កីឡាជាតិ
ជាតិ
បញ្ហា​ថវិកា និង​ការគាំទ្រ​ជំរុញ​ឲ្យ​ក្លិប​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ​សី​ប៉ាក់​តា​ក្រ​ថយចុះ​
29, Jun 2016 , 8:39 am        
រូបភាព
ដោយ:
 
​ប្រធាន​សហព័ន្ធ​កីឡា​សី​ប៉ា​ក់តា​ក្រ​បាន​អះអាងថា បញ្ហា​ថវិកា និង​ការខ្វះ​ការគាំទ្រ​បាន​ជំរុញ​ឲ្យ​ការប្រកួត​កីឡា​សី​ប៉ា​ក់តា​ក្រ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​មានការ​ថយចុះ​នូវ​ក្លិប​ចូលរួម ប៉ុន្តែ​អត្ត​ព​លិ​កមាន​ការកើនឡើង​ជាង​ឆ្នាំមុន​។ ការប្រកួត​កីឡា​សី​ប៉ា​ក់តា​ក្រ​ឆ្នាំនេះ​ប្រព្រឹត្តទៅ​រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​៣០ ខែមិថុនា ដោយមាន​ក្លិប​ចំនួន​១៥ និង​កីឡាករ​៤០២​នាក់​ចូលរួម​។  

 
​បញ្ហា​ថវិកា និង​ការខ្វះ​ការគាំទ្រ​បាន​បង្ខំ​ឲ្យ​ក្លិប​-​សមាគម​ដែល​ធ្វើ​ធ្លាប់​ចូលរួម​ឆ្នាំមុន​អវត្តមាន​នៃ​ការចូលរួម ការប្រកួត​កីឡា​សី​ប៉ា​ក់តា​ក្រ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ មានការ​ថយចុះ​ចំនួន​៥​ក្លិប​។ ទោះបីជា​យ៉ាងនេះ​ក្តី​ចំនួន​អត្ត​ព​លិ​កមាន​ការកើនឡើង​ជាង​១០​នាក់​។ ប៉ុន្តែ​បើ​គិត​ជា​ចំនួន​ក្លិប​ចូលរួម​ឆ្នាំនេះ​មានការ​ថយចុះ​តែ​៣​ប៉ុណ្ណោះ ពោលគឺ​ឆ្នាំនេះ​មាន​ក្លិប​ចំនួន​១៥​ចូលរួម ខណៈ​ឆ្នាំមុន​មាន​១៨​ក្លិប​ចូលរួម​។ 
 
​លោក មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​សី​ប៉ា​ក់តា​ក្រ​បាន​បញ្ជាក់ថា​៖«​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​មានការ​កើនឡើង​ចំនួន​កីឡាករ ប៉ុន្តែ​ក្លិប​មានការ​ថយចុះ មូលហេតុ​គ្មាន​ថវិកា​ចូលរួម​។ ឆ្នាំមុន​យើង​បាន​១៨​ក្រុម ប៉ុន្តែ​កីឡាករ​បានតែ ៣៩០​នាក់​ទេ ដោយឡែក​ឆ្នាំនេះ​មាន​១៥​ក្លិប តែមាន​កីឡាករ​រហូតដល់​៤០២​នាក់ មានន័យថា​កើនឡើង​ចំនួន​១២​នាក់​ទាំង​វ័យក្មេង និង​ពេញវ័យ​»​។ 
 
​ពាក់ពាន់​ទៅនឹង​ការថយចុះ​នៃ​ចំនួន​ក្លិប​នេះ​ត្រូវបាន លោក​ប្រធាន​សហព័ន្ធ​រូបនេះ​បាន​ឲ្យ​ដឹងថា ដោយសារតែ​ក្លិប​ទាំង​នោះបាន​បង្កើតឡើង​ហើយ ប៉ុន្តែ​គ្មាន​ការជួយ​គាំទ្រ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ម្យ៉ាងទៀត​ដោយសារ​ក្លិប​ទាំង​ថវិការ​ក្នុងការ​ចូលរួម​។ ហើយ​ក្លិប​ដែល​ចូលរួម​ឆ្នាំមុន​អវត្តមាន​ចំនួន​៥​ក្លិប ប៉ុន្តែ​ឆ្នាំនេះ​មាន​ក្លិប​ចំណូល​ថ្មី​ចូលរួម​ចំនួន​២​ក្លិប ពោល​គឺមាន​ថយចុះ​ចំនួន​ពីរ​ក្លិប​។ 
 
