ពីនេះ ពីនោះ
«​ខ្លួន​ជា​អ្នកក្រ កុំ​ត្រដរ​ចង់​ធ្វើ​សេដ្ឋី​» បើ​យល់​ខុស​ក្លាយជា​សុភាសិត​រារាំង​ឆន្ទៈ​តស៊ូ
29, Jun 2016 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ «​ខ្លួន​ជា​អ្នកក្រ កុំ​ត្រដរ​ចង់​ធ្វើ​សេដ្ឋី​» គឺជា​សុភាសិត​មួយ​ដែល​ជន​ប្រុស​ស្រី​គួរ​នាំ គិតពិចារណា ជាពិសេស​សម្រាប់​អ្នកសិក្សា​ទាំងឡាយ​។ ចំពោះ​សុភាសិត​មួយ​នេះ អ្នក​ពិចារណា​អាច​នឹងមាន​ការភ័ន្តច្រឡំ​ចំពោះ​អត្ថន័យ ថា​សុភាសិត​មួយ​នេះ មាន​បង្កប់​គំនិត​អវិជ្ជមាន​និយម ប្រសិនបើ​អ្នកបកស្រាយ ធ្វើការ​បកស្រាយ​ក្នុងន័យ​អវិជ្ជមាន​។​



​តាមរយៈ​សុភាសិត​មួយ​នេះ គេ​អាច​មើលឃើញថា សុភាសិត​នេះ​មាន​អត្ថន័យ​ពី​យ៉ាង​ដែល​ត្រូវ​បកស្រាយ​។ ក្នុង​អត្ថន័យ​ទីមួយ សុភាសិត​នេះ​ដូនតា លោក​ចង់​អប់រំ​កូន​ខ្មែរ យ៉ាងច្បាស់ ថា ប្រសិនបើ​ខ្លួន​កើត​មកជា​កូនអ្នកក្រ ស្ថិតក្នុង​ស្ថានភាព​គ្រួសារ​ក្រីក្រ មាន​ព្រឹក​ខ្វះ​ល្ងាច មាន​ល្ងាច​ខ្វះ​ព្រឹក ឬ​អាច​និយាយបានថា ជា​បុគ្គល​ស្ថិតនៅក្នុង​គ្រួសា​មានទ្រព្យ​សម្បត្តិ​មធ្យម​ក្ដី គួរ​កុំ​នាំគ្នា​ត្រដរ បង្ហាញ​គេឯង​ហាក់បីដូចជា​ខ្លួនឯង គឺជា​កូនអ្នកមាន មាន​លុយ​ឡូយឆាយ នោះ​អី​។ ត្រង់នេះ ដូនតា​លោក​បានគិត និង​បាន​បង្កប់​ការអប់រំ យ៉ាង​មាន​អត្ថន័យ ដល់​កូនចៅ​ជំនាន់​ក្រោយ ឲ្យ​ចេះ​គិតពិចារណា ចេះ​ប្រមាណ​ខ្លួន ចេះ ស្គាល់​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ មុននឹង​ធ្វើខ្លួន​ប្រៀប​ដូច​សេដ្ឋី​។

​ចំណែក​ករណី​មួយទៀត សុភាសិត​នេះ​អាចមាន​ន័យ​មួយ​ផ្សេងទៀត ដែលជា​ចំណុច​អវិជ្ជមាន  គួរតែ​គិតពិចារណា​ផងដែរ​។ ចំណុច​នេះ​គឺ​នៅត្រង់ថា ក្នុង​អត្ថន័យ​នៃ​សុភាសិត​នេះ ហាក់​មានបំណង​បង្អាក់​ឆន្ទៈ​មនុស្ស ឲ្យ​លះបង់​ការតស៊ូ និង​ការខិតខំ​ប្រឹងប្រែង​ទៅវិញ​។ ជាក់ស្ដែង​នៅពេល​និយាយថា «​ខ្លួន​ជា​អ្នកក្រ កុំ​ត្រដរ​ចង់​ធ្វើ​សេដ្ឋី​» ស្ដាប់​ហើយ គឺ​ក្នុងន័យ​ប្រាប់ថា ប្រសិនបើ​អ្នក​កើត​នៅក្នុង​ត្រកូល​អ្នកក្រ គ្រួសារ​ក្រីក្រ កុំ​បាច់​ត្រដរ​ចង់​ក្លាយជា​សេដ្ឋី​។ ព្រោះ​ទោះបី​ខំប្រឹង​បែបណា​ក៏​មិនអាច​ទៅរួច​បាន​នោះដែរ​។​

