ជាតិ
កម្មករ​បន្ត​ជីក​រ៉ែ​ត្បូង​ក្នុង​ដីចម្ការ​កៅស៊ូ​យ៉ាង​អនាធិបតេយ្យ នៅ​ខេត្តរតនគិរី​
28, Jun 2016 , 9:59 pm        
រូបភាព
ដោយ:
​រតនគិរី​៖ ឈ្មួញ និង​កម្មករ​ជីក​ត្បូង​ខុសច្បាប់​នៅ​បន្តសកម្មភាព​ជីក​កកាយ​រុករក​រ៉ែ​ត្បូង​អនាធិបតេយ្យ​ក្នុង​ចម្ការកៅស៊ូ​ឯកជន​លើដី​រដ្ឋ នៅ​ស្រុក​បរ​កែវ ខេត្តរតនគិរី​។ ក្រុម​អ្នករុករក​រ៉ែ​អនាធិបតេយ្យ​ជាង ១០០​នាក់ បាននាំគ្នា​បន្ត​ជីក​កកាយ​រក​ត្បូង​ជាថ្មីទៀត បើទោះបីជា​សមត្ថកិច្ច​ស្រុក​បរ​កែវ ហាមឃាត់​ក្តី​។​



​បើទោះបី​កម្លាំង​សមត្ថកិច្ច​ហាមឃាត់ និង​រឹបអូស​គ្រឿង​សម្ភារៈ​ពី​អ្នក​ជីក​រ៉ែ​ល្មើសច្បាប់​ក៏ដោយ ក៏​ឈ្មួញ និង​កម្មករ​ជីក​ត្បូង​ខុសច្បាប់ នៅតែ​បន្ត​ឱកាស​ជីក​កកាយ​ដី នៅ​កណ្តាល ព្រៃ​កៅស៊ូ​ដដែល​។ អ្នក​ជីក​ត្បូង ឬ​កម្មករ​ជីក​ត្បូង បាន​ចូលទៅ​តំបន់​ជីក​ត្បូង​ជា​ក្រុម​តូចៗ ហើយ​គេ​ជីក​កកាយ​ដី​ក្នុង​សភាព​លួចលាក់​ទាំង​រដូវប្រាំង និង​រដូវវស្សា​។​

​លោក មុំ សុ​ទ្ធី កម្មករ​ជីក​រ៉ែ​ត្បូង​ខុសច្បាប់ ក្នុង​ខេត្តរតនគិរី បាន​និយាយថា ថៅកែ​ចម្ការកៅស៊ូ និង​ថៅកែ​ត្បូង បានអនុញ្ញាត​កម្មករ​ទាំងអស់​ជាង ១០០​នាក់​ឲ្យ​ជីករណ្តៅ​រក​រ៉ែ​ត្បូង លក់​ជូន​ពួកគេ​។​
​បុរស​សម្បុរ​ខ្មៅ​ស្រអែម​វ័យ ៤០ ឆ្នាំ ដែល​ប្រក​បរបរ​ជីក​រ៉ែ​ត្បូង​ជាង ២​ឆ្នាំ ក្នុង​ខេត្តរតនគិរី​រូបនេះ និយាយ​ពី​ការរីក​រណ្តៅ​ត្បូង​ទាំង​គ្មាន​បច្ចេកទេស​ថា កម្មករ​ទាំងអស់​ត្រូវ​រក​ខ្សែ​ត្បូង​រួច​ជីករណ្តៅ​រ៉ែ​ត្បូង​ចំនួន​ពី ១០ ទៅ ៥០​រណ្តៅ​ដី​ជម្រៅ ១០ ទៅ​១៥​ម៉ែត្រ ស្របតាម​ទំហំ​ដី​ផ្ទុក​រ៉ែ​ត្បូង​។​



​កម្មករ​រាង​ស្គម​ស្តើង​រូបនេះ បាន​បោះបង់​ការងារ​ធ្វើស្រែ​ចម្ការ​ចំណាកស្រុក​ពី​ខេត្តក្រចេះ មក​ខេត្តរតនគិរី​ជាមួយ​ពលរដ្ឋ​ផ្សេងទៀត ជីក​រ៉ែ​ត្បូង ដើម្បី​ចិញ្ចឹមជីវិត​គ្រួសារ​។ បើទោះបីជា លោក​ពុំ​បច្ចេកទេស​ជីក​ត្បូង​ក្តី លោក សុ​ទ្ធី ពុំ​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​បាក់​ដី​សង្កត់​ឡើយ ព្រោះ លោក​មានបទពិសោធន៍​ការងារ​។​

«​យើង​ជីក​ជ្រៅ ១០ ទៅ ១៥​ម៉ែត្រ​ហើយ​យើង​ទុក​សរសរ​រណ្តៅ​ដី ដូចនេះ​វា​មិន​បាក់ស្រុត​ទេ​។ បើ​អ្នកដទៃ​ជីក​ជិត​ប៉ះ​ជើង​សសរ​រណ្តៅ​យើង​នោះ យើង​ហាម​គាត់ កុំ​ឲ្យ​ជីក ព្រោះ​វា​អាច​បាក់​ដី​សង្កត់​»​។ លោក​អះអាង​យ៉ាង​ម៉ឹងម៉ាត់ នៅពេល​លោក​កំពុង​អង្គុយ​សម្រាក​ក្រោម​ម្លប់​ចម្ការកៅស៊ូ​ដ៏​ត្រជាក់ ទោះបីជា​គ្មាន​បច្ចេកទេស​ក្តី​។​