​ជាមួយគ្នានេះ​លោក ទូច សុភៈ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សី​ប៉ាក់​តា​ក្រ​បាន​គាំទ្រ​ការយល់ឃើញ​របស់ លោក​មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​សី​ប៉ា​ក់តា​ក្រ​ដែល​លោក​លើកឡើងថា ការ​អត្ត​វត្តមាន​នៃ​ការចូលរួម​ប្រកួត​កីឡា​សី​ប៉ា​ក់តា​ក្រ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ដោយសារ​ការខ្វះ​ថវិកា និង​ការគាំទ្រ​។ ប៉ុន្តែ​អគ្គលេខាធិការ​សហព័ន្ធ​រូបនេះ​បាន​បន្ថែម​លើ​នេះ​ថា ការ​អវត្តមាន​នេះ​អាច​បណ្តាលមកពី​ភាពយឺតយ៉ាវ​នៃ​ការ​ដំណឹង​របស់​សហព័ន្ធ​ទៅកាន់​បណ្តា​ក្លិប​ទាំងនោះ ម្យ៉ាងទៀត​ដោយសារ​កត្តា​កីឡាករ​ក្នុងការ​ចូលរួម​។ 
 
​លោក​បាន​បញ្ជាក់ថា​៖«​ការ​អវត្តមាន​របស់​ក្លិប​ទាំងនោះ​អាច​បណ្តាលមកពី​ការជូនដំណឹង​របស់​យើង​មានការ​យឺតយ៉ាវ​ឬមួយ​យ៉ាងណា​នោះទេ ប៉ុន្តែ​ខ្ញុំ​គិតថា​មួយទៀត​ប្រហែលជា​គេ​ប្រមូល​កីឡា​មកលេង​មិនបាន​។ ហើយ​ក្លិប​ដែល​អវត្តមាន​ឆ្នាំនេះ​មានដូចជា ក្លិប​ផ្សារ​ធំថ្មី ក្លិប DN ក្លិប​ទឹកល្អក់ ក្លិប​គ្រូបង្រៀន TSH និង សមាគម​សី​ប៉ាក់​តា​ក្រ ខេត្តកណ្តាល​»​។ 
 
​អគ្គលេខាធិការ​សហព័ន្ធ​សី​ប៉ាក់​តា​ក្រ​រូបនេះ ហាក់ដូចជា​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​អវត្តមាន​នេះ ដោយសារ​វា​អាចធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការ​កំណែទម្រង់​វិស័យ​កីឡា​សី​ប៉ាក​តា​ក្រ​ឲ្យ​មានការ​រីកចម្រើន តាម​អ្វីដែល​ក្រសួង​បានកំណត់​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះដែរ ក្នុងឆ្នាំនេះ​សហព័ន្ធ​កីឡា​សី​ប៉ាក់​តា​ក្រ​នឹងធ្វើ​ការចុះទៅ​បំផុស​វិស័យ​កីឡា​នេះ​តាម​បណ្តា​សាលា​នានា ជាពិសេស​សាលា​ដែល​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​សិស្ស​ទាំងនោះ​នាំគ្នា​មកលេង​កីឡា​នេះ​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះដែរ លោក មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​សី​ប៉ា​ក់តា​ក្រ កំពុង​រៀបចំ​ឯកសារ​គ្រោង​ដាក់​វិស័យ​កីឡា​នេះ​ទៅក្នុង​កម្មវិធីសិក្សា​រប​ស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ព្រោះ​លោក​គិតថា សាលារៀន​ជា​ប្រភព​ថ្នាល​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​នេះ​ឲ្យ​មានការ​រីកចម្រើន ជាពិសេស​ដើម្បី​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​៕    
 
 
 

Tag:
 សី​ប៉ា​ក់តា​ក្រ​
  ជើងឯក​ថ្នាក់ជាតិ ២០១៦
  មាស សារិន
© រក្សាសិទ្ធិដោយ thmeythmey.com