ពីនេះ ពីនោះ
មេដឹកនាំ​នយោបាយ​បែង​ចែកជា​បួន​ប្រភេទ
29, Jun 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មេដឹកនាំ​គឺជា​បុគ្គល​ដែល​សំខាន់ ដែល​សង្គម​ណា​ក៏​មិនអាច​ខ្វះ​បាន​។  នៅក្នុង​សៀវភៅ​វិទ្យាសាស្ត្រ​នយោបាយ​បាន​បែងចែក​ប្រភេទ​មេដឹកនាំ​នយោបាយ​ជា​បួន​ប្រភេទ​ដូចជា ប្រភេទ​មេដឹកនាំ​ធម្មតា ប្រភេទ​មេដឹកនាំ​បែប​ពាណិជ្ជករ ប្រភេទ​មេដឹកនាំ​បែប​ពន្លត់អគ្គីភ័យ និង ប្រភេទ​មេដឹកនាំ​បែប​មហា​បុរស​។ តើ​មេដឹកនាំ​ទាំង​បួន​ប្រភេទ​នេះ​ខុសគ្នា​ដូចម្ដេច​?



​ប្រភេទ​មេដឹកនាំ​ធម្មតា​៖ ជា​មេដឹកនាំ​ដែល​ពុំ​បានធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ក្រៅពី​ការឆ្លើយតប​និង​ការបម្រើ​ទៅតាម​សំណូមពរ​របស់​ប្រជាជន​ទាំងអស់​ឡើយ​។​

​ប្រភេទ​មេដឹកនាំ​បែប​ពាណិជ្ជករ​៖ ជា​ប្រភេទ​មេដឹកនាំ​ដែល​ធ្វើ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​មានការ​រីក​ចម្រើន​ឈានឆ្ពោះ​ទៅរក​ស្ថិរភាព និង​ភាពសម្បូរ​សប្បាយ​ខាង​សេដ្ឋកិច្ច​។​

​ប្រភេទ​មេដឹកនាំ​បែប​ពន្លត់អគ្គីភ័យ​៖ ជា​ប្រភេទ​មេដឹកនាំ ដែល​ប៉ិនប្រសប​ក្នុងការ​ដោះស្រាយ​បញ្ហា​ចំពោះមុខ​និង​ជាបន្ទាន់ ទាក់ទង​ដល់​វិ​ប​ត្ត​នយោបាយ វិ​ប​ត្ត​សង្គម ឬ​ទំនាស់​ជា​អន្តរជាតិ​ដែល​កើតមានឡើង​ជាយថាហេតុ ដោយ​ចេះ​ផ្សះផ្សារ​នូវ​ទំនាស់ វិបត្តិ​ទាំងនោះ​ឲ្យ​ត្រឡប់មក​រកស​ភាពប្រក្រតី​វិញ​។​

​ប្រភេទ​មេដឹកនាំ​បែប​មហា​បុរស​៖ ជា​ប្រភេទ​មេដឹកនាំ ដែល​ចូលចិត្ត​ប្រើប្រាស់​មនោគមវិជ្ជា​ដ៏​សុក្រឹត​របស់ខ្លួន បញ្ចូល​ទៅក្នុង​ស្មារតី​របស់​មហាជន​ហើយ​ប្រែក្លាយ​មនោគមវិជ្ជា​នេះ ទៅជា​កម្លាំង សាមគ្គី​មួយ​ដ៏​ធំធេង ដើម្បី​សម្រេច​គោលដៅ​។ មេដឹកនាំ​ប្រភេទ​នេះ បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន ទស្សនៈ​នយោបាយ​ដ៏​ល្អៗ ក៏ដូចជា​ភាព​ស្ទាត់ជំនាញ​ក្នុងការ​ដឹកនាំ ព្រមទាំង​ជា​អ្នក​ផ្ដល់នូវ​បទពិសោធន៍​ដ៏​មានតម្លៃ​សម្រាប់​សង្គមមនុស្ស​ជំនាន់​ក្រោយ​ថែមទៀត​។​

​ដកស្រង់​ពី​សៀវភៅ​៖ ចំណុច​ផ្ដើម​ស្ដីពី​វិទ្យាសាស្ត្រ​នយោបាយ​, បណ្ឌិត អ៊ុំ ប៉ុ​ម​


© រក្សាសិទ្ធិដោយ thmeythmey.com