​បុរស​រូបនេះ បន្ត​រៀបរាប់​ពី​ពេល​ជីក​យក​ត្បូង​ថា លោក​ចំណាយពេល​ពីរ​ថ្ងៃ ទើប​ជីក​ដល់​ខ្សែ​រ៉ែ​ត្បូង​។ ហើយ​ថា រ៉ែ​ត្បូង​មួយ​រណ្តៅៗ មានតម្លៃ​ពី​ជាង ១ ទៅ ៥​ពាន់​ដុល្លារ​ដុល្លារ​អាមេរិក ខ្លះទៀត​លើស​នេះ​ទៀតផង​។​

​បើទោះបីជា​លោក​ពុំ​ស្គាល់​ប្រភេទ​រ៉ែ​ត្បូង​ក្តី ក៏​លោក​អា​ចរក​ចំណូល​ពី ១ ទៅ ២​ម៉ឺន​ដុល្លារ ក្នុង​មួយខែ តែ​ខែ​ខ្លះ លោក​ពុំ​រុករក​រ៉ែ​ឃើញ​ក៏មានដែរ​។​

«​ខ្ញុំ​អត់​ស្គាល់​ប្រភេទ​រ៉ែ​ត្បូង​ទេ​។ ខ្ញុំ​លក់​ឲ្យ​ថៅកែ​តាម​ប្រភេទ​រ៉ែ​ក្រហម លឿង ខៀវ​តម្លៃ ២ ទៅ ៣​ម៉ឺន​រៀល ដល់ ១​ម៉ឺន​ដុល្លារ អាស្រ័យ​លើ​ទំហំ​ត្បូង​តូចធំ ល្អ ឬ​បែក​»​។ បុរស​កម្មករ​ស៊ីឈ្នួល រក​ត្បូង​ឲ្យ​ថៅកែ​ខុសច្បាប់​បញ្ជាក់​។​



​ក្រុមកម្មករ​ភាគច្រើន បាន​ចំណាកស្រុក​ពី​ខេត្តកំពង់ចាម ព្រៃវែង កំពង់ធំ ចូល​តំបន់​រក​រ៉ែ​ក្នុង​ឃុំ​បរ​កែវ ស្រុក​បរ​កែវ ខេត្តរតនគិរី​។ មិន​ខុសពី​កម្មករ​ខាងលើ លោក ប៉ែន សុជាតិ អ្នក​ខេត្តកំពង់ចាម កំពុង​ជីក​យក​ដីក្រហម​ខេត្តរតនគិរី​តាម​ខ្សែ​រ៉ែ​ត្បូង​ក្រោម​ដី និយាយថា លោក​សម្រេចចិត្ត​ចំណាកស្រុក​ពី​ខេត្តកំពង់ចាម​ជាង ៥​ឆ្នាំ ជីក​រក​រ៉ែ​ត្បូង​ចិញ្ចឹម​គ្រួសារ​។​



​បុរស​វ័យ ៣០​ឆ្នាំ​រូបនេះ ពុំ​ព្រួយបារម្ភ​សុវត្ថិភាព​នោះទេ ព្រោះ​លោក​សំអាង​លើ​បទពិសោធន៍​ច្រើន​ឆ្នាំ​ការងារ​នេះដែរ​។ បុរស​រូបនេះ ត្រូវ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ ដើម្បី​រក​ចំណូល​ចិញ្ចឹម​គ្រួសារ​។ «​បើ​ខ្ញុំ​មិន​ចាក​ឆ្ងាយ​ស្រុក​មក​ជីក​រ៉ែ​ត្បូង​នៅទីនេះ​ទេ ខ្ញុំ​មិនអាច​ចិញ្ចឹម​ក្រពះ​គ្រួសារ​រស់នៅ​ឡើយ​។ ខ្ញុំ​អាច​រកចំណូលបាន​ច្រើន​ពី ២ ទៅ ៥​ពាន់​ដុល្លារ​ក្នុង​មួយខែៗ​»​។ បុរស​សម្បុរ​ខ្មៅ​មាឌ​មាំ បញ្ចេញ​ស្នាមញញឹម​ទាំង​ទឹក​ញើស​ពេញមុខ​បញ្ជាក់​។​

​យ៉ាងណា កម្មករ​ជីក​រ៉ែ ព្រួយបារម្ភ​ពី​បាត់បង់​រ៉ែ​ត្បូង​ផងដែរ កាលណា​អាជីវកម្ម​ខុសច្បាប់​មាន ច្រើន​។ ពេលនោះ ពួកគេ​នឹង​លែង​បានទទួល​ចំណូល​ពី​ការជីក​រ៉ែ​ខុសច្បាប់​ទៀតហើយ​៕














Tag:
 រ៉ែ​
  ត្បូង​
  រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com