ជាតិ
បទវិភាគ
ហេតុអ្វី​ខ្មែរ​សម័យ​ហ្វូណន មានការ​រីកចម្រើន​?
26, Jun 2016 , 3:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មេដឹកនាំ​ខ្មែរ​សម័យ​ហ្វូណន ឬ​នគរ​ភ្នំ គឺមាន​របៀប​ដឹកនាំ​ដ៏​វៃឆ្លាត ដែល​អាចធ្វើ​ប្រទេស​ខ្មែរ​សម័យ​នោះ មាន​ភាព​រីកចម្រើន និង​មាន​សន្តិភាព​។ តើ​មេដឹកនាំ​ខ្មែរ​សម័យ​នោះ មាន​ទស្សនវិជ្ជា​នយោបាយ​អ្វីខ្លះ​?

 


​ទស្សនវិជ្ជា​នយោបាយ​ខ្មែរ កាលសម័យ​នគរ​ភ្នំ បាន​បែង​ចែកជា​៤​សំខាន់ៗ​៖ 
​ទី​១៖ ការកែទម្រង់​រដ្ឋ ពី​ការដឹកនាំ​តាមបែប​មេកន្ទ្រាញ​នៅ​ក្នុងសម័យ​បុរេប្រវត្តិ មកជា​ការដឹកនាំ​រដ្ឋ​ដោយ​ព្រះមហាក្សត្រ ឬ​ព្រះរាជា​នៅ​សម័យ​ហ្វូណន​។ តាមរយៈ​អំណាច​នេះ ព្រះមហាក្សត្រ​បានកំណត់​ពី​កាតព្វកិច្ច​បង់​យកពន្ធ​របស់​ប្រជានុរាស្ត្រ ដើម្បី​កសាង​កម្លាំង​ទ័ព​ការពារ​រាជ្យ​ប​ល័​ង្ក ការពារជាតិ និង​ដើម្បី​ឥទ្ធិពល​នយោបាយ​ការបរទេស​។ លើសពីនេះ ឈរលើ​មូលដ្ឋាន​នៃ​ទស្សនវិជ្ជា​ឥណ្ឌា ដោយ​សង្កត់​ទៅលើ​លោកធាតុ​វិទ្យា ព្រះមហាក្សត្រ​ខ្មែរ​បាន​កសាង​បុរី​រដ្ឋបាល​តាម​គោលការណ៍​ពីរ​។ ទីមួយ ទឹកជា​ប្រភព​នៃ​ជីវិត ពោល គឺ​នយោបាយ​ទឹកជា​ប្រភព​នៃ​ដង្ហើម​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ខ្មែរ​។ ទស្សនៈ​«​ធ្វើស្រែ​នឹង​ទឹក​ធ្វើសឹក​នឹង​បាយ​» បាន​ក្លាយជា​ទស្សនវិជ្ជា​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងការ​អភិវឌ្ឍ​ជាតិ ដោយ​ផ្អែកលើ​វិស័យ​កសិកម្ម​។ និង​ទី​ពីរ គឺ​អំណាច​ធម្មជាតិ ដែលជា​គំនិត​បង្ហាញ​ការគោរព​ធម្មជាតិ និង​ការរស់នៅ​ជាមួយ​ធម្មជាតិ​។ ជនជាតិខ្មែរ​យល់ថា ចក្រ​វា​ឡ ជា​ខ្លួនប្រាណ​។ ឯ​ថ្មភ្នំ គឺជា​ឆ្អឹង​។ ចំណែក ដង​ទន្លេ​ទាំងឡាយ គឺជា​ឈាម​។ រីឯ ខ្ស​ល់ គឺជា​ដង្ហើម​របស់​មនុស្ស​។   