​ក្នុង​មូលហេតុ​នៃ​អត្ថន័យ​ទាំងពីរ​ខាងលើ គេ​អាច​យក​ឃ្លា​សុភាសិត​នេះ មក​និយាយបាន​ប្រសិនបើ អ្នកបកស្រាយ​យក​អត្ថន័យ​ទី​១​មក​បកស្រាយ​ដើម្បី​អប់រំ​មនុស្ស​។ ព្រោះថា វា​គឺជា​អត្ថន័យ​អប់រំ​ដ៏​ល្អ​មួយ សម្រាប់​មនុស្ស​ជំនាន់​ថ្មី ដែល​ចូលចិត្ត​ធ្វើខ្លួន​ហឺ​ហា​សប្បាយ​ចាយលុយ​ឪពុកម្ដាយ មិន​ខ្វល​ពី​ទុក្ខលំបាក​របស់លោក​ដែល​ខិតខំ​ស្វែងរក​។ ប៉ុន្តែ​ប្រសិនបើ​យកមក​បកស្រាយ​ក្នុង​អត្ថន័យ​ទី​២ សុភាសិត​គឺ​មិនគួរ​លើកយក​និយាយ​ឡើយ​។ ព្រោះថា គ្រប់​មនុស្ស​កើតមក គ្មាន​អ្នកណាម្នាក់​មាន​ពី​កំណើត​នោះទេ​។ ចំណែក​ភាពមានបាន​គឺ​អាស្រ័យទៅលើ​ការខិតខំ​ប្រឹងប្រែង ត្រដរ​ប្រឹងរក​ប្រឹង​ខំ​។ យ៉ាងណាមិញ​ជីវិត​មហាសេដ្ឋី ក្នុង​លោក​គឺ​មិនមែន​សុទ្ធតែ​កើតចេញពី​ត្រកូល​មហាសេដ្ឋី ប៉ុន្តែ​កូនអ្នកក្រ អ្នកបម្រើ​គេ​ក៏មាន​។ ហេតុនេះហើយ​ចង់​ធ្វើជា​មហាសេដ្ឋី គ្មានអ្វី​ដែលថា​មិន​ប្រឹងប្រែង មិន​តស៊ូ​។ ចំណែក​កូនអ្នកក្រ​ដែល​ត្រដរ​ចង់​ធ្វើជា​សេដ្ឋី​ក៏​មិន​ខុស​នោះដែរ​។ តែ​អ្វីដែល​សំខាន់ គឺ​ការតស៊ូ និង​ត្រដរ​នោះ មាន​ផែនការ និង​ការតាំង​ចិត្ត​ខ្ពស់ មិនមែន​គ្រាន់តែ​ជាការ​ស្រមើស្រមៃ​។​

​ជារួម​មក សុភាសិត​ដូនតា​ខ្មែរ​មួយ​នេះ ថ្វី​ដ្បិតថា​ល្អ ប៉ុន្តែ​វា​នឹង​ក្លាយជា​អវិជ្ជមាន​ភ្លាម​ប្រសិនបើ​អ្នកបកស្រាយ ធ្វើការ​បកស្រាយ​តែមួយ​ផ្លូវ​។ ហេតុនេះ​ការបកស្រាយ​ក៏ត្រូវ​ពិចារណា​ច្រក​ដែល​អត្ថន័យ​របស់​សុភា​សិត​នេះ​គួរ​មាន គួរ​បកស្រាយ ហើយ​ធ្វើការ​បកស្រាយ​ទៅតាម​ល​ម្អា​ន ដែល​អាចធ្វើ​ទៅបាន​៕


Tag:
 សុភាសិត​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com