ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ចិន​បោះទុន​ជាង ៣​ពាន់​លាន​ដុល្លារ អភិវឌ្ឍន៍​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​ខេត្ត​ព្រះសីហនុ​
29, Jun 2016 , 7:39 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ក្រុមហ៊ុន​ធំៗ​របស់​ចិន បោះទុន​រួមគ្នា​លើទឹក​ប្រាក់​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ​លើ់​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ នៅ​ខេត្ត​ព្រះសីហនុ​។


​ក្រុមហ៊ុន​ធំៗ​របស់​ចិន​ចំនួន​៣ បោះទុន​រួមគ្នា ដើម្បី​អភិវឌ្ឍន៍​តំបន់ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​នៅ​ខេត្ត​ព្រះសីហនុ ដែល​គ្របដ​ណ្ដា​ប់​លើ​ផ្ទៃដី ៣៣៧​ហិកតា​។ បើតាម​លោក ស៊ូ ហេម​មីង នាយក​ក្រុមហ៊ុន EAST UNION SILK ROAD ដែល​ត្រូវ​ដកស្រង់​សំដី​ដោយសារ​ព័ត៌មាន​ជាតិ​កម្ពុជា AKP  ឲ្យ​ដឹងថា ក្រុមហ៊ុន​នឹង​បង្កើត​មជ្ឈមណ្ឌល​វិស្សមកាល​លំហែកាយ​ទេសចរណ៍​អន្តរជាតិ​, ទីតាំង​សន្និសីទ​នៃ​វេទិកា​ប្រជុំ​ហរិញ្ញវត្ថុ​, សោធន​និវត្តន៍​អន្តរជាតិ​, មន្ទីរពេទ្យ​, មហាវិទ្យាល័យ​សុខាភិបាល​, មគ្គុទេសក៍​ទេសចរ​, សណ្ឋាគារ​លំដាប់​ផ្កាយ​៥ និង​បង្កើតជា​តំបន់​សម្បទាន​ទេសចរណ៍​ធំ​បំផុត​នៅ​កម្ពុជា​។ 
 
​លោក ស៊ូ ហេម​មីង បាន​ថ្លែង​ក្នុង​ពី​ធី​សម្ពោធ​តំបន់​គំរូ​ក្រវាត់​១​ផ្លូវ​១ និង​តំបន់​សាកល្បង​កិច្ច​សហប្រតិបត្តិ​ទន្លេមេគង្គ​-​ឡាន​ឆាង នៅ​ថ្ងៃទី​២៥​ខែមិថុនា ថា គម្រោង​វិនិយោគ​នេះ ជាការ​ប្រតិបត្តិ​ពាណិជ្ជកម្ម​ច្នៃប្រឌិត​ថ្មី​បែប​អន្តរជាតិ​គ្រប់​ជ្រុង​ជ្រាយ​រវាង​រដ្ឋាភិបាល​ចិន​-​កម្ពុជា ក្នុងការ​លើកកម្ពស់​ស​ម​ត្ថ​ភាព​ធ្វើ​អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​អចលនទ្រព្យ សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​។​
 
​ក្រុមហ៊ុន​ចិន​ទាំងនេះ រួមមាន ក្រុមហ៊ុន CITS, ក្រុមហ៊ុន​យិះ​ចៀ ធូ​រី​ហ្សឹ​ម ឌី​វេឡុ​ប​មេន និង​ក្រុមហ៊ុន East Union Silk Road  ដែល​នឹង​ត្រៀម​បោះទុន​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​វិនិយោគ​មួយ​នេះ​។​
 
​គួរ​បញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​នៅពេលនេះ ធ្វើឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​គ្រោង​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ឲ្យ​មក​កម្សាន្ត​នៅ​កម្ពុជា ក្នុង​ចំនួន​ប្រមាណ ២​លាន​នាក់​នៅ​ឆ្នាំ​២០២០​ខា​មុខ​។ 
 
​បើតាម​របាយការណ៍​ក្រសួងទេសចរណ៍ បង្ហាញថា ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​ស្រូប​បាន​ភ្ញៀវទេសចរ​ចិន​ប្រមាណ ៧០​ម៉ឺន​នាក់ ដោយ​ឈរ​នៅ​លេខ​រៀង​ទី​២ បន្ទាប់ពី​ភ្ញៀវ​វៀតណាម​។ 
​ដោយឡែក​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៦ ភ្ញៀវទេសចរ​ចិន​នៅ​កម្ពុ​ជាមាន​ប្រមាណ ២៧,៥​ម៉ឺន​នាក់ កើនឡើង ១៣.៦​ភាគរយ​រយ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៥ ៕

Tag:
 ឆ្នេរ​មាស​ឆ្នេរ​ប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com