​ទី​២៖ សន្តិភាព​និយម ដោយ​ឈរលើ​គោលការណ៍​ចំនួន​ពីរ ទីមួយ​៖ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​បរទេស គឺជា​នយោបាយ​បាយ​ឈ្នះៗ​។ នយោបាយ​ឈ្នះៗ មានន័យថា គាំទ្រ​ឲ្យ​មានការ​សម្របសម្រួល​ជម្លោះផ្ទៃក្នុង​នៃ​ប្រទេស​ជា​មិត្ត ដោយ​មិន​លូកដៃ​កាន់ជើង​ម្ខាងៗ​នៃ​ភាគី​ជម្លោះ​ណា​ឡើយ​។  ទី​ពីរ មិន​ទទួល​ជំនួយ​បរទេស​៖ កាលនោះ ព្រះបាទ កៅ​ណ្ឌិ​ន្យ ដែលជា​ក្សត្រ​ដំបូង​របស់​ខ្មែរ គឺជា​ជនជាតិ​ឥណ្ឌា តែ​ខ្មែរ​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​កងទ័ព​ឥណ្ឌា​នៅលើ​ទឹកដី​ខ្មែរ​ឡើយ​។ លើសពីនេះ ទោះបី ខ្មែរ​ស្ថិតនៅ​ចន្លោះ​កណ្តាល​រវាង​ចិន និង​ឥណ្ឌា ប៉ុន្តែ​ខ្មែរ​មិន​អនុញ្ញាត​ឲ្យ​កងទ័ព​ចិន និង​ឥណ្ឌា មាន​មូលដ្ឋាន​ក្នុង​ទឹកដី​ខ្មែរ​នោះទេ​។ ការណ៍​ដែល​ខ្មែរ​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​លើទឹក​ដី​ខ្មែរ ធ្វើ​ឲ្យ​ខ្មែរ​មិនចាំបាច់​បន្ទន់ឥរិយាបថ​ចំពោះ​បរទេស​ណា​នោះទេ​។

