ជាភាសាអង់គ្លេសរវាងលោក គី សុខលីម អគ្គនាយកសារព័ត៌មានថ្មីៗ និងលោក Yoshifumi Hayashi M.D. នាយកផ្នែកសេវាព្យាបាលអ្នកជំងឺ និង ជានាយកគ្រប់គ្រងមន្ទីរពេទ្យ Sunrise ដូចតទៅ៖
ក្រោយធ្វើការសិក្សាទីផ្សាររួចមក មន្ទីរពេទ្យឯកជនជប៉ុន Sunrise សម្រេចចិត្តបោះទុនវិនិយោគចំនួន៣៥លានដុល្លារដើម្បីសាងសង់មន្ទីពេទ្យស្តង់ដាខ្ពស់មួយនៅទីក្រុងភ្នំពេញដើម្បីទទួលការព្យាបាលពលរដ្ឋខ្មែរ និងជនជាតិជប៉ុនចំនួន២ពាន់នាក់ដែលបាន និងកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ លទ្ធផលស្រាវជ្រាវបានបង្ហាញថា ទាំងខ្មែរ និងជប៉ុននៅកម្ពុជាចង់ឃើញវត្តមានមន្ទីរពេទ្យជប៉ុនស្ថិតនៅក្នុងប្រទេសកម្ពុជា។
ហេតុផលនេះហើយ ទើបនៅខែកញ្ញាឆ្នាំ២០១៦ខាងមុខនេះ មន្ទីរពេទ្យ Sunrise នឹងបើកទ្វារទទួលអ្នកជំងឺ ដោយមានការទទួលស្វាគមន៍ពីបុគ្គលិកជនជាតិជប៉ុន និងខ្មែរចំនួនសរុប៨០នាក់។ បុគ្គលិកទាំងអស់សុទ្ធតែមានបទពិសោធន៍ខ្ពស់ផ្នែកសុខាភិបាល។ សេវាកម្មដែលផ្តល់ជូនដោយមន្ទីរពេទ្យមានដូចតទៅ ក្នុងមាន៖ ការព្យាបាលទូទៅ សង្គ្រោះបន្ទាន់ ពិនិត្យទូទៅ ការវះកាត់ប្រសាទសាស្ត្រ ឬការព្យាបាលជំងឺដាច់សសៃឈាមខួរក្បាល។ល។
មិនមែនតែតម្រូវការពីពលរដ្ឋខ្មែរ និងជប៉ុនប៉ុណ្ណោះទេដែលនាំឲ្យមានការវិនិយោគនោះ តាមពិត កង្វះខាតសេវាសុខាភិបាលនៅកម្ពុជា ការស្វាគមន៍ពីសំណាក់រដ្ឋាភិបាលកម្ពុជា បូកផ្សំនឹងយុទ្ធសាស្ត្រពង្រីកទីផ្សារមន្ទីរពេទ្យជប៉ុននៅក្រៅប្រទេសទៀតនោះ ក្រុមហ៊ុនជប៉ុនមួយនេះបានសម្រេចចិត្តបោះទុនបង្កើតមន្ទីរពេទ្យ Sunrise នៅបរទេស។
តើមន្ទីរពេទ្យជប៉ុនមួយនេះអាចនឹងប្រកួតប្រជែងជាមួយមន្ទីរពេទ្យបរទេសដែលកំពុងរកស៊ីនៅកម្ពុជារួចជាស្រេចហើយ បានដែរឬទេនៅពេលអនាគត?
ឆ្លើយទៅនឹងសំណួរនេះ លោក Yoshifumi Hayashi M.D. នាយកផ្នែកសេវាព្យាបាលអ្នកជំងឺ និង ជានាយកគ្រប់គ្រងមន្ទីរពេទ្យ Sunrise ដែលបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ បានពន្យល់ប្រាប់ថា៖«យើងមានជំនឿលើគុណភាពសេវាសុខភាពរបស់យើង ជាពិសេស សេវាកម្មសង្គ្រោះបន្ទាន់ ពីព្រោះ វេជ្ជបណ្ឌិតជំនាញជាន់ខ្ពស់យើងស្ថិតនៅប្រចាំការនៅក្នុងមន្ទីរពេទ្យតែម្តង»។
ចំណុចមួយទៀតដែលលោក Yoshifumi Hayashi គិតថា មន្ទីពេទ្យគាត់អាចប្រកួតប្រជែងបានដែរនោះ គឺតម្លៃសមរម្យ។ វេជ្ជបណ្ឌិតជនជាតិជប៉ុនវ័យក្មេងរូបនេះ បានបន្តបញ្ជាក់ទៀតថា៖«តម្លៃសេវាកម្មនៃមន្ទីរពេទ្យ Sunrise អាចមានតម្លៃថោកជាងការចេញដំណើរទៅព្យាបាលនៅក្រៅប្រទេសរបស់ពលរដ្ឋខ្មែរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com