អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Sanofi បានរៀបចំ​កម្មវិធី​” ម្តាយ​របស់ខ្ញុំ កូន​របស់ខ្ញុំ​លើក​ទី​២ ”
29, Jun 2016 , 3:34 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​ឱសថស្ថាន សាណូ​ហ្វី​កម្ពុជា (Sanofi Cambodia) បានរៀបចំ​កម្មវិធី ” ម្តាយ​របស់ខ្ញុំ កូន​របស់ខ្ញុំ​លើក​ទី​២ ”( My mom , My kid )  ដោយមាន​ការចូលរួម​ពី​សំណាក់​ឪពុកម្តាយ​ប្រមាណ ៣០០​នាក់ នៅ​មជ្ឈមណ្ឌល​កម្សាន្ត Kid City កាលពី​ថ្ងៃទី ២៦ ខែមិថុនា ឆ្នា​២០១៦​។ កម្មវិធី​នេះ​អប់រំ​ផ្នែក​អាហារូបត្ថម្ភ និង​សារធាតុ​បំប៉ន​ទាក់ទង​នឹង​ការចិញ្ចឹម​បីបាច់ ថែរក្សា​កូនៗ​ឲ្យ​មាន​សុខភាព​ឆ្អឹង​រឹងមាំ ជាពិសេស​គឺ​តម្រូវការ​ជីវជាតិ​កាល់ស្យូម​។

​កម្មវិធី​អប់រំ​ផ្នែក​អាហារូបត្ថម្ភ​នេះ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កុមារ Kids City រាជធានី​ភ្នំពេញ ដោយ មានកម្ម​វិធី​កំសាន្ត​ផ្សេងៗ​សម្រាប់​កុមារ និង​កម្មវិធី​សំណួរចម្លើយ​ទាក់ទង​នឹង​ចំណេះដឹង​អំពី​ការចិញ្ចឹម បីបាច់​ថែរក្សា​កូន ជាមួយ​អ្នកឯកទេស​ផ្នែក​អាហារូបត្ថម្ភ​។ នៅក្នុង​កម្មវិធី​នេះ​ផងដែរ ឪពុកម្តាយ​ដែល​ចូលរួមបាន​ស្វែងយល់​កាន់តែច្បាស់​ពី​អត្ថប្រយោជន៍ និង​ភាពចាំបាច់​ក្នុងការ​ផ្តល់នូវ​អាហារ​ដែលមាន សារធាតុ​សំខាន់​គ្រប់គ្រាន់​ជាពិសេស​សារធាតុ​កាល់ស្យូម​ដែលមាន​តួនាទី​សំខាន់​ក្នុងការ​លូតលាស់​ឆ្អឹង​របស់​កូនៗ​តាំងពី​ការចាប់​កំណើត​រហូតដល់​១០០០​ថ្ងៃ​ដំបូង​នៃ​ជីវិត​។​



​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា អ្នកស្រី ម៉ី​ញ បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី​នេះ​ថា​៖ “​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​ដែលជា​សាខា​នៃ​ក្រុមហ៊ុន​ថែទាំ​សុខភាព​សកល​បាន​យកចិត្តទុកដាក់​យ៉ាងខ្ពស់ ទៅលើ​អតិថិជន បុគ្គលិក និង​ជាពិសេស​នោះ​ប្រជាជន​ដែល​ពឹង​ផ្អែកលើ​ឱសថ​ជាប្រចាំ​។ ជាក់ស្តែង​ការ រៀបចំ​កម្មវិធី​”​ម្តាយ​របស់ខ្ញុំ កូន​របស់ខ្ញុំ​” លើក​ទី​២​នេះ​ឡើង​គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង​ដល់​មាតាបិតា​អំពី​សារៈសំខាន់​នៃ​ជីវជាតិ​កាល់ស្យូម​ចំពោះ​ការលូតលាស់​របស់​បុត្រ​ធីតា​ពួកគាត់​និង​ដឹង​អំពី​វិធីសាស្ត្រ​ក្នុងការ ជ្រើសរើស​អាហារូបត្ថម្ភ និង​សារធាតុ​បំប៉ន​ដែល​ត្រឹមត្រូវ​។​”