​ទី​៣៖ កិច្ចការពារ តែ​មិន​ធ្វើការ​វាយប្រហារ (Protect not Attack) គឺជា​ទស្សនវិជ្ជា​សន្តិភាព​និយម និង​ជា​វប្បធម៌​ចែករំលែក​របស់​ខ្មែរ​ក្នុង​ទំនាក់ទំនង​ជាមួយ​បរទេស​។ ទស្សនវិជ្ជា​នយោបាយ​នេះ ឈរលើ​គោលការណ៍​ពីរ​។ ទីមួយ នយោបាយ​បើកចំហ​សមុទ្រ គឺមាន​សារសំខាន់​សម្រាប់​នយោបាយ​ការបរទេស​របស់​ខ្មែរ​។ កាលនោះ ទោះបីជា​ខ្មែរ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ឥណ្ឌា តែ​ខ្មែរ​នៅតែមាន​ទំនាក់​ទំនងជា​ចិន​ដែលមាន​ព្រំដែន​ជាប់​នឹង​ប្រទេស​របស់ខ្លួន​។ នយោបាយ​បើកចំហ​សមុទ្រ គឺ​ធ្វើ​ឲ្យ​ខ្មែរ​ចំណេញ​នូវ​បច្ចេកវិទ្យា​សម្រាប់​ការបង្កើន​ទំនើបកម្ម​នៃ​ផលិតផល​របស់ខ្លួន​លើ​គ្រប់​វិស័យ ជាពិសេស វិស័យ​កសិកម្ម ពាណិជ្ជកម្ម ការពារជាតិ និង​វប្បធម៌​។ ជាក់ស្តែង កាលនោះ កំពង់ផែ​អូ​កែ គឺ​បាន​ក្លាយជា​បណ្តុំ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​វប្បធម៌​។ នេះ​បើ​យោងតាម​កំណត់ហេតុ​របស់​ចិន​។ លើសពីនេះ ខ្មែរ​យល់ថា ផ្លូវទឹក​មាន​សារសំខាន់​ទើប​ការសង់​រាជធានី​របស់​ខ្មែរ ព្រះមហាក្សត្រ តែងតែ​សាងសង់​នៅជាប់​ទន្លេ សមុទ្រ ឬ​ជីក​គូ​ទឹក​នៅ​ជុំវិញ​ជាដើម​។ ទី​ពីរ​៖ ចំណង​ការទូត​៖ ការធ្វើ​នយោបាយ​ការបរទេស​ជាមួយ​ឥណ្ឌា គឺជា​ទំនាក់ទំនង​នយោបាយ​សេដ្ឋកិច្ច និង​វប្បធម៌​។ ជនជាតិខ្មែរ ខិតខំ​សម្រិតសម្រាំង​ទាញ​ប្រយោជន៍​ពី​ប្រទេស​ឥណ្ឌា ដូចជា ប្រែក្លាយ​ព្រះមហាក្សត្រ​ដែល​ជនជាតិ​ឥណ្ឌា ឲ្យ​ទៅជា​ព្រះមហាក្សត្រ​ដែល​គិត​ប្រយោជន៍​ខ្មែរ និង​កែប្រែ​វប្បធម៌​ឥណ្ឌា​ឲ្យ​ទៅជា​វប្បធម៌​ជាតិ​។ ក្រៅពី​ទំនាក់​ទង​ជាមួយ​ឥណ្ឌា ខ្មែរ​មាន​ទំនាក់​ទំនងជា​ចិន​ទាំង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ទំនាក់ទំនង​វប្បធម៌​។ ចំណែក អឺរ៉ុប​វិញ ខ្មែរ​ក៏មាន​ទំនាក់ទំនង​លើ​ពាណិជ្ជកម្ម​ផងដែរ​។ យោងតាម បណ្ឌិត មី​សែ​ល ត្រា​ណេ បាន​អះអាងថា ទោះបី​គ្មាន​ឯកសារ តែ​ស្លាកស្នាម​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បង្ហាញថា ខ្មែរ​សម័យ​ហ្វូណន​មាន​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប​ដូចជា រូ​ម៉ាំង​ជាដើម​។ ទំនង​ទំនង​នេះ ឈរលើ​វិស័យ​ពាណិជ្ជកម្ម ដូចជា ការជួញដូរ​គ្រឿងអលង្កា​រ មាសប្រាក់ កែវ កាក់ អង្កាំ ត្បូង និង​របស់​ប្រើប្រាស់​ដទៃទៀត ដែលមាន​លក្ខណៈ​ជា​សិល្បៈ​រូ​ម៉ាំ ឬ​ក្រិច​។

​និង​ទី​៤៖ យុត្តិធម៌​សង្គម គឺ​ពឹង​លើ​ព្រះមហាក្សត្រ និង​អធិធម្មជាតិ មានន័យថា នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ គឺ​គ្រប់គ្រង​ដោយ​ព្រះមហាក្សត្រ​។ ប៉ុន្តែ នៅពេល​ខ្មែរ​ហ្វូណន មានរឿង​ក្តីក្តាំ​កើតឡើង ហើយ​គ្មាន​វត្តមាន​ព្រះមហាក្សត្រ គឺ​ពួកគេ​បាន​ប្រើប្រាស់​ជំនឿ​អរូបី​យ៍​ដើម្បី​ដោះស្រាយ ដូចជា ការធ្វើ​សម្បថ ឬ​ឲ្យ​ភាគី​ជម្លោះ​លូកដៃ​ចូល​ទឹក​ក្តៅ ឬ​ជ្រមុជ​ទឹកជា​ដើម​៕

​ប្រភព​៖ «​ទស្សនវិជ្ជា​ខ្មែរ​នា​សម័យ​ហ្វូណន​» ចងក្រង​ដោយ បណ្ឌិត ជា មុនី​រិ​ទ្ធិ 


Tag:
 ​ហ្វូណន​
 ​ មេដឹកនាំ
© រក្សាសិទ្ធិដោយ thmeythmey.com