អន្តរជាតិ
ប្រធានគណៈកម្មការអឺរ៉ុប៖ គ្មានការចរចាសម្ងាត់ ជាមួយចក្រភពអង់គ្លេសទេ
× ប្រធានគណៈកម្មការអឺរ៉ុប បានចេញបម្រាម មិនឲ្យមានការចរចាណាមួយ ជាមួយចក្រភពអង់គ្លេសនោះទេ ប្រសិនបើអង់គ្លេស មិនព្រមអនុវត្តតាមមាត្រា៥០ នៃសន្ធិសញ្ញា Lisbon ទេនោះ។ ទន្ទឹមនឹងនេះ សភាអឺរ៉ុប ក៏បានអនុម័តលើសេចក្ដីសម្រេចមួយស្នើឲ្យអង់គ្លេស ចាប់ផ្ដើមដំណើការចាកចេញឲ្យបានលឿនផងដែរ។
សូមស្ដាប់ព័ត៌មានលម្អិត៖
ថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាប់សភាអឺរ៉ុប លោក ហ្សង់-ក្លូដ ចាំងកឺ ប្រធានគណៈកម្មការអឺរ៉ុប និយាយថា ចក្រភពអង់គ្លេសមិនមានពេលរាប់ខែ ក្នុងការធ្វើតាមមាត្រា៥០ នៃសន្ធិសញ្ញា Lisbon ដើម្បីឈានដល់ការចរចានោះទេ។ ជាមួយគ្នានេះ លោក ចាំងកឺ ក៏បានហាមប្រាម ការចរចាសម្ងាត់លើបញ្ហាណាមួយ ជាមួយចក្រភពអង់គ្លេសដែរ លុះត្រាតែអង់គ្លេស ប្រកាសចាកចេញជាផ្លូវការសិន។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក ដេវីដ ខេមេរ៉ូន ដែលប្រកាសលាលែងពីតំណែងនោះ បាននិយាយហើយថា លោកនឹងទុកបញ្ហានេះ ឲ្យអ្នកស្នងតំណែងរបស់លោក ជាអ្នកសម្រេចចិត្តលើដំណើការចាកចេញពីអឺរ៉ុប។ ចំពោះរឿងនេះ លោក ចាំងកឺ បញ្ជាក់ថា ប្រសិនបើអ្នកដែលគាំទ្រការបន្តជាសមាជិកសហភាពអឺរ៉ុប ធ្វើជានាយករដ្ឋមន្ត្រី ដំណើការនេះ ត្រូវធ្វើក្នុងពេលពីរសប្ដាហ៍ ប៉ុន្តែបើអ្នកគាំទ្រការចាកចេញ ជាអ្នកស្នងតំណែងលោក ខេមេរ៉ូន នោះការអនុវត្តតាមមាត្រា៥០ ត្រូវតែមួយថ្ងៃប៉ុណ្ណោះ ក្រោយចូលកាន់តំណែង។
ប្រធានគណៈកម្មាការរូបនេះ ក៏បានប្រាប់អង់គ្លេសថា មិនត្រូវខ្ជះខ្ជាយពេលវេលាទៀតឡើយ។ លោកបន្ថែមថា បើមិនធ្វើតាមមាត្រា៥០ នៃសន្ធិសញ្ញា Lisbon ទេ ក៏គ្មានការចរចាអ្វីដែរ។ ការលើកឡើងបែបនេះ ជាការបន្ថែមទម្ងន់ដល់សំដីលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel ដែលនិយាយថា គ្មានការចរចា ទាំងផ្លូវការ និងមិនផ្លូវការជាមួយចក្រភពអង់គ្លេសទេ បើគ្មានការដាក់ពាក្យសុំចេញពីអឺរ៉ុបជាផ្លូវការនោះ។
សារព័ត៌មាន BBC បានផ្សាយថា លោកនាយករដ្ឋមន្ត្រី ខេមេរ៉ូន ដែលទៅដល់ទីក្រុងព្រុចសែល នៅថ្ងៃទី២៨ ខែមិថុនា បានពន្យល់ពីលទ្ធផលនៃប្រជាមតិ ទៅកាន់មេដឹកនាំអឺរ៉ុបទាំង២៧ ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាអឺរ៉ុប។ លោក បានប្រាប់អ្នករាយការណ៍ព័ត៌មានទៀតថា លទ្ធផលនៃការសម្រេចចិត្តនេះ ត្រូវបានគោរព បើទោះជាមានការសោកស្ដាយចំពោះលទ្ធផលក៏ដោយ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ក៏បានឆ្លើយតប នឹងការទាមទាររបស់សហភាពអឺរ៉ុប ដែលចង់ឲ្យអង់គ្លេស ចាកចេញឲ្យបានឆាប់។ លោកបកស្រាយថា ការងារនេះ ត្រូវការរយៈពេលយូរ ហើយវាគ្មានអ្វី ដែលត្រូវចាប់ផ្ដើមការចរចាភ្លាមៗដែរ។ លោក ខេមេរ៉ូន បានលើកឡើងពីការសេរីភាពនៃការធ្វើដំណើរ ដែលជាចំណុចសំខាន់ ក្នុងទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ព្រោះលោកចង់ឲ្យសហភាពអឺរ៉ុប កែទម្រង់លើបញ្ហានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com