ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល អន្តរាគមន៍​លើ​បញ្ហា​ស្រូវ​អង្ករ​
29, Jun 2016 , 3:50 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល សម្រេច​បញ្ចេញ​កញ្ចប់​ថ​វិកា ២០ ទៅ​៣០​លាន​ដុល្លារ  និង​ចាត់វិធានការ​រឹតបន្តឹង​ការនាំ​អង្ករ​ចូល ដើម្បី​សង្គ្រោះ​វិស័យ​មួយ​នេះ​។​



​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដឹកនាំ​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន បាន​ជួបប្រជុំ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) នៅ​ថ្ងៃទី​២៧​ខែមិថុនា ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ឧស្សាហកម្ម​ស្រូវ​អង្ករ​។​

​យោងតាម​សេចក្តីប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ CRF ក្រសួង​សេដ្ឋកិច្ច សម្រេច​ផ្តល់​កញ្ចប់​ថវិកា ២០ ទៅ ៣០​លាន​ដុល្លារ​ដល់​វិស័យ​ឯកជន​ក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ សម្រាប់​រដូវ​ប្រមូល​ផល​ឆ្នាំនេះ​។ សេចក្តីប្រកាស​បញ្ជាក់ថា CRF នឹងធ្វើ​ផែនការ​លម្អិត​អំពី​នីតិវិធី​កម្ចី ដើម្បី​ធានា​ការសង​ត្រឡប់​ថវិកា​ទាំងនោះ​ដល់​រដ្ឋ​វិញ​។​

​ជាមួយគ្នានេះ ក្រសួង​សេដ្ឋកិច្ច ក៏បាន​ចេញ​វិធានការ​តម្រូវ​ឲ្យ​នាំចូល​តែ​អង្ករ​មានតម្លៃ​ចាប់ពី ៣០០​ដុល្លារ ដល់ ៦០០​ដុល្លារ​ក្នុង​១​តោន​។ នេះ​បើតាម​សេចក្តីប្រកាស​របស់ CRF ។​

​លោក មូល សារិទ្ធ អគ្គលេខាធិការ CRF ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ថា ចំណាត់ការ​របស់​ក្រសួង​សេដ្ឋកិច្ច​នៅពេលនេះ នឹង​ជួយ​បាន​ច្រើន​ដល់​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា​។ លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖«​បើ​កំណត់​ឲ្យ​នាំ​តែ​អង្ករ​ចូល​មានតម្លៃ​អប្បបរមា​ចាប់ពី ៣០០​រយ​ដុល្លារ​ក្នុង​១​តោន បូករួម​ការយកពន្ធ ១៧​ភាគរយ ហើយ​ត្រូវ​ចំណាយ​ថ្លៃ​ដឹកជញ្ជូន​ទៀត នោះ​អង្ករ​នាំចូល​មានតម្លៃ​ប្រហាក់ប្រហែល​អង្ករ​ក្នុងស្រុក​ហើយ​។ យើង​អាច​ប្រកួតប្រជែង​ជាមួយ​អង្ករ​នាំចូល​បាន​»​។

​បើតាម​លោក សារិទ្ធ អង្ករ​នាំចូល​ពី​ប្រទេស​វៀតណាម​ក្នុងពេល​កន្លងទៅ មានតម្លៃ​ចាប់ពី ២០០​រយ​ដុល្លា ទៅ ៣០០​ដុល្លារ​ក្នុង​១​តោន ដែល​ទាប​ជាង​តម្លៃ​អង្ករ​ក្នុងស្រុក​។​

​អគ្គលេខាធិការ CRF  រូបនេះ ឲ្យ​ដឹង​ទៀតថា កញ្ចប់​ថវិកា​ពី ២០​លាន​ដុល្លារ ទៅ​៣០​លាន​ដុល្លារ​នេះ នឹង​ជួយ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងការ​ប្រមូល​ទិញស្រូវ​ពី​កសិករ​បាន​ប្រមាណ​ជា ១០​ម៉ឺន​តោន​បន្ថែមទៀត ដែល​នឹង​ជួយ​បង្កើន​ទំហំ​នាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​។​

​ដើម្បី​គ្រប់គ្រង​ការនាំ​អង្ករ​ចូល និង​ធានា​គុណភាព​អង្ករ CRF ក៏បាន​ស្នើ​ដល់​ក្រសួងពាណិជ្ជកម្ម អំពី​ការតម្រូវ​ឲ្យ​ដាក់​ស្លាក​ពាណិជ្ជសញ្ញា​លើ​ការុង​វេច​ខ្ចប់​អង្ករ មុននឹង​អញ្ញាត​ឲ្យ​នាំចូល​។ នេះ​បើតាម​លោក មូល សារិទ្ធ​។

​កាលពី​ខែមីនា​កន្លងទៅ CRF ធ្លាប់​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​ចាត់វិធានការ​បន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ចម្បង​ចំនួន​ពីរ​ក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ​ក្នុងស្រុក គឺ​បញ្ហា​កង្វះ​ថវិកា​របស់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងការ​ប្រមូល​ទិញស្រូវ រហូតដល់​ដំណើរការ​នាំចេញ​។ និង​បញ្ហា​មួយទៀត គឺ​ការហូរចូល​អង្ករ​ពី​ប្រទេសជិតខាង​៕


Tag:
 ស្រូវ​អង្ករ​
  មូល សា​រិ​ទ្ធិ​
© រក្សាសិទ្ធិដោយ thmeythmey.com