ជាតិ
សេដ្ឋកិច្ច
គម្រោងផ្លូវដែកភ្ជាប់មកកំពង់ផែស្វយ័តភ្នំពេញ កំពុងដាក់ឲ្យសិក្សា
× រដ្ឋាភិបាល កំពុងដាក់ឲ្យសិក្សាគម្រោងផ្លូវដែកថ្មីមួយ ដែលភ្ជាប់ចេញពីផ្លូវដែកមានស្រាប់ មកកំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលអាចចំណាយទឹកប្រាក់សាងសង់ប្រមាណ ២៥០លានដុល្លារ។
គម្រោងសាងសង់ផ្លូវដែកមួយខ្សែដែលភ្ជាប់មកកំពង់ផែស្វយ័តភ្នំពេញ កំពុងស្ថិតក្រោមការសិក្សារបស់ក្រុមហ៊ុនផ្លូវដែកចិន China Railway 16th Bureau Group ។ នេះបើតាមលោក ច័ន្ទ សំឡេង អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកកិច្ចការផ្លូវដែក។ លោកមានប្រសាសន៍ថា ផ្លូវដែកថ្មីមួយនេះ អាចនឹងត្រូវតភ្ជាប់ពីចំណុចស្ថានីយ៍រថភ្លើងមួយក្នុងខ័ណ្ឌដង្កោ រាជធានីភ្នំពេញ មកកំពង់ផែស្វយ័តភ្នំពេញ ដែលនៅតាមបណ្ដោយផ្លូវជាតិលេខ១ ដោយត្រូវកាត់តាមទឹកដីខេត្តកណ្ដាល (ប៉ែកខាងត្បូងរាជធានីភ្នំពេញ) ។
លោក ច័ន្ទ សំឡេង ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ថា ការដាក់ឲ្យសិក្សារគម្រោងផ្លូវដែកថ្មីនេះ ធ្វើឡើងក្នុងបំណងបញ្ចៀសការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវគោក ដែលនឹងជួយជំរុញសេដ្ឋកិច្ចបន្ថែមទៀត។
អ្នកនាំពាក្យក្រសួងសាធារណការរូបនេះ មិនអាចបញ្ជាក់បានពីរយៈពេលចាប់ផ្តើមសាងសង់ផ្លូវដែកនេះឡើយ ដោយលោកប្រាប់ថា ក្រុមហ៊ុនកំពុងសិក្សាលើគម្រោងនេះ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យដឹងថាថា គម្រោងផ្លូវដែកនេះ អាចនឹងត្រូវប្រើប្រាស់ថវិកាប្រមាណជាង ២៥០លានដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com