​អ្នក​ម្តាយ​មួយរូប ដែលមាន​កូនប្រុស​១​នាក់​អាយុ​១០​ខែ​បានមក​ចូលរួម​ក្នុង​កម្មវិធី ”​ម្តាយ​របស់ខ្ញុំ កូន​របស់ខ្ញុំ​”​លើកឡើងថា​៖ “​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ខ្ញុំ​បានមក​ចូលរួម​កម្មវិធី​អប់រំ​អំពី​ចំណេះដឹង​សុខភាព ជាពិសេស​បានដឹង​អំពី​សារៈសំខាន់​នៃ​ការផ្តល់​សារធាតុ​កាល់ស្យូម​ដល់​កូនៗ​។ ពីមុន​ខ្ញុំ​មិនសូវ​បានដឹង​អំពី​គុណប្រយោជន៍​ជាច្រើន​នៃ​សារធាតុ​កាល់ស្យូម​នោះទេ​។ ពីថ្ងៃ​នេះ​ទៅ ខ្ញុំ​នឹង​ផ្តល់​ជាតិ​កាល់ស្យូម​ដល់​កូនប្រុស​ខ្ញុំ​ជាប្រចាំ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​លូតលាស់​ឆ្អឹង​បានល្អ​។​”

​យោងតាម​ស្ថិតិ​ឆ្នាំ​២០១៣​របស់​អង្គការ​United NationsChildren’s Fund បាន​ឲ្យ​ដឹងថា​ក្នុងចំណោម​កុមារ​៤​នាក់​នៅក្នុង​ពិភពលោក​មាន​ម្នាក់​លូតលាស់​មិន​ប្រក្រតី​។ លើសពីនេះ ផ្អែកលើ​ទិន្នន័យ​របស់​ការអង្កេត​ផ្នែក​សុខភាព និង​ប្រជាសាស្ត្រ​កម្ពុជា​(CDHS)​ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹងថា​៣២%​នៃ​កុមារ​កម្ពុជា​ដែលមាន​អាយុ​ក្រោម​៥​ឆ្នាំមាន​បញ្ហា​កម្ពស់​មិន​ស្រប​នឹង​វ័យ​(​ក្រិន​)​។​

​លោក​វេជ្ជបណ្ឌិត ផៃ ណា​រិ​ទ្ធិ សាស្ត្រាចារ្យ​ឯកទេស​រោគ​កុមារ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បកស្រាយ​ពី​អត្ថប្រយោជន៍​នៃ​កាល់ស្យូម​ថា​៖ “​ពលរដ្ឋ​កម្ពុជា​មួយចំនួន​មានការ​យល់ដឹង និង​មានការ​យកចិត្តទុកដាក់​តិចតួច​ចំពោះ​ផលប្រយោជន៍​នៃ​ជីវជាតិ​កាល់ស្យូម​សម្រាប់​កូន​របស់​ពួកគាត់​។ កាល់ស្យូម​គឺជា​សារធាតុ​រ៉ែ​ដែល​សំខាន់​សម្រាប់​ការកសាង​ឆ្អឹង​និង​ធ្មេញ​ឲ្យ​រឹងមាំ​អំឡុងពេល​កុមារភាព​និង​វ័យ​ជំទង់​។ កាល់ស្យូម​មាន​តួនាទី​ធ្វើ​ឲ្យ​បេះដូង​កន្ដ្រាក់​បានល្អ​។ កុមារ​វ័យក្មេង​និង​ទារក ដែល​មិន​បានទទួល​ជាតិ​កាល់ស្យូម​និង​វីតាមីន​ដេ​គ្រប់គ្រាន់​អាចមាន​ការកើនឡើង​ហានិភ័យ​ខ្ពស់​ចំពោះ​ជំងឺ​ក្រិស​។ ជំងឺ​ក្រិស​ស្តែងឡើង​ដោយមាន​ភាពមិនប្រក្រតី​នៃ​ការរីកលូតលាស់​ឆ្អឹង​ហើយ​មាន​រោគសញ្ញា​មួយចំនួន​ដូចជា ឆ្អឹង​ទន់​ហើយ​ខ្សោយ ខូច​ទ្រង់ទ្រាយ​ឆ្អឹង​(​ក្បាលជង្គង់​ងាក​ចូលគ្នា ឬ​ជើង​កោង​) ការលូតលាស់​យឺត​ហើយ​ពេលខ្លះ​មាន​ការឈឺ​សាច់ដុំ និង​សាច់ដុំ​ខ្សោយ​។​”

​យោងតាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹងថា​អំឡុងពេល​៣​ខែ​ចុងក្រោយ​នៃ​គភ៌​ទារក​នៅក្នុង​ផ្ទៃ​កំពុង​លូតលាស់​ឆ្អឹង​។ ក្នុងពេលនោះ​ទារក​ពិតជា​ចាំបាច់​ក្នុងការ​ទាមទារ​នូវ​ជាតិ​កាល់ស្យូម​ពី​ម្តាយ​របស់ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ឆ្អឹង​លូតលាស់ ធ្វើ​ឲ្យ​បេះដូង សរសៃប្រសាទ និង​សាច់ដុំ​មាន​សុខ​ភាពល្អ​។ លើសពីនេះ​ទៀត​កាល់ស្យូម​ជួយ​ឲ្យ​ចង្វាក់បេះដូង​ទារក​ដំណើរការ​ធម្មតា និង​មានលទ្ធភាព​ក្នុងការ​ធ្វើ​កំណក​ឈាម​។​

​ការទទួល​ទាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ជាប្រចាំ ក្នុងអំឡុងពេល​កុមារភាព​គឺជា​រឿង​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​នៃ​ឆ្អឹង​ឲ្យ​លូតលាស់​ជា​អតិបរមា​។ នៅពេល​កុមារភាព​ទទួលបាន​សារធាតុ​បំប៉ន​កាល់ស្យូម ការហាត់​ប្រាណ​គ្រប់គ្រាន់ និង​វីតាមីន​ដេ គឺជា​ការចាំបាច់​សម្រាប់​ការឆ្លើយ​ទៅនឹង​ការលូតលាស់​ជា​អតិបរមា​។ កំឡុងពេល​កុមារភាព និង​វ័យ​ជំទង់​ពួកគេ​អាច​ចាប់ផ្តើម​ជីវិត​វ័យ​ជំទង់​របស់​ពួកគេ​បាន​ជាមួយ​ឆ្អឹង​ដ៏​រឹងមាំ និង​សុខ​ភាពល្អ​។​



​លោកស្រី វេជ្ជបណ្ឌិត​លឹម សុជាតិ អ្នកឯកទេស​ខាង​អាហារូបត្ថម្ភ​បាន​ពន្យល់ថា​៖ “​ដើម្បី​ការលូតលាស់​ឆ្អឹង​ដ៏​រឹងមាំ​មាតាបិតា​អាច​ផ្តល់​អាហារ​បំប៉ន​សារធាតុ​កាល់ស្យូម​ដល់​កុមារ ឬ​ឲ្យ​ពួកគេ​បរិភោគ​អាហារ​ដែល​សម្បូរ​ដោយ​កាល់ស្យូម​ព្រមទាំង​វីតាមីន​ដេ​ដូចជា​៖​ទឹក​សណ្តែក គ្រាប់​កៅឡាក់ នំប៉័ង ត្រី​សាល់​មុន និង បន្លែ​ពណ៌​បៃតងចាស់​។​ល​។​

​តម្រូវការ​កាល់ស្យូម​ជា​មធ្យម (​មី​លី​ក្រាម​/​ថ្ងៃ​) សម្រាប់​កុមារ​តាម​អាយុ​
​អាយុ​          ​០-៦ ខែ​    ​៧-១២ ខែ​    ​១-៣ ឆ្នាំ​    ​៤-៨ ឆ្នាំ​    ​៩-១៣ ឆ្នាំ​    ​១៤-១៨ ឆ្នាំ​
(​មក្រ​/​ថ្ងៃ​)​    ​២០០​    ​     ២៦០​          ​៧០០​    ​  ១០០០​    ​ ១៣០០​    ​    ១៣០០

​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​នឹង​ប្រារព្ធ​ធ្វើ​កម្មវិធី «​ម្តាយ​របស់ខ្ញុំ កូន​របស់ខ្ញុំ​» នឹងធ្វើ​ឡើង​ចំនួន​១២​ដង​នៅ​រាជធានី​ភ្នំពេញ​៦​ដង នៅ​មជ្ឈមណ្ឌល​កំសាន្ត​កុមារ​(Kids City) និង​៦​ដង​ទៀត​នៅ​ខេត្តបាត់ដំបង កំពង់ចាម និង​សៀមរាប ហើយ​រំពឹងថា​នឹងមាន​អ្នកចូលរួម​ចំនួន​១៥០០​នាក់​៕

​តើ​អ្នក​ប្រាកដ​ទេ​ថា​កូន​អ្នក​ញុំ​ា​សារធាតុ​កាល់ស្យូម​គ្រប់គ្រាន់​?